ស្លាប់ ៨០% ក្នុង​គ្រោះ​ថ្នាក់​ចរាចរណ៍ ជា​អ្នក​ជិះ​ម៉ូតូ​អត់​ពាក់​មួក​ការពារ

  • 2015-07-16 12:13:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តួលេខ​អ្នក​ស្លាប់ (អ្នក​ជិះ​ម៉ូតូ) ដែល​​មិន​បាន​​​ពាក់​មួក​សុវត្ថិភាព ក្នុង​គ្រោះថ្នាក់​ចរាចរណ៍ ក្នុង​មួយ​ឆ្នាំៗ គឺ​មាន​ចំនួន​​ប្រហែល​ពី ៧០% ទៅ ៨០% ក្នុង​ចំនួន​​អ្នក​ស្លាប់​ជិះម៉ូតូ​សរុប។ នេះ​បើ​តាម​ការ​ដឹង​ពី​ លោក គឹម បញ្ញា នាយក​អង្គការ​មូលនិធិ​បង្ការ​របួស អាស៊ី ប្រចាំ​នៅ​កម្ពុជា។

 

លោក គឹម បញ្ញា មាន​ប្រសាសន៍​ថា ជា​ទូទៅ​ក្នុង​មួយ​ឆ្នាំ​ៗ អ្នក​បើកបរ​ម៉ូតូ​​ចន្លោះ​ពី ១២០០ នាក់ - ១៦០០ នាក់​ បាន​ស្លាប់​ដោយ​គ្រោះថ្នាក់​ចរាចរណ៍ ហើយ​​ក្នុង​នេះ​​ប្រហែល ៧០% ទៅ ៨០% ជា​អ្នក​មិន​បាន​ពាក់​មួក​ការពារ។  

 លោក គឹម បញ្ញា នាយក​អង្គការ​មូលនិធិ​បង្ការ​របួស អាស៊ី ប្រចាំ​នៅ​កម្ពុជា

 

ក្នុង​វេទិកា​ថ្នាក់​និពន្ធ​នាយក​សារព័ត៌មាន ស្ដី​ពី "រួម​គ្នា​ជំរុញ​ការ​ពាក់​មួក​សុវត្ថិភាព​នៅ​កម្ពុជា" គម្រោង "ភ្នាក់ងារ​ជំរុញ​ឱ្យ​មាន​ការប្រែប្រួល​ជា​វិជ្ជមាន" រៀបចំ​ឡើង​ដោយ ក្លឹប​អ្នកកាសែត​កម្ពុជា សហការ​ជាមួយ​អង្គការ AIP នៅ សណ្ឋាគារ Intercontinental ព្រឹកថ្ងៃទី ១៥ ខែ កក្ដដា ម្សិលមិញ​ លោក​​​ថ្លែង​ថា ចាប់​តាំង​ពី​ឆ្នាំ​ ២០០៤​ មក គ្រោះ​ថ្នាក់​ចរាចរណ៍ ជា​បញ្ហា​ចម្បង​នៅ​ទូទាំង​ពិភពលោក ដែល​បង្ក​ឱ្យមនុស្ស​ស្លាប់ របួស ពិការ​រាប់ពាន់​រាប់​ម៉ឺន​នាក់។ ចំណែក​នៅ​កម្ពុជា បើ​តាម​​របាយការណ៍​បណ្ដោះ​អាសន្ន របស់​​គណៈកម្មាធិការ​ជាតិ សុវត្ថិភាព​ចរាចរណ៍​ផ្លូវ​គោក មាន​ជនរងគ្រោះ​​ជាង ២០០០ នាក់ បាន​ស្លាប់ ដែល​នេះ​ជា​ចំនួន​កើន​ឡើង ១០០% ក្នុង​រយៈពេល​៩ឆ្នាំ​ចុងក្រោយ។

 

លោក​បន្ថែមថា "ស្រប​ពេល​ដែល​យើង​កត់​សម្គាល់​ឃើញ​ថា អត្រា​ការ​ស្លាប់​នៃ​​ជំងឺ​ផ្សេងៗ​ដូច​ជា គ្រាប់មីន គ្រុនចាញ់ អេដស៍ ​​មាន​ការ​ធ្លាក់​ចុះ បែរ​ជា​​អ្នក​ស្លាប់​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​មាន​កំណើន"។​

 

