ប្រវត្តិពានរង្វាន់ណូបែលអន្តរជាតិ ដែលមនុស្សគ្រប់រូបតែងស្រមៃចង់បាន
- 2014-10-16 17:18:41
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្រវត្តិពានរង្វាន់ណូបែលអន្តរជាតិ ដែលមនុស្សគ្រប់រូបតែងស្រមៃចង់បាន
ចន្លោះមិនឃើញ
ណូបែល គឺជាពានរង្វាន់មហាកិត្តិយសអន្តរជាតិមួយ ដែលមិនងាយនឹងធ្លាក់ដល់ដៃជនសាមញ្ញគ្មានការតស៊ូឡើយ។ អ្នកទទួលបានជយលាភីនេះ ចាត់ទុកថាជាបុគ្គលឆ្នើមបំផុត ដែលមានស្នាដៃធំធេងរួមចំណែកជួយជាតិ និងនាំសន្តិភាពជូនដល់ពិភពលោកទាំងមូល។ កាលពីសប្ដាហ៍មុននេះ ពានរង្វាន់ណូបែលសន្តិភាពឆ្នាំ២០១៤ ទើបបានប្រកាសប្រគល់ជូនដល់បុគ្គល ២រូបរួមគ្នា ដែលសុទ្ធតែនៅតំបន់អាស៊ី។ ពេលនេះ Sabay នឹងនាំលោកអ្នកឲ្យស្គាល់កាន់តែច្បាស់ ពីពានរង្វាន់លំដាប់ពិភពលោកមួយនេះ។
រង្វាន់ណូបែល ដែលមានឆ្លាក់រូបលោក Alfred Nobel
អ្វីជាពានរង្វាន់ណូបែល?
ណូបែល គឺជាពានរង្វាន់កិត្តិយសលំដាប់ខ្ពស់មួយរបស់ពិភពលោក ដែលត្រូវប្រគល់ជូនដល់បុគ្គលមានស្នាដៃរាល់ឆ្នាំ។ ពានរង្វាន់អន្តរជាតិនេះ មានទាំងអស់៦ គឺ ពានរង្វាន់ណូបែលរូបវិទ្យា ពានរង្វាន់ណូបែលគីមីវិទ្យា ពានរង្វាន់ណូបែលវេជ្ជសាស្ត្រ ពានរង្វាន់ណូបែលអក្សរសាស្ត្រ ពានរង្វាន់ណូបែលសេដ្ឋកិច្ច-វិទ្យាសាស្ត្រ និងពានរង្វាន់ណូបែលសន្តិភាព។ ពានរង្វាន់ទាំងអស់នេះ បង្កើតឡើងដើម្បីលើកទឹកចិត្តបុគ្គលទាំងឡាយដែលសម្រេចបានជោគជ័យយ៉ាងធំធេង ជាប្រយោជន៍ដល់ជាតិ និងអន្តរជាតិ។ គោលបំណងនៃការផ្ដល់ជយលាភី ក៏ដើម្បីលើកកម្ពស់ការស្រាវជ្រាវ ការបង្កើតថ្មី ការជួយសង្គម អភិវឌ្ឍវិស័យអប់រំ ផ្សព្វផ្សាយសន្តិភាព និងកាត់បន្ថយជម្លោះនៅលើពិភពលោកផងដែរ។
ពានរង្វាន់ណូបែលបង្កើតឡើងតាំងពីពេលណា?
ពានរង្វាន់ណូបែល បង្កើតឡើងក្នុងឆ្នាំ១៨៩៥ ក្រោមគំនិតផ្ដួចផ្ដើមរបស់លោក Alfred Nobel ដែលជាអ្នកគីមីវិទ្យា និងវិស្វករជនជាតិស៊ុយអែត។ ពានរង្វាន់ ៥ផ្នែក ត្រូវបានប្រគល់ជូនដំបូងក្នុងឆ្នាំ១៩០១ លើកលែងតែពានរង្វាន់ណូបែលសេដ្ឋកិច្ច-វិទ្យាសាស្ត្រ ដែលត្រូវបានបង្កើតឡើងក្រោយគេក្នុងឆ្នាំ១៩៦៨។ ពិធីប្រគល់ពានរង្វាន់ណូបែលសន្តិភាព ត្រូវប្រារព្ធឡើងនៅរាជធានី Oslo ប្រទេសន័រវែស ចំណែកឯពានរង្វាន់ ៥ផ្នែកទៀត ធ្វើឡើងនៅរាជធានី Stockholm ប្រទេសស៊ុយអែត។
គេជ្រើសរើសបេក្ខភាពដោយវិធីណា?
