បុគ្គល​ឆ្នើម​ពីរ​រូប​គត់​នៅ​អាស៊ាន ជា​ម្ចាស់​ពាន​រង្វាន់​ណូបែល​សន្តិភាព

  • 2014-10-17 18:49:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពាន​រង្វាន់​ណូបែល​សន្តិភាព​អន្តរជាតិ ត្រូវ​បាន​ប្រគល់​ជូន​បុគ្គល​ឆ្នើម​នានា​ដែល​លះបង់​កម្លាំង​កាយ​ចិត្ត ស្វែង​រក​ប្រយោជន៍​ជូន​សង្គម​ជាតិ និង​ពិភពលោក​ទាំង​មូល។ ជន​ទាំង​ឡាយ ដែល​ទទួល​បាន​ជយលាភី​កំពូល​ក្នុង​លោក​នេះ ពោរ​ពេញ​ទៅ​ដោយ​កិត្តិនាម​ល្បី​រន្ទឺ​គ្រប់​ទិសទី។ អាស៊ាន​ដែល​មាន ១០​ប្រទេស​ជា​សមាជិក ក៏​មាន​បុគ្គល​ពីរ​រូប​ធ្លាប់​ទទួល​បាន​ពាន​រង្វាន់​កិត្តិយស​នេះ​ដែរ។

 

បុគ្គល​ឆ្នើម​ពីរ​រូប​របស់​អាស៊ាន ដែល​ទទួល​ពាន​រង្វាន់​ណូបែល​សន្តិភាព​នោះ​មាន​ ជនជាតិ​វៀតណាម​ម្នាក់ និង​ជនជាតិ​មីយ៉ាន់ម៉ា​ម្នាក់។ អ្វី​ដែល​កាន់​តែ​គួរ​ឲ្យ​ចាប់​អារម្មណ៍​ខ្លាំង គឺ​ម្ចាស់​ជយលាភី​ទាំង​ពីរ​រូប សុទ្ធ​តែ​ត្រូវ​ជាប់​ឈ្មោះ​ក្នុង​កំណត់​ត្រា​ប្រវត្តិសាស្ត្រ​ប្លែក​គេ​នៃ​ពាន​រង្វាន់​ណូបែល។ លោក Le Duc Tho (ជនជាតិ​វៀតណាម) ជា​បុគ្គល​មួយ​រូប​ក្នុង​ចំណោម​ម្ចាស់​ពាន​រង្វាន់ ​២​រូប ដែល​បដិសេធ​មិន​ទទួល​យក​ពាន​រង្វាន់​របស់​ខ្លួន។ ចំណែក​លោក​ស្រី Aung San Suu Kyi (ជនជាតិ​មីយ៉ាន់ម៉ា) គឺ​ជា​បុគ្គល​មួយ​រូប​ក្នុង​ចំណោម​ម្ចាស់​ពានរង្វាន់​ ៣​រូប ដែល​កំពុង​ជាប់​ឃុំឃាំង​ពេល​ប្រកាស​ផ្ដល់​ពាន​រង្វាន់។ ​​​​​

 

១. លោក Le Duc Tho (ជនជាតិ​វៀតណាម)

 

លោក Le Duc Tho

 

លោក Le Duc Tho កើត​នៅ​ថ្ងៃ​ទី​១៤ ខែ​តុលា ឆ្នាំ​១៩១១ និង​ស្លាប់​ទៅ​វិញ​នៅ​ថ្ងៃ​ទី​១៣ ខែ​តុលា ឆ្នាំ​១៩៩០។ ​ជនជាតិ​វៀតណាម​រូប​នេះ ជា​បុគ្គល​ដំបូង​គេ​នៅ​អាស៊ី ដែល​ត្រូវ​គណៈកម្មការ​សម្រេច​ផ្ដល់​ពាន​រង្វាន់​ណូបែល​សន្តិភាព។

 

មូលហេតុ​ដែល​លោក​ត្រូវ​ជ្រើសរើស​ជា​ម្ចាស់​ជយលាភី គឺ​ដោយ​សារ​លោក​ជា​បុគ្គល​សំខាន់​មួយ​រូប​ដែល​នាំ​ឲ្យ​មាន​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​នៅ​ថ្ងៃ​ទី​២៣ ខែ​មករា ឆ្នាំ​១៩៧៣ បញ្ចប់​ជម្លោះ​រវាង​វៀតណាម​ខាង​ជើង និង​វៀតណាម​ខាង​ត្បូង ហើយ​និង​បញ្ឈប់​ការ​ជ្រៀតជ្រែក​ពី​ទាហាន​អាមេរិក។ ក្នុង​ឱកាស​នោះ ក៏​មាន​ការ​ចូលរួម​ពី​ភាគី​អាមេរិក​តំណាង​ដោយ​រដ្ឋមន្ត្រី​ការបរទេស Henry Kissinger ផង​ដែរ។

 