លោក​បន្ត​ថា តាម​អ្វី​ដែល​អង្គការ ​មូលនិធិ​បង្ការ​របួស​អាស៊ី រក​ឃើញ គឺ​អ្នក​ស្លាប់​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​មាន​ចំនួន ​៣០ ​ដង ច្រើន​ជាង​អ្នក​ស្លាប់​ដោយសារ ​ជំងឺគ្រុនចាញ់ គ្រុនឈាម គ្រាប់មីន​បញ្ចូលគ្នា ហើយ​​ជន​រងគ្រោះ​​ជិះ​ម៉ូតូមិន​ដល់​ ២០% ទេ ដែល​បាន​ពាក់​មួក​សុវត្ថិភាព។ ជន​រងគ្រោះ​ភាគច្រើន ​ស្លាប់​ដោយ​ការ​ប៉ះទង្គិច​ក្បាល។ ​

 

ដើម្បី​កាត់​បន្ថយ​អត្រា​មរណភាព ក្នុង​​គ្រោះថ្នាក់​ចរាចរណ៍ អង្គការ AIP បាន​បង្កើត​គម្រោង​បី ទី១ គម្រោង "មួក​សុវត្ថិភាព​មួយ ជួយ​ជីវិត​បាន​ម្នាក់" ទី២ គម្រោង "​សុវត្ថិភាព​ចរាចរណ៍​លើ​ដង​ផ្លូវ សហគមន៍​មាន​សុវត្ថិភាព" និង ទី​៣ គម្រោង " ភ្នាក់ងារ​ជំរុញ​ឱ្យ​មាន​ការប្រែប្រួល​ជា​វិជ្ជមាន" ក្នុង​បំណង​ជួយ​បង្កើន​ការយល់​​ដឹង ដល់​ពលរដ្ឋខ្មែរ និង បាន​​ធ្វើសកម្មភាព​ចែកចាយ​មួកសុវត្ថិភាព ​នៅ​តំបន់​នានា​ក្នុង​ប្រទេស​កម្ពុជា។

 

​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្មី ដែល​តម្រូវ​ឲ្យ​អ្នក​រួមដំណើរ គិត​ទាំងកុមារ​​អាយុ​ចាប់​ពី ៣ ឆ្នាំ​ឡើង​ទៅ ពាក់​មួកសុវត្ថិភាព បានអនុម័តហើយ កាលពី ខែមករា ឆ្នាំ ២០១៥ តែ​មិន​ទាន់​អនុវត្តនៅឡើយ ហើយ​ច្បាប់​នេះ​នឹង​​ចាប់អនុវត្តនៅដើមឆ្នាំ២០១៦។

 

ជា​មធ្យម​អ្នក​ស្លាប់​ក្នុង​​គ្រោះថ្នាក់​ចរាចរណ៍​ទូទៅមាន ​៦នាក់ ​ក្នុង​មួយ​ថ្ងៃ ហើយ​ចំនួន​នេះ​នឹង​កើន​ឡើង​ ប្រសិន​បើ​គ្មាន​វិធានការ​ទប់ស្កាត់​សមស្រប។ បើ​សិន​ច្បាប់​នេះ​ត្រូវ​បាន​អនុវត្ត​ប្រកបដោយ​ប្រសិទ្ធភាព ក្នុង​ឆ្នាំ​ ២០១៥​ នេះ អង្គការ​ខាងលើ​រំពឹង​ថា អត្រា​​នៃ​ការ​ពាក់​មួក​សុវត្ថិភាព ​ក្នុង​ចំណោម​អ្នក​រួម​ដំណើរ ​តាម​ទោចក្រយានយន្ត នឹង​កើន​ឡើង​ពី ៧% ដល់ ៥៥% ក្នុង​ឆ្នាំ ​២០១៥ ហើយ​បន្ត​កើន ៥% នៅ​រាល់​ឆ្នាំ​បន្ទាប់។

 

ក្នុង​ឱកាស​នេះ​ដែរលោក​ជំទាវ មឹន មាណវី រដ្ឋលេខាធិការ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន និង​ជា​អនុប្រធាន គណៈកម្មាធិការ​ជាតិ សុវត្ថិភាព​ចរាចរណ៍​ផ្លូវ​គោក ថ្លែង​ថា កាល​ពី​ឆ្នាំ​ទៅ​មិញ អ្នក​ស្លាប់​ទូទៅ​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍ មាន​ជាង​ ២០០០ នាក់ ហើយ​លោក​ជំទាវ​បន្ថែមទៀត​​ថា គ្រោះថ្នាក់ចរាចរណ៍ ធ្វើ​ឱ្យ​​រដ្ឋ​ខាត​បង់ថវិកាជាតិ​​​ជាង ៣០០ លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំៗ។

 

