៣ សន្លឹក​បង្ហាញ​ពី​សុជីវធម៌​តាម​ដង​ផ្លូវ​គួរ​យក​ជា​គំរូ

  • 2015-07-11 18:32:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ធ្វើ​ដំណើរ​តាម​ដង​ផ្លូវ​ ប្រសិន​បើ​អ្នក​បើកបរ​មិន​ដឹង​ច្បាប់​ទម្លាប់​អាច​បង្ក​ជា​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ជា​យថាហេតុ ​​​​ហើយ​អ្វី​ដែល​សំខាន់​ជាង​​នេះ​បើ​គ្មាន​ធម៌​ខន្តី​ សុជីវធម៌​ក្នុង​ការ​បើកបរ​ដាក់​ចិត្ត​ឲ្យ​ធ្ងន់​ទេ ​គ្រោះថ្នាក់​ប៉ះ​ពារ​​បន្តិចបន្តួច​អាច​ក្លាយ​ជា​ជម្លោះ​ធំ​រហូត​ឈាន​ដល់​វាយតប់ ​និង​ឡើង​តុលាការ​​ខាត​បង់​ម្ខាងៗ​ទាំង​ពេល​វេលា​ និង​ថវិកា។ ​រូប​បី​សន្លឹក​ខាង​ក្រោម​បង្ហាញ​កាយវិការ​ទន់ភ្លន់​ យោគយល់​​​​​​​អធ្យាស្រ័យ​ ​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​តូច​មួយ​កាល​ពី​​ម៉ោង​ ១២ ​ថ្ងៃ​ត្រង់​ ​​ថ្ងៃ​​ទី ១០ ​កក្កដា​ម្សិលមិញ​ត្រង់​ចំណុច​ស្តុប​អូរឫស្សី ​ចំណុច​ប្រសព្វ​​​​​​មហាវិថី​ព្រះ​មុនីវង្ស​ដែល​ប្រទះ​ឃើញ​ដោយ​បុគ្គលិក​ Sabay។

 

 

ក្នុង​ហេតុការណ៍​នេះ​មាន​ម៉ូតូ​ពីរ​គ្រឿង។ ​ម៉ូតូ​មួយ​គ្រឿង​បើកបរ​តែ​ឯង​​ ដោយ​មាន​ផ្ទុក​ឥវ៉ាន់​យ៉ាង​ធ្ងន់​នៅ​ពីក្រោយ ​មួយ​គ្រឿង​ទៀត​បើកបរ​ឌុប​គ្នា​ពីរ​នាក់។ ​ដោយ​ជិះ​មិន​ប្រយ័ត្ន​ ​អ្នក​ទាំង​ពីរ​ក៏​វ៉ាក់អឺ​ប្រុង​នឹង​កៀរ​គ្នា ​តែ​ម៉ូតូ​ដែល​ជិះ​តែ​ឯង​ប្រឹង​គេច​ក៏​ដួល​ចាក់​ឥវ៉ាន់​ដ៏​ធ្ងន់​នៅ​ផ្លូវ។ ​ឃើញ​ដូច​នេះ​ដើម្បី​ជា​ការ​សូម​ទោស​ផង ​អ្នក​បើកបរ​ម៉ូតូ​ពីរ​នាក់​បាន​ឈប់​ម៉ូតូ​​ចុះ​ជួយ​លើក​ឥវ៉ាន់​ដ៏​ធ្ងន់​ដាក់​លើ​ម៉ូតូ​ភាគី​ម្ខាង​ទៀត​។ ​សកម្មភាព​នេះ​​បាន​រំងាប់​អារម្មណ៍​ខឹង​សម្បារ​របស់​​ភាគី​ម្ខាងៗ ​​​ហើយ​ចុងក្រោយ​ទាំង​ពីរ​ភាគី​បាន​ចាកចេញ​ដោយ​ការ​​ស្នាមញញឹម ​យោគយល់​អធ្យាស្រ័យ​គ្នា ​ជាជាង​ការ​ស្រែក​ជេរ ​រក​អ្នក​ឈ្នះ​រៀងៗ​ខ្លួន។​ នេះ​គ្រាន់​ជា​រឿង​តូច​មួយ​ដែល​ Sabay ​ចង់​ចែក​រំលែក​​ឲ្យ​ប្រិយមិត្ត​យក​ទៅ​ពិចារណា​ក្នុង​នាម​ជា​អ្នក​ដំណើរ​តាម​ដង​​ផ្លូវ​រាល់​ថ្ងៃ។ ​​​​អធ្យាស្រ័យ​​​អាច​​ឲ្យ​រឿង​ធំ​ក្លាយ​ជា​រឿង​តូច ​រឿង​តូច​ក្លាយ​ជា​គ្មាន​រឿង៕

 

 

 

អាន៖ សាក​ប៉ុន្មាន​​វិធី​នេះ​មើល៍ ​ក្រែង​​​​​​សំចៃ​​ថ្លៃ​ប្រេង​​​បាន​ខ្លះ

 

អត្ថបទ៖ ​សីហា រូបភាព៖ ​ទូរសព្ទដៃ​​​​​​

អត្ថបទពេញនិយម