អ្នកឧកញ៉ា គិត ម៉េង ត្រៀមសម្ពោធវិទ្យុចុងឆ្នាំនេះ
- 2014-09-13 14:00:24
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អ្នកឧកញ៉ា គិត ម៉េង ត្រៀមសម្ពោធវិទ្យុចុងឆ្នាំនេះ
ចន្លោះមិនឃើញ
អ្នកវិនិយោគដ៏មានកេរ្តិ៍ឈ្មោះក្នុងប្រទេសកម្ពុជា អ្នកឧកញ៉ា គិត ម៉េង ដែលបានកាន់កាប់ក្បាលម៉ាស៊ីនឃោសនាសំខាន់ៗក្នុងប្រទេសជាច្រើនរួចមកហើយនោះ កំពុងត្រៀមដាក់ចេញអោយដំណើរការនូវស្ថានីយវិទ្យុដំបូង របស់លោក ដែលជាចំណាត់ការថ្មីក្នុងការធ្វើអោយសេដ្ឋីរូបនេះ នៅឈរយ៉ាងរឹងមាំលើតំណែងកំពូល ជាធុរកិច្ចជនខ្មែរ មានប្រព័ន្ធផ្សព្វផ្សាយក្នុងដៃច្រើនបំផុត។
សូមចុចអាន៖ មែនក៏អី! ធ្វើបុណ្យជាមួយគ្នា ស្រលាញ់គ្នា?
រូបតំណាង (ប្រភព៖ បរទេស)
ប្រភពស្និទ្ធជិតនឹងសេដ្ឋីខ្មែររូបនះបង្ហើបអោយដឹងថា កម្មវិធីវិទ្យុដ៏ថ្មីជាច្រើនត្រូវបានគេរចនាឡើង ហើយ និង ប្រតិបត្តិការ ដោយក្រុមអ្នកជំនាញ ដែលប្រមូលមកពីស្ថានីយសំខាន់ៗក្នុងស្រុកដោយ រំពឹងថានឹងទទួលបានប្រជាប្រិយភាពកំពូល ដូចលំនាំទូរទស្សន៍ CTNដូច្នោះដែរ។
«នេះគ្រាន់តែជាវិទ្យុដំបូងប៉ុណ្ណោះ! ខ្ញុំ មិនអាចប្រាប់ថា វាគ្របដណ្ដប់ប៉ុន្មានខេត្តក្រុងទេ ប៉ុន្តែតាមលឺ គឺប្រព័ន្ធបច្ចេកវិទ្យាកម្រិតនាំមុខក្នុងតំបន់»។ ប្រភពនិយាយខ្លីៗប្រាប់ Sabay កាលពីម្សិលមិញនេះ។
សូមចុចអាន៖ អ្នកមគ្គុទ្ទេសក៍តូចៗរំលេចឆោមសម្រស់លើដែនសម្បត្តិវប្បធម៌ដូនតា
បន្ថែមលើនេះ លោក ហ៊ុយ វណ្ណៈ អគ្គនាយករងស្ថានីយទូរទស្សន៍ CNC បានទទួលស្គាល់ថា អ្នកឧកញ៉ា គិត ម៉េង ពិតជាត្រៀមសម្ពោធវិទ្យុថ្មី គឺ ឈ្មោះ វិទ្យុកម្ពុជា ដែលជាផ្នែកមួយបន្ថែមលើស្ថានីយទូរទស្សន៍ចំនួន ៥ ដែលកំពុងដំណើរការសព្វថ្ងៃនេះ។ "ខ្ញុំមិនច្បាស់ថា ថ្ងៃសម្ពោធច្បាស់នៅថ្ងៃណានោះទេ ប៉ុន្តែ ទំនងអាចជាឆាប់ៗខាងមុខ"។
អ្នកឧកញ៉ា គិត ម៉េង បច្ចុប្បន្នកំពុងគ្រប់គ្រងស្ថានីយទូរទស្សន៍ ៥ ក្នុងនោះរួមមាន CTN, CTN international, CNC, MYTV, និង ទូរទស្សន៍ ឌីជីថល One TV។ វិទ្យុកម្ពុជា គឺជា ផ្នែកមួយទៀតបន្ថែមលើការផ្សព្វផ្សាយផ្នែករលកអាកាស ដែលត្រៀមដំណើរការផ្លូវការ។
លោក ហ៊ុយ វណ្ណៈ បានបញ្ជាក់ថា បច្ចុប្បន្នបណ្ដាញផ្សព្វផ្សាយដើរតួនាទីសំខាន់នៅក្នុងអភិបាលកិច្ចល្អ ខណៈមនុស្សគ្រប់គ្នាត្រូវការព័ត៌មាន។ ព័ត៌មានជាផ្នែកមួយជួយផ្លាស់ប្ដូរសង្គម និង ជួយដល់កំណើនសេដ្ឋកិច្ចប្រជាជនផងដែរ។
បើទោះបីជាយ៉ាងណាក៏ដោយមានការលើកឡើងថា អ្នកឧកញ៉ា គិត ម៉េង នៅមានហ្វ្រេកង់ដែលកំពុងផ្អឹបទុកនៅក្នុងដៃមួយចំនួននៅឡើយ ប៉ុន្ដែ គេនៅមិនទាន់ដឹងពីតួលេខថា លោកមានប៉ុន្មាននោះទេ។
ទាក់ទងនឹងបញ្ហានេះ ឯក ឧត្ដមខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មានមានប្រសាសន៍ឲ្យដឹងថា អ្នកឧកញ៉ាគិតម៉េង មានហ្រ្វេកង់ មួយចំនួនមែន ប៉ុន្ដែ ក្រសួងបានបិទវិញ ដោយសារអត់ព្រមដំណើរការ។ ប៉ុន្ដែ ឯកឧត្តម មិនបានបញ្ជាក់ថា តើហ្រ្វេកង់ប៉ុន្មានកំពុងដំណើរការ ហើយប៉ុន្មានបានបិទនោះទេ ដោយបានរុញឲ្យទៅសួរមន្ត្រីជំនាញខាងបច្ចេកទេស។
វិទ្យុផ្សាយសំឡេងពុំមែនជាបណ្ដាញផ្សព្វផ្សាយ ដែលរំពឹងថា នឹងអាចរកប្រាក់ចំណូលបានច្រើន សន្ធឹកនោះឡើយ ប៉ុន្តែ ហ្វ្រេកង់ ជាច្រើនត្រូវបានគេនិយាយថា កំពុងកាន់កាប់ក្នុងដៃមន្ត្រីធំៗ អ្នកនយោបាយ និង សាច់ញាតិព្រមទាំងឧកញ៉ាៗមួយចំនួនផង។
ផ្អែកតាមរបាយការណ៍របស់ នាយកដ្ឋានសោតទស្សន៍ ឆ្នាំ ២០១២ បានបង្ហាញថា ស្ថានីយវិទ្យុដែលបានដំណើរការនៅរាជធានីភ្នំពេញមានសរុបចំនួន ៥៣ ស្ថានីយ (ផ្សាយផ្ទាល់ ៥០ និង ផ្សាយបន្តចំនួន ៣)៕