គួរ​បញ្ជាក់​ថា នៅ​ឆ្នាំ២០១៤ មាន​គ្រោះថ្នាក់​ចរាចរណ៍​ចំនួន ៤.៦៤៥ ករណី និង​ជន​រង​គ្រោះ​​​ចំនួន ​​១៥.៣១៥ នាក់។ ក្នុង​ចំណោម​​​​ជន​រង​គ្រោះ​មាន​អ្នក​ស្លាប់​ចំនួន ២.២២៦ នាក់​ និង​របួសធ្ងន់ ​៦.០០៥ នាក់ (គិត​ជា​​មធ្យម​ភាគ​មាន​អ្នក​ស្លាប់​ច្រើន​ជាង ៦នាក់ និង​របួស​ធ្ងន់​ជិត ១៧​នាក់​​​​​ក្នុង​​មួយ​ថ្ងៃ)។ ចំនួនអ្នកស្លាប់បានកើនឡើង ១៤%  និង​អ្នករបួស​ធ្ងន់​បានកើន​ឡើង ៦% បើធៀប​នឹង​ឆ្នាំ​២០១៣។

 

លោក កៃ គឹមសុង និពន្ធ​នាយក​កាសែត​ភ្នំពេញ​ប៉ុស្ដិ៍

 

ក្រោយ​ទទួល​តួលេខ​ពី​ចំនួន​អ្នកស្លាប់ ២.២២៦ នាក់ ​លោក កៃ គឹមសុង និពន្ធនាយក​កាសែត​ភ្នំពេញប៉ុស្ដិ៍ បាន​សម្ដែង​ក្ដី​រន្ធត់​ដោយ​លើកឡើង​ថា ចំនួននេះ​ស្មើ​នឹងជនរងគ្រោះ​ស្លាប់ ក្នុង​ឧប្បត្តិហេតុធ្លាក់​យន្តហោះ​ចំនួន​ប្រាំ។ យ៉ាងណា​លោកនិយាយ​ថា អ្នកសារព័ត៌មាន ត្រូវ​តែ​បន្ត​​ជួយ​លើ​បញ្ហា​នេះ តាម​រយៈការ​ផលិត​ជា​អត្ថបទ​ ​និងរូបភាព​ ដើម្បី​ឆ្លុះបញ្ចាំង​ពី​ផលប៉ះពាល់នៃ​គ្រោះថ្នាក់​ចរាចរណ៍​។ ចំណែក​ទូរទស្សន៍ និង ​វិទ្យុ អាចធ្វើ​ជា​ស្ពត ឬ​និពន្ធជា​រឿង​ខ្លីៗ ដើម្បី​ដាស់តឿន​ និង​​ណែនាំ​ឱ្យ ​​ពលរដ្ឋខ្មែរ ឱ្យ​យល់​ពី​តម្លៃ​ជីវិត និង​ចេះ​ពាក់​មួក​សុវត្ថិភាពការពារ ពេល​បើកបរ​។

 

ខាង​ក្រោម​នេះ គឺជា រូបភាព គណៈ​អធិបតី អ្នក​កាសែត ភ្ញៀវ​ជាតិ និង អន្ដរជាតិ ដែល​ចូលរួម​កម្មវិធី​កម្មវិធី​ វេទិកាថ្នាក់​និពន្ធ​នាយក​សារព័ត៌មាន​ស្ដីពី "រួមគ្នា​ជំរុញ​ការពាក់​មួក​សុវត្ថិភាព​នៅ​កម្ពុជា"៖

 

ឯកឧត្តម​ ខៀវ កាញារីទ្ធ រដ្ឋមន្រ្តី​ក្រសួង​ព័ត៌មាន

 

​​ឯកឧត្ដម​​ រុន​ រ័ត្នវាសនា​ ​​​ ​​ប្រធាន​នាយកដ្ឋាន​​នគរបាល​ចរាចរណ៍ ​និង ​សណ្ដាប់ធ្នាប់​សាធារណៈ​ 

លោក ឆាយ សុផល នាយក​ប្រតិបត្តិ​នៃ​ក្លឹប​អ្នក​កាសែត​កម្ពុជា

លោក លាង ដឺលុច និពន្ធ​នាយក​​វេបសាយ​ថ្មីៗ

 អ្នកស្រី មើរ៉ាម ស៊ីឌីក ប្រធាន​នាយិកា​ប្រតបត្តិ អង្គការ​មូលនិធិ​បង្ការ​របួស​ អាស៊ី​ 

 

អាន៖ ពង្រាង​អនុក្រឹត្យ​ថ្មី​​ ​​​​​​តម្លៃ​ផាក​ពិន័យ​ចរាចរណ៍​​​​​កើន​ឡើង​​គុណ​នឹង​ ៥

 

 

អត្ថបទ៖ អ៊ុំ សុភក្តិ