ស្វែង សុជាតា ក្រោយពីសល់៧០០រៀលក្នុងខ្លួន
- 2015-07-16 16:21:42
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្វែង សុជាតា ក្រោយពីសល់៧០០រៀលក្នុងខ្លួន
ចន្លោះមិនឃើញ
ស្វែង សុជាតា ប្រាប់ថា នាងសល់ប្រាក់តែ៧០០រៀលប៉ុណ្ណោះ ដែលនាងយល់ថាជាចំនួនតិចតួចបំផុតសម្រាប់ដំណើរទៅធ្វើសមាធិលើភ្នំគូលែន ក្រោយត្រូវមិត្តភក្ដិម្នាក់បានបោកប្រាស់នាង។
ស្ថានភាពនោះ សុជាតិ អធិប្បាយថា ពិបាកណាស់ និងថាអ្វីដែលនាងបានជួបហាក់ដូចជាលំបាកជាងតួស្រីដែលនាងធ្លាប់បានធ្វើបាបនៅក្នុងកុន១០០ដងទៅទៀត។ "ពេលនោះ កុំតែបានការសណ្តោសរបស់លោកពូម៉ូតូឌុបម្នាក់បងកាន់តែពិបាក។ គាត់បានជូនបងទៅកន្លែងដែលបងចង់ទៅ ហើយក្រោយមកបងបានការជួយអាសារពីសំណាក់លោកតាអាចារ្យ យាយជីដែលនៅលើភ្នំនោះទៀត" សុជាតិ បន្ថែម។
តារាសម្ដែងទឹកភ្នែករូបនេះ បានប្រើជីវិតផ្សារភ្ជាប់ជាមួយធម្មជាតិ និងអាស្រ័យបាយទឹកជាមួយតាជី យាយជី។ សុជាតា ឲ្យដឹងទៀតថា អស់រយៈជាងកន្លះឆ្នាំនៅលើភ្នំ នាងលែងប្រើជីវិតជាមួយប្រាក់ទៀតហើយ។
រំលឹករឿងមុនឡើងទៅលើភ្នំ សុជាតា បានជួបរឿងមិនល្អជាច្រើនរាប់តាំងពីរឿងឯកជន ស្នេហា និងសុខភាព។ បន្ទាប់ពីលែងលះស្វាមី និងជួបស្នេហ៍ជាមួយមន្ត្រីនៅក្រសួងមហាផ្ទៃ ហើយក្រោយមកបែកគ្នាវិញ។ នាងក៏ត្រូវបានរកឃើញថា មានជំងឺដុះសាច់ក្នុងខួរក្បាលធ្ងន់ធ្ងរដែលត្រូវចំណាយប្រាក់ច្រើនព្យាបាលខណៈការងារក៏លែងបានចេញធ្វើ។ មិនត្រឹមប៉ុណ្ណឹង ក៏ត្រូវមិត្តភក្ដិម្នាក់បោកប្រាស់ និងឈ្នានីសទៀត។
"អូនអើយបងបានចាញ់បោកគេរហូតទាំងបងមិនដែលគិតសោះថាមានគេធ្វើចឹងដាក់បង ធ្លាប់តែនៅក្នុងកុនគេដឹកឲ្យសម្តែងជារបៀបពិសពុលតែនេះបងបានជួបគ្រប់សព្វបែបយ៉ាងហើយមុននឹងចេញដំណើរទៅសមាធិហ្នឹងបងនៅសល់តែ៧០០រៀលគត់។
មិនត្រឹមប៉ុណ្ណឹង សុជាតា បន្ថែមថា ទោះជាបានបោកប្រាស់ប្រាក់នាងហើយ តែមិត្តចិត្តអាក្រក់របស់នាង មិនត្រឹមតែមិនសង នៅតាមឈ្នានីសនាងមិនចេះចប់ទៀត។
"ខ្ញុំសុំមិនបង្ហើបឈ្មោះម្នាក់នោះ ខ្ញុំមិនដឹងគេស្គាល់លោកយាយជីនោះតាមវិធីណាទេហើយបានសុំពឹងលោកយាយជីនោះមកធ្វើបាបបងដោយសុំលេខទូរសព្ទខលទៅនិយាយជាមួយលោកតាយាយជីថានឹងមានប៉ូលីសទៅតាមចាប់ខ្លួនបងព្រោះគេថាបងជាមនុស្សដែលមានការជួញដូរគ្រឿងញៀន គេឈ្នានីសបងសព្វបែបយ៉ាង"។ តារាស្រីតួឆ្នាស ថ្លែង។
ក្រោយពីតស៊ូសមាធិនៅលើភ្នំអស់ពេលជាង កន្លះឆ្នាំ ស្វែង សុជាតា បានចុះមកវិញហើយថ្មីៗនេះ។ ម្ចាស់ពានអាណាចក្រតារារូបនេះ ប្រាប់ថាសព្វថ្ងៃអ្វីដែលនាងត្រូវធ្វើ គឺខំតស៊ូក្នុងសិល្បៈឡើងវិញ ដើម្បីរកប្រាក់ចិញ្ចឹមខ្លួន និងកូន ព្រមទាំងព្យាយាមធ្វើចិត្តបុណ្យកសាងសន្សំកុសលតែប៉ុណ្ណោះ៕
អត្ថបទ៖ ថា ម៉ាលីដា