លោកអ្នកមិនអាចស្នើដាក់បេក្ខភាពឲ្យគេវាយតម្លៃជ្រើសរើសបានដោយខ្លួនឯងទេ។ ការស្នើដាក់បេក្ខភាព ត្រូវធ្វើឡើងដោយសមាជិកនៃស្ថាប័ននីមួយៗដែលជាអ្នកសម្រេចចិត្តប្រគល់ពានរង្វាន់ សមាជិកនៃគណៈកម្មការណូបែលផ្នែកនីមួយៗ សាស្ត្រាចារ្យក្នុងផ្នែកនីមួយៗ និងបុគ្គលនានាដែលធ្លាប់ទទួលពានរង្វាន់ណូបែលពីមុនមក។ ទោះយ៉ាងណា ពានរង្វាន់ណូបែលសន្តិភាព ដែលជាជយលាភីកិត្តិយសបំផុត មានលក្ខណៈខុសប្លែកបន្តិច ដោយគេអនុញ្ញាតឲ្យមានការដាក់ស្នើបេក្ខភាពពីរដ្ឋាភិបាលនៃប្រទេសនីមួយៗ សមាជិកសភា សមាជិកចៅក្រមនៃតុលាការអន្តរជាតិ និងសាស្ត្រាចារ្យផ្នែកប្រវត្តិវិទ្យា ទស្សនវិជ្ជា វិទ្យាសាស្ត្រសង្គមជាដើម។
ពិធីប្រគល់រង្វាន់នៅសាលតន្រ្តីរាជធានី Stockholm ប្រទេសស៊ុយអែត ក្នុងឆ្នាំ២០១៣
នរណាជាអ្នកសម្រេចផ្ដល់ជយលាភីពានរង្វាន់ណូបែលទាំង៦?
ជយលាភីពានរង្វាន់ណូបែលរូបវិទ្យា ពានរង្វាន់ណូបែលគីមីវិទ្យា និងពានរង្វាន់ណូបែលសេដ្ឋកិច្ច-វិទ្យាសាស្ត្រ ត្រូវសម្រេចផ្ដល់ដោយ រាជបណ្ឌិតសភាវិទ្យាសាស្ត្រស៊ុយអែត។ ចំពោះជ័យលាភីពានរង្វាន់ណូបែលវេជ្ជសាស្ត្រ ត្រូវសម្រេចផ្ដល់ដោយ សភាណូបែលនៅវិទ្យាស្ថាន Karolinska នៃប្រទេសស៊ុយអែត។ ជ័យលាភីពានរង្វាន់ណូបែលអក្សរសាស្ត្រ ត្រូវសម្រេចផ្ដល់ដោយ បណ្ឌិតសភាស៊ុយអែត។ ចំណែកឯជ័យលាភីពានរង្វាន់ណូបែលសន្តិភាព ត្រូវសម្រេចដោយ គណៈកម្មការណូបែលប្រទេសន័រវែស។
តាំងពីបង្កើតមក ពានរង្វាន់ណូបែលប៉ុន្មានដែលបានប្រគល់ជូនបុគ្គល និងស្ថាប័ននានា?
គិតចាប់ពីឆ្នាំ១៩០១ រហូតដល់ឆ្នាំ២០១៤ នេះ ពានរង្វាន់ណូបែល ៥៦៧ហើយ ដែលប្រគល់ជូនបុគ្គល និងស្ថាប័នឆ្នើមក្នុងផ្នែកទាំង៦។ ក្នុងនោះមាន ពានរង្វាន់ណូបែលរូបវិទ្យា១០៨ ពានរង្វាន់ណូបែលគីមីវិទ្យា១០៦ ពានរង្វាន់ណូបែលវេជ្ជសាស្ត្រ១០៥ ពានរង្វាន់ណូបែលអក្សរសាស្ត្រ១០៧ ពានរង្វាន់ណូបែលសេដ្ឋកិច្ច-វិទ្យាសាស្ត្រ៤៦ និងពានរង្វាន់ណូបែលសន្តិភាព៩៥។ អ្នកទទួលបានពានរង្វាន់ជាលក្ខណៈបុគ្គលមាន ៨៦៤នាក់ និង ២៥ស្ថាប័ន។ មូលហេតុដែលអ្នកទទួល និងចំនួនពានរង្វាន់ខុសគ្នា ដោយសារឆ្នាំខ្លះមានអ្នកទទួលរួមគ្នា ២នាក់ ឬ ៣នាក់ទៅតាមការជ្រើសរើសរបស់គណៈកម្មការ។ ដូចជាឆ្នាំ ២០១៤នេះ អ្នកទទួលបានពានរង្វាន់ណូបែលសន្តិភាព គឺជាសកម្មជនក្នុងវិស័យអប់រំ ២រូបរួមគ្នា។
ម្ចាស់ពានរង្វាន់ណូបែលទទួលបានទឹកប្រាក់ប៉ុន្មាន?
ទឹកប្រាក់ នឹងប្រគល់ជូនម្ចាស់ជយលាភីអមជាមួយពានរង្វាន់ ដែលត្រូវសម្រេចឡើងរាល់ឆ្នាំទៅតាមទំហំថវិកាដែលមូលនិធិណូបែលមានក្នុងឆ្នាំនីមួយៗ។ នៅឆ្នាំ ២០១៤នេះ ម្ចាស់ពានរង្វាន់ណូបែលទទួលបានទឹកប្រាក់រង្វាន់ ១,៤លានដុល្លារ ហើយប្រសិនបើម្ចាស់ជយលាភីមានលើសពីម្នាក់ គេត្រូវចែករំលែកគ្នាទៅតាមនោះ។ ជាធម្មតា អ្នកទទួលបានប្រាក់រង្វាន់ តែងបរិច្ចាគប្រាក់ទាំងនោះ ជាប្រយោជន៍ដល់សង្គម និងការងារមនុស្សធម៌នានា៕
នារីវ័យក្មេងបំផុតក្នុងប្រវត្តិសាស្ត្រ ទទួលបានពានរង្វាន់ណូបែលសន្តិភាព៖ ចុចអាន
ចំណេះដឹងទូទៅជាច្រើនទៀត៖ ចុចអាន
ដោយ៖ គង់ វិសាល
ប្រភព៖ nobelprize.org