អាចធ្វើអីចឹងបាន នឹងរកការងារបានភ្លែតក្រោយរៀនចប់!
- 2014-09-16 16:00:34
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អាចធ្វើអីចឹងបាន នឹងរកការងារបានភ្លែតក្រោយរៀនចប់!
ចន្លោះមិនឃើញ
អតីត និស្សិតនៅសកលវិទ្យាល័យមួយក្នុងរាជធានីភ្នំពេញ ឈ្មោះ សុភា បានបញ្ចប់ការសិក្សាតាំងពីខែមិថុនា ឆ្នាំ២០១៣ម្ល៉េះ តែទើបទទួលបានការងារធ្វើនៅខែកុម្ភៈ ឆ្នាំ២០១៤នេះទេ។ លោកយល់ថា បញ្ហារកការងារមិនបានធ្វើអស់រយៈពេលជាច្រើនខែ គឺដោយសាររវល់តែរៀនក្នុងសាលា អត់ស្វែងរកបទពិសោធន៍ការងារនៅខាងក្រៅសោះ។
សុភា បាននិយាយទាំងខូចចិត្តថា៖ “ខ្ញុំស្ដាយណាស់! កាលពេលនៅរៀន អត់បានទៅរកការងារធ្វើនៅតាមក្រុមហ៊ុន ឬអង្គការណាទេ ព្រោះតែរវល់រៀន។ ដល់ពេលរៀនចប់ អត់មានបទពិសោធន៍ការងារ ពិតជាពិបាករកការងារធ្វើមែនទែន”។
រូបភាពផ្ដល់សិទ្ធិដោយ AFP
ករណី សុភា មិនខុសពីយុវជនកម្ពុជាជាច្រើនទៀតទេ គឺមិនអាចរកការងារបានធ្វើ ដោយសារមានតែសញ្ញាប័ត្រ តែខ្វះបទពិសោធន៍ការងារ។ យុវជនកម្ពុជាខ្លះបែរជាទៅធ្វើការងារខុសជំនាញទៅវិញ ព្រោះមិនអាចរកការងារត្រូវជំនាញធ្វើបាន ដោយសារខ្វះបទពិសោធន៍។
ជំនួយការផ្នែកគណនេយ្យនៅស្ថានីយវិទ្យុទន្លេ FM ១០២.៥ កញ្ញា សំ វ៉ុន ដែលប្រឹងរកការងារធ្វើ យ៉ាងសស្រាក់សស្រាំពេលកំពុងរៀន បានឲ្យយោបល់ថា និស្សិតត្រូវតែរៀនផង រកការងារធ្វើផង មិនគួរបណ្ដោយឲ្យរៀនចប់ ទើបរកការងារធ្វើនោះទេ។
អានអត្ថបទ៖ វ័យក្មេងសោះ ! រៀនអនុបណ្ឌិតនៅជប៉ុន ប្រាប់គន្លឹះទទួលបានអាហារូបករណ៍
កញ្ញា សំ វ៉ុន បញ្ជាក់ថា៖ “កន្លែងធ្វើការខ្លះទាមទារណាស់រឿងបទពិសោធន៍ការងារ។ រវាងអ្នកធ្លាប់មាន និងអ្នកអត់មានបទពិសោធន៍ការងារ គេយកអ្នកមានបទពិសោធន៍ការងារហើយ ហើយអ្នកមានបទពិសោធន៍ការងារ អាចនឹងធ្វើការបានល្អជាងអ្នកដែលគ្រាន់តែបញ្ចប់ការសិក្សា តែមិនមានបទពិសោធន៍ការងារនៅកន្លែងណាសោះ”។
រូបភាពផ្ដល់សិទ្ធិដោយ AFP
តែលោក សេង សុខទ្រី អាយុ២៣ឆ្នាំ បុគ្គលិកក្រុមហ៊ុនទេសចរណ៍ Koung Thy បែរជាយល់ថា បើរៀនបណ្ដើរ រកការងារធ្វើបណ្ដើរ អាចនឹងប៉ះពាក់ដល់ការរៀនសូត្ររបស់ខ្លួន។
“យើងគួរតែប្រឹង រៀនសិន ព្រោះការងារអាចប៉ះពាល់ខ្លាំងដល់ការសិក្សា”។ សុខទ្រី បញ្ជាក់ដូច្នេះ តែទោះបីយ៉ាងណា លោកក៏គាំទ្រដែរថា៖ “យើងអាចស្វែងរកការងារធ្វើពេលយើងរៀនឆ្នាំទី៣ ឬទី៤ ក៏វាមិនទាន់ហួសពេលដែរ”។
-អានអត្ថបទ៖ ធ្វើម៉េចខ្លះទើបឆាប់ឡើងតំណែង?
មន្ត្រីវិភាគគម្រោង UNDP កញ្ញា កែវ កល្យាណ ថ្លែងខណៈធ្វើជាវាគ្មិនក្នុង “ពិព័រណ៍មុខជំនាញ និងការងារ“ ឯវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា នាពេលកន្លងទៅថា ប្រព័ន្ធសិក្សានៅសាលាមិនអាចធ្វើឲ្យនិស្សិតទទួលបានបទពិសោធន៍ នោះទេ ដូច្នេះពួកគេគួរតែស្ម័គ្រចិត្តធ្វើការងារនៅក្នុងសង្គម ដោយចាប់ផ្ដើមពីការងារតូចទៅ ទើបធ្វើឲ្យគេមានឱកាសទទួលបានបទពិសោធន៍ពីការងារ។
យោង តាមលោក Amaury de Saint Blanquat ជាម្ចាស់ភាគហ៊ុន នៃក្រុមហ៊ុន Saint Blanquat & A. ដែលជាក្រុមហ៊ុនស្វែងរកបុគ្គលិក និងប្រឹក្សាវិស័យគ្រប់គ្រង មានមូលដ្ឋានក្នុងប្រទេសកម្ពុជា និងទូទាំងតំបន់អាស៊ីអាគ្នេយ៍ បានមានប្រសាសន៍ថា៖ ” យល់ល្អ និស្សិតទាំងអស់គួរតែធ្វើកម្មសិក្សា(Internship) ក្នុងអំឡុងពេលសិក្សា ព្រោះកម្មសិក្សានេះ ប្រៀបដូចជាការងារដំបូង ដែលអាចឲ្យនិស្សិតដកស្រង់បទពិសោធន៍ និងរៀនសូត្រតពីគេបាន ហើយភាគច្រើន បើនិយោជកពេញចិត្ត គេនឹងស្នើឲ្យនិស្សិតនោះក្លាយជាបុគ្គលិកបម្រើការងារបន្ទាប់ពីបញ្ចប់ការសិក្សា”។
លោក បន្ថែមថា៖ “និស្សិតទាំងអស់គួរតែមានបទពិសោធន៍ខ្លះតាមរយៈការចុះកម្មសិក្សា នេះ។ ក្រុមហ៊ុនរបស់យើងអាចនឹងមិនពិចារណាទៅលើពាក្យសុំការងាររបស់ និស្សិតដែលពុំមានបទពិសោធន៍ក្នុងការងារនោះ។ ប៉ុន្តែយើងនឹងធ្វើការពិចារណាទៅលើពាក្យសុំការងារណាដែលបង្ហាញពី ទេពកោសល្យការងារ និងបទពិសោធន៍ខ្លះៗរបស់និស្សិត តាមរយៈការធ្វើកម្មសិក្សារបស់ពួកគេ”៕
អត្ថបទ៖ លឹម សុនា