លោក Le Duc Tho និង​លោក Henry Kissinger ត្រូវ​បាន​គណៈកម្មការ​ប្រកាស​ប្រគល់​ពាន​រង្វាន់​ណូបែល​សន្តិភាព​រួម​គ្នា​ក្នុង​ឆ្នាំ​១៩៧៣ ដដែល។ ទោះ​យ៉ាង​ណា ជនជាតិ​វៀតណាម​ដែល​ជួយ​សាង​សន្តិភាព​បង្រួប​បង្រួប​វៀតណាម​ទាំង​ពីរ បាន​បដិសេធ​មិន​ទទួល​យក​រង្វាន់​កិត្តិយស​នោះ​ទេ។ លោក​បាន​បញ្ជាក់​ថា សន្តិភាព​មិន​ទាន់​កើត​ឡើង​នៅ​ឡើយ ហើយ​សហរដ្ឋអាមេរិក និង​រដ្ឋាភិបាល​វៀតណាម​ខាង​ត្បូង នៅ​តែ​រំលោភបំពាន​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស។

 

២​. លោក​ស្រី Aung San Suu Kyi (ជនជាតិ​មីយ៉ាន់ម៉ា)

 

​លោក​ស្រី Aung San Suu Kyi

 

លោក​ស្រី Aung San Suu Kyi កើត​នៅ​ថ្ងៃ​ទី១៩ ខែ​មិថុនា ឆ្នាំ​១៩៤៥។ បច្ចុប្បន្ន​លោក​ស្រី​គឺ​ជា​មេដឹកនាំ​គណបក្ស​សម្ព័ន្ធ​ប្រជាធិបតេយ្យ​ ដែល​ជា​គណបក្ស​ប្រឆាំង​ដ៏​ធំ​មួយ​របស់​មីយ៉ាន់ម៉ា។ នៅ​​ថ្ងៃ​ទី២៧ ខែ​មិថុនា ឆ្នាំ​១៩៩០ គណបក្ស​របស់​លោក​ស្រី Suu Kyi បាន​ទទួល​សំឡេង​គាំ​ទ្រ​ការ​បោះឆ្នោត​ជាតិ៥៩% និង​៨១% នៃ​ការ​បោះ​ឆ្នោត​ជ្រើសរើស​សមាជិក​សភា។

 

ទោះ​យ៉ាង​ណា ពេល​នោះ​អ្នក​នយោបាយ​ស្រី​ដ៏​មាន​ឥទ្ធិពល​រូប​នេះ បាន​ជាប់​ឃុំឃាំង​ដោយ​របប​យោធា​បាត់​ទៅ​ហើយ។ ចន្លោះ​ពី​ថ្ងៃ​ទី២០ ខែ​កក្កដា​ ឆ្នាំ​១៩៨៩ រហូត​ដល់​មាន​ការ​ដោះ​លែង​លើក​ចុង​ក្រោយ​ថ្ងៃ​ទី​១៣ ខែ​វិច្ឆិកា ឆ្នាំ​២០១០ លោក​ស្រី Suu Kyi ត្រូវ​ជាប់​ឃុំ​ខ្លួន​ជា​ច្រើន​ដង​សរុប​រយៈពេល ១៥​ឆ្នាំ។ ​

 

មូលហេតុ​ដែល​លោក​ស្រី​​ត្រូវ​ជ្រើសរើស​ជា​ម្ចាស់​ជយលាភី​ពាន​រង្វាន់​ណូបែល​សន្តិភាព​ក្នុង​ឆ្នាំ​១៩៩១ គឺ​ដោយ​សារ​លោក​ស្រី Aung San Suu Kyi បាន​តស៊ូ​ទាមទារ​លទ្ធិប្រជាធិបតេយ្យ​ដោយ​អហិង្សា និង​ស្វែង​រក​ការ​គោរព​សិទ្ធិ​មនុស្ស​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា។ ប៉ុន្តែ អំឡុង​ពេល​កំពុង​ប្រកាស​ជយលាភី​ជា​ម្ចាស់​ពានរង្វាន់ សមាជិក​សភា​ជាប់ឆ្នោត​ក្នុង​ឆ្នាំ​២០១២ រូប​នេះ កំពុង​ជាប់​ឃុំឃាំង​នៅ​ឡើយ។ ទីបំផុត នៅ​ថ្ងៃ​ទី១៦ ខែ​មិថុនា ឆ្នាំ២០១២ លោក​ស្រី​បាន​ទៅ​ទទួល​យក​ពានរង្វាន់​ណូបែល​សន្តិភាព​របស់​ខ្លួន ដែល​មាន​រយៈពេល ២១​ឆ្នាំ​ក្រោយ​ពេល​គណៈកម្មការ​ប្រកាស​ប្រគល់​ឲ្យ៕​​

 

ប្រវត្តិ​ពាន​រង្វាន់​ណូបែល​អន្តរជាតិ ដែល​មនុស្ស​គ្រប់​រូប​តែង​ស្រមៃ​ចង់​បាន​៖ ចុចអាន

 

នារី​វ័យ​ក្មេង​បំផុត​​ក្នុង​ប្រវត្តិសាស្ត្រ ទទួល​បាន​ពាន​រង្វាន់​ណូបែល​សន្តិភាព៖ ចុចអាន

 

ប្រែ​សម្រួល៖ គង់ វិសាល

ប្រភព. nobelprize, dailymail

អត្ថបទថ្មី