ប្រទេស​៣​នៅ​អាស៊ាន​ធ្លាប់​មាន​មេដឹកនាំ​ស្រី​ក្រោយ​សង្គ្រាម​លោក​លើក​ទី២

  • 2015-07-14 23:15:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រទេស​នីមួយៗ​នៅ​តំបន់​អាស៊ាន សុទ្ធតែ​មាន​ប្រវត្តិសាស្ត្រ​រាប់​ពាន់​ឆ្នាំ និង​ប្ដូរ​មេដឹកនាំ​រាប់​មិន​អស់ ប៉ុន្តែ​កម្រ​ឃើញ​មាន​មនុស្ស​ស្រី​ណាស់។ យ៉ាង​ណា​មិញ បើ​គិត​ត្រឹម​ក្រោយ​សង្គ្រាម​លោក​លើក​ទី​ពីរ ពោល​គឺ​ចាប់​ពី​ឆ្នាំ១៩៤៥​មក មាន​ប្រទេស​បី​ប៉ុណ្ណោះ​ក្នុង​តំបន់​អាស៊ាន ដែល​ធ្លាប់​មាន​មេដឹកនាំ​ស្រី(ប្រធានាធិបតី ឬ​នាយករដ្ឋមន្ត្រី)។

 

១. ប្រទេស​ឥណ្ឌូណេស៊ី(មាន ១​រូប)

 

 

លោក​ស្រី Megawati Sukarnoputri ជា​ប្រធានាធិបតី​ទី៥ និង​ជា​មេដឹកនាំ​ស្រី​ម្នាក់​គត់​របស់​ប្រទេស​ឥណ្ឌូណេស៊ី ក្រោយ​សង្គ្រាម​លោក​លើក​ទី​២។ មេដឹកនាំ​វ័យ ៦៨​ឆ្នាំ​រូប​នេះ ជា​កូន​ស្រី​​បង​គេ​របស់​លោក Sukarno ដែល​ជា​ប្រធានាធិបតី​ទី​មួយ​របស់​ប្រទេស​ឥណ្ឌូណេស៊ី។ ​លោក​ស្រី Megawati ជាប់​ឆ្នោត​ឡើង​កាន់​តំណែង​ចាប់​​ពី​ឆ្នាំ ២០០១ ដល់​ឆ្នាំ២០០៤ ហើយ​ក្រោយ​ៗ​មក​ទៀត​លោក​ស្រី​បាន​ឈរ​ឈ្មោះ​ដែរ​តែ​បរាជ័យ។

 

២. ប្រទេស​ថៃ(មាន ១​រូប)

 

 

លោក​ស្រី Yingluck Shinawatra គឺ​ជា​នាយករដ្ឋមន្ត្រី​ស្រី​ទី​មួយ​របស់​ប្រទេស​ថៃ ដែល​ឡើង​កាន់​តំណែង​កាល​ពី​ខែ​សីហា ឆ្នាំ២០១១ រហូត​ដល់​ខែ​ឧសភា ឆ្នាំ​២០១៤។ ដឹក​នាំ​ប្រទេស​បាន​ជិត ៣​ឆ្នាំ សមាជិក​គណបក្ស Pheu Thai វ័យ​៤៨​ឆ្នាំ​រូប​នេះ ត្រូវ​តុលាការ​ធម្មនុញ្ញ​សម្រេច​ដក​ចេញ​ពី​តំណែង បន្ទាប់​ពី​រក​ឃើញ​ថា​លោក​ស្រី​​ប្រើ​ប្រាស់​អំណាច​ដោយ​បំពាន។

 

៣. ប្រទេស​ហ្វីលីពីន(មាន ២​រូប)

 

- លោក​ស្រី Corazon Aquino

 

 

លោក​ស្រី Corazon Aquino គឺ​ជា​ប្រធានាធិបតី​ទី១១ របស់​ប្រទេស​ហ្វីលីពីន ដែល​ឡើង​កាន់​តំណែង​កាល​ពី​ថ្ងៃ​ទី២៥ ខែ​កុម្ភៈ ឆ្នាំ១៩៨៦ រហូត​ដល់​ថ្ងៃ​ទី៣០ ខែ​មិថុនា ឆ្នាំ​១៩៩២។ អតីត​មេដឹកនាំ​វ័យ ៧៦​ឆ្នាំ​រូប​នេះ មាន​កូន​ប្រុស​ឈ្មោះ ​Benigno Aquino III ដែល​ប្រធានាធិបតី​ទី១៥ ​របស់​ប្រទេស​ហ្វីលីពីន​នា​ពេល​បច្ចុប្បន្ន។

 

- លោក​ស្រី Gloria Macapagal-Arroyo

 

 

លោក​ស្រី Gloria Macapagal-Arroyo គឺ​ជា​ប្រធានាធិបតី​ទី១៤ របស់​ប្រទេស​ហ្វីលីពីន ដែល​ឡើង​កាន់​តំណែង​កាល​ពី​ថ្ងៃ​ទី២០ ខែ​មករា ឆ្នាំ២០០១ រហូត​ដល់​ថ្ងៃ​ទី៣០ ខែ​មិថុនា ឆ្នាំ​២០១០។ អតីត​មេដឹកនាំ​វ័យ ៦៨​ឆ្នាំ​រូប​នេះ គឺ​ជា​កូន​ស្រី​របស់​ប្រធានាធិបតី​ទី៩ Diosdado Macapaga។

 

ចុចអាន៖ បុគ្គល​ឆ្នើម​ពីរ​រូប​គត់​នៅ​អាស៊ាន ជា​ម្ចាស់​ពាន​រង្វាន់​ណូបែល​សន្តិភាព

 

ដោយ៖ គង់ វិសាល ប្រភព៖ asianhistory

អត្ថបទពេញនិយម