អនុក្រឹត្យ​ថ្មី​​ ​​​​​​តម្លៃ​ផាក​ពិន័យ​ចរាចរណ៍​​​​​កើន​ឡើង​​គុណ​នឹង​ ៥ តែ​ស្ថិត​នៅ​ក្នុង​ដំណាក់​កាល​ណែនាំ​

  • 2015-07-15 23:06:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដើម្បី​រឹត​បន្តឹង​សុវត្ថិភាព​ចរាចរណ៍ ​និង​ ការ​គោរព​ច្បាប់​ចរាចរណ៍​ឲ្យ​មាន​ប្រសិទ្ធភាព ​​​​​​អនុក្រឹត្យ​ថ្មី​នឹង​បង្កើន​តម្លៃ​ផាក​ពិន័យ​​ខ្ពស់​ជាង​មុន​ដល់​ ៥​ ដង ប៉ុន្ដែ អនុក្រឹត្យ​ថ្មី​នេះ ស្ថិត​នៅ​ក្នុង​ដំណាក់​កាល​ណែនាំ​នៅ​ឡើយ រហូត​ដល់​ថ្ងៃ​ទី ១ ខែ មករា ឆ្នាំ ២០១៦ ទើប​ចាប់​ផ្ដើម​អនុវត្ត។

 

អនុក្រឹត្យ​ថ្មី​ស្តី​ពី​ការ​ពិន័យ​អន្តរការណ៍​​ចំពោះ​អំពើ​ល្មើស​នឹង​ច្បាប់​ស្ដី​ពី​ចរាចរណ៍​ផ្លូវគោក​​ថ្មី​នឹង​​​​​​ផាក​ពិន័យ​​​អ្នក​ល្មើសច្បាប់​ចន្លោះ​ពី​ ១​ម៉ឺន ៥ ​ពាន់​ ​រៀល ​ដល់​ ១២ ម៉ឺន​​ រៀល។ ​​​​​​

 

 

ឯកឧត្ដម​​ ឧត្ដមសេនីយ៍ឯក​​​បណ្ឌិត​ រុន​ រ័ត្នវាសនា​ ​​​ ​​ប្រធាន​នាយកដ្ឋាន​​នគរបាល​ចរាចរណ៍ ​ និង​សណ្ដាប់ធ្នាប់​សាធារណៈ​

 

យោង​តាម​ប្រសាសន៍​​​​ ​​ឯកឧត្ដម​​ ឧត្ដមសេនីយ៍ឯក​​​បណ្ឌិត​ រុន​ រ័ត្នវាសនា​ ​​​ ​​ប្រធាន​នាយកដ្ឋាន​​នគរបាល​ចរាចរណ៍ ​និង ​សណ្ដាប់ធ្នាប់​សាធារណៈ​ បាន​ឲ្យ​ដឹង​ថា ​​ការ​បង្កើន​តម្លៃ​ផាក​ពិន័យ​ដ៏​ខ្ពស់​បែប​នេះ​ គឺ​ដើម្បី​​​​​ជំរុញ​ឲ្យ​គោរព​ច្បាប់​សំដៅ​ការ​កាត់​បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​កាន់​តែ​ប្រសើរ។ ​​​លោក​បាន​បញ្ជាក់​ដូច្នេះ៖ ​«កន្លង​មក​យើង​ឃើញ​ថា ​តម្លៃ​ផាក​ពិន័យ​ចរាចរណ៍​គឺ​ ​​មាន​តម្លៃ​ទាប​ដែល​ធ្វើ​ឲ្យ​អ្នក​មាន​លុយ​​គិត​ថា ​មិន​បាច់​គោរព​ក៏​បាន​ដែរ ​ព្រោះ​បើ​ផាក​ក៏​មិន​អស់​ច្រើន​ដែរ។ ​ដូច្នេះ​ ប្រជាពលរដ្ឋ​គោរព​ច្បាប់​ចរាចរណ៍​ក្នុង​កម្រិត​ធូរ​រលុង»។ ​

 

