វ័យក្មេងសោះ ! រៀនអនុបណ្ឌិតនៅជប៉ុន ប្រាប់គន្លឹះទទួលបានអាហារូបករណ៍
- 2014-09-15 16:30:25
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
វ័យក្មេងសោះ ! រៀនអនុបណ្ឌិតនៅជប៉ុន ប្រាប់គន្លឹះទទួលបានអាហារូបករណ៍
ចន្លោះមិនឃើញ
ក្នុងចំណោមកូនខ្មែរជាច្រើននាក់ទៀត ដែលកំពុងសិក្សានៅប្រទេសជប៉ុន តាមរយៈកម្មវិធីអាហារូបករណ៍មួយ ដែលមានឈ្មោះថា MONBUKAGAKUSHO scholarship short cut: MEXT កញ្ញា ឌី វុទ្ធារ៉ា គឺជាបេក្ខជនអនុបណ្ឌិតមួយរូប កំពុងសិក្សាលើជំនាញ ព្រៃឈើនៅសាកលវិទ្យាល័យគ្យូស៊ូ នៃទីក្រុង Fukuoka ប្រទេសជប៉ុន ។ កញ្ញាបានរៀបរាប់ថា ដើមឡើយមិនមែនជាសិស្សពូកែផ្ដាច់គេនោះទេ។ ប៉ុន្តែ មានហេតុផលមួយចំនួន ដែលនាំឲ្យកញ្ញាអាចដណ្ដើមបាន អាហារូបករណ៍សិក្សាថ្នាក់អនុបណ្ឌិតនៅប្រទេសជប៉ុន។
សូមចុចអាន៖ កែវភ្នែកមជ្ឈដ្ឋានផ្សេងៗលើគេហទំព័រ Sabay
ជាកូនទោល នៅក្នុងគ្រួសារមួយ ក្នុងរាជធានីភ្នំពេញ ដែលមានម្ដាយជាវេជ្ជបណ្ឌិត ឪពុកជានាយទាហាន កញ្ញា បានស្វះស្វែងដាក់អាហារូបករណ៍ទៅបន្តការសិក្សានៅប្រទេសជប៉ុន កាលពីឆ្នាំ២០១៣ បន្ទាប់ពីចប់បរិញ្ញាបត្រផ្នែកបរិស្ថាននៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ កញ្ញាទទួលបានព័ត៌មានដំបូងពីមិត្តភ័ក្ដិ ដាក់ពាក្យសុំអាហារូបករណ៍ ដោយមិនតម្រូវឲ្យមានបទពិសោធន៍ការងារ និង ពិន្ទុភាសាអង់គ្លេស TOFLE និង IELT អ្វីទាំងអស់។ ក្រោយមករង់ចាំប្រលងតេស្តភាសា អង់គ្លេស និង ភាសាជប៉ុនជាជំហានដំបូង។
ឆ្លងផុតវគ្គតេស្តភាសាអង់គ្លេសដោយជោគជ័យ កញ្ញា ត្រូវសរសេរគម្រោងស្រាវជ្រាវ រួចហើយត្រូវសម្ភាសផ្ទាល់មាត់ និង ចុងក្រោយត្រូវរកសាលានៅប្រទេសជប៉ុន ដើម្បីទទួលលិខិតអនុញ្ញាត។ ដូច្នេះអ្វី ដែលត្រូវត្រៀមខ្លួននោះ គឺភាសា ព្រោះភាសា គឺជា កត្តាចាំបាច់បំផុត ដែលអាចឲ្យយើងឆ្លងផុតវគ្គទី១។ ក្នុងនោះទាំងភាសា អង់គ្លេស និង ភាសាជប៉ុន។ ចំណេះដឹងខាងភាសាជប៉ុនគឺចាំបាច់ដូចភាសាអង់គ្លេសដែរ ទាំងការសិក្សា និងការរស់នៅប្រចាំថ្ងៃ។ ម្យ៉ាងគម្រោងស្រាវជ្រាវត្រូវយល់ឲ្យបានច្បាស់ ព្រោះថា នៅពេល ដែលសម្ភាសផ្ទាល់មាត់ គណៈកម្មាធិការនឹងផ្ដោតខ្លាំងទាក់ទងនឹងគម្រោង ស្រាវជ្រាវ របស់យើង ដោយលើកយកចំណុចខ្សោយ រួចឲ្យរកវិធីសាស្ត្រដោះស្រាយ។
សូមចុចអាន៖ ធ្លាប់ប្រើស្រោមអនាម័យគ្រើមអត់? ល្បីថា ស្រោមប្រភេទនេះប្រឈមគ្រោះថ្នាក់ច្រើន
យុវតីវ័យ ២៦ ឆ្នាំរូបនេះ បានបន្ថែមទៀតថា ការមានទំនាក់ទំនងល្អ និងការស្គាល់សិស្សច្បង ដែលធ្លាប់បានអាហារូបករណ៍សិក្សានៅប្រទេសជប៉ុនឬប្រទេសដទៃគឺជាចំណុចចាំបាច់បំផុត ព្រោះយើងនឹងអាចសួរអ្នកទាំងនោះនូវបទពិសោធន៍សំខាន់ៗជាច្រើន។ ការត្រៀមទុកជាមុននូវគម្រោងស្រាវជ្រាវថ្នាក់អនុបណ្ឌិតគួរចាប់ផ្ដើម ក្នុងរយៈពេលកន្លះឆ្នាំ ឬមួយឆ្នាំ។ បន្ថែមលើនេះការស្លៀកពាក់សមរម្យពេលធ្វើសម្ភាស។ ការយល់ពីចំណុចសំខាន់នៃគម្រោងស្រាវជ្រាវ ចំណេះដឹងពីប្រទេសជប៉ុន និងមូលហេតុដែលយើងគិតថា ប្រទេសជប៉ុនជាប្រទេសអាចផ្ដល់ចំណេះដឹង ពាក់ព័ន្ធនឹងអ្វីដែលយើងចង់សិក្សា។
ការរំពឹងទទួលបានចំណេះដឹង និង បទពិសោធន៍ថ្មីៗ និង ល្អៗដើម្បីអភិវឌ្ឍន៍ខ្លួននៅពេលអនាគត និងការរស់នៅប្រចាំថ្ងៃ ក៏ដូចជាក្នុងការងារ គឺជាកត្តាសំខាន់ បំផុត ដែលជំរុញឲ្យកញ្ញា ឌី វុទ្ធារ៉ា ប្រលងយកអាហារូបករណ៍ទៅសិក្សានៅប្រទេសជប៉ុន ពិសេសការជ្រើសរើសជំនាញផ្នែកព្រៃឈើ ដែលជាប្រធានបទពិភពលោកចាប់អារម្មណ៍ ទាក់ទងនឹងការប្រែប្រួលអាកាសធាតុ។ ដូច្នេះ ការដែលកម្ពុជាមានធនធានមនុស្ស ផ្នែកនេះនឹងអាចទទួលបានផលប្រយោជន៍នៅពេលអនាគត។
ឆ្នាំក្រោយ វុទ្ធារ៉ា នឹងត្រូវបញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិតនៅប្រទេសជប៉ុន ដែលមានរយៈ ពេលជាង២ ឆ្នាំកន្លះ។ កញ្ញា បានរៀបរាប់ថា ការស្នាក់នៅប្រទេសជប៉ុនមិនមានការលំបាកប៉ុន្មានទេ។ ទីនោះមានសុវត្ថិភាព និងបរិស្ថានល្អ តែមុខទំនិញថ្លៃបន្តិច។
សូមចុចអាន៖ អ្នកឧកញ៉ា គិត ម៉េង ត្រៀមសម្ពោធវិទ្យុចុងឆ្នាំនេះ
ការសិក្សានៅប្រទេសជប៉ុនមានភាពងាយស្រួល ទាំងឯកសារ សម្ភារៈសិក្សា។ ដូច្នេះការសិក្សាអាចទទួលបានជោគជ័យច្រើន។ យ៉ាងណាក៏ដោយ កញ្ញា វុទ្ធារ៉ា បានរៀបរាប់ពីការលំបាក ក្នុងការទទួលបានព័ត៌មាន ដោយសារយើងមិនចេះភាសាជប៉ុន។ រាល់ស្លាកសញ្ញាផេ្សងៗ គឺសុទ្ធតែសរសេរជាភាសាជប៉ុន។ ប៉ុន្តែយ៉ាងណាក៏ដោយ កញ្ញា នៅតែអាចសម្របខ្លួន តាមរយៈការព្យាយាមខ្ពស់ ក្នុងការក្រេបជញ្ជក់ចំណេះដឹង ដើម្បីជាតិមាតុភូមិ ព្រោះថា ទីនោះមិនមែនមានតែនិស្សិតមកពីកម្ពុជានោះទេគឺមាននិស្សិតមកពីបណ្ដាប្រទេសផេ្សងៗទៀតកុំឲ្យជាតិសាសន៍ដទៃមើលងាយខ្មែរ។
យ៉ាងណាក៏ដោយមុនទទួលបានអាហារូបករណ៍ទៅសិក្សានៅប្រទេសជប៉ុន កញ្ញាក៏ធ្លាប់បរាជ័យ ការប្រលងយកអាហារូបករណ៍នៅប្រទេសអូស្ត្រាលីផងដែរ។ កញ្ញាបានបន្ថែមថា នេះគឺជាមេរៀនមួយ ដែលនាំឲ្យយើងឆ្ពោះទៅសម្រេចជោគជ័យ។ ទៅថ្ងៃអនាគត កញ្ញា វុទ្ធារ៉ា មានបំណងបម្រើការងារនៅផ្នែកការពារធនធានព្រៃឈើ នៅអង្គការក្រៅរដ្ឋាភិបាល ឬប្រលងចូលក្របខ័ណ្ឌនៅរដ្ឋបាលព្រៃឈើ។
កញ្ញា វុទ្ធារ៉ា បានផ្តាំផ្ញើដល់យុវជនជំនាន់ក្រោយថា ប្រសិនចង់ដាក់អាហារូបករណ៍ទៅប្រទេសណា គួរតែសួរនាំពីសិស្សច្បងមុនៗ ព្រោះពួកគាត់អាចផ្ដល់ជាបទពិសោធន៍ល្អៗ និងត្រូវប្រឹងប្រែងរៀនភាសា និង ជំនាញខ្លួនចង់បានអាហារូបករណ៍៕
សូមចុចអាន៖ មែនក៏អី! ធ្វើបុណ្យជាមួយគ្នា ស្រលាញ់គ្នា?
អត្ថបទ៖ មៃ សុខលីម រូបថត៖ facebook Dy Vutheara