​ឯកឧត្តមបន្ថែម​ថា ​​បើ​ការ​ផាក​ពិន័យ​កើន​ច្រើន​ដូច្នេះ​គឺ​អាច​កាត់​បន្ថយ​ការ​មិន​គោរព​ច្បាប់​ចរាចរណ៍​បាន​ប្រសើរ​ជាង​មុន។

 

​​ឯកឧត្ដម​ឧត្ដមសេនីយ៍​ឯក​លើក​ឡើង​ដូច្នេះ៖​ «ពី​មុន​តម្លៃ​ផាក​ពិន័យ​ចន្លោះ​ពី​ ៣​ពាន់​ ​ដល់​១ ម៉ឺន ៥ ពាន់​រៀល​ទេ។ ​​ចំពោះ​​អនុក្រឹត្យ​ថ្មី​ ដែល​ត្រៀម​នឹង​អនុវត្ត​នៅ​ដើម​ឆ្នាំ​ក្រោយ​នេះ នឹង​​​ផាក​ពិន័យ​តិច​បំផុត​ក៏​ត្រឹម ​១ ម៉ឺន​ ៥ ​ពាន់​ ​រៀល​ដែរ ​ហើយ​បើ​គាត់​ខុស​ច្រើន​ គឺ​ត្រូវ​បូក​បញ្ចូល​គ្នា​​រហូត​ដល់​តម្លៃ​ខ្ពស់​បំផុត ​១២ ​ម៉ឺន​រៀល​ក៏​មាន។​​ ​​អីចឹង​ ចង់​មិន​ចង់​ក៏​គាត់​ត្រូវ​គោរព​ឲ្យ​បាន​ខ្ជាប់ខ្ជួន​ជាង​មុន​ដែរ ​ព្រោះពួក​​​គាត់​ខ្លាច​ខាតបង់​ប្រាក់​កាស​ច្រើន»។

 

 

 

ថ្នាក់​ដឹកនាំ​​ចរាចរណ៍​ផ្លូវ​គោក​ខាង​លើ​បាន​​​​ឲ្យ​ដឹង​ដែរ​ថា ​បើ​ទោះ​ជា​តម្លៃ​ការ​ផាក​ពិន័យ​ថ្មី​កើន​ខ្ពស់​ជាង​មុន​ច្រើន​ក្ដី​ តែ​បើ​ប្រៀបធៀប​នឹង​ប្រទេស​ជិត​ខាង​គឺ​ នៅ​ទាប​ជាង​គេ​នៅ​ឡើយ។

 

​​ច្បាប់​ការ​ផាក​ពិន័យ​ថ្មី​នេះ​មិន​ទាន់​ត្រូវ​យក​មក​អនុវត្ត​ភ្លាម​ៗ​ទេ​គឺ​ ​​ត្រូវ​រង់ចាំ​ដល់​​​​ថ្ងៃ​ទី ​១ ​ខែ​ មករា ​ឆ្នាំ​ ២០១៦ ​ទើប​ចាប់​ផ្ដើម​អនុវត្ត ​ហើយ​រយៈពេល​ពី​ពេល​នេះ​ដល់​​ដំណាច់​ឆ្នាំ​ គឺ​ជា​ពេល​ផ្សព្វផ្សាយ​ឲ្យ​ប្រជាពលរដ្ឋ​បាន​ជ្រួតជ្រាប​តាំង​ពី​ថ្នាក់​រាជធានី ​ដល់​មូលដ្ឋាន។ ​​ការ​ផាក​ពិន័យ​ចន្លោះ​ពេល​នេះ​ដល់​ចុង​ឆ្នាំ ​២០១៥ ​គឺ​យក​តាម​តម្លៃ​​ការ​ផាក​ពិន័យ​​​អនុក្រឹត្យ​ការ​ពិន័យ​អន្តរការណ៍​ចាស់៕

 

អាន៖ ៣ សន្លឹក​បង្ហាញ​ពី​សុជីវធម៌​តាម​ដង​ផ្លូវ​គួរ​យក​ជា​គំរូ

 

​​​​​​អត្ថបទ៖ ​ប្រាក់ ចាន់សីហា