គូស្នេហ៍​ថ្មី​ថ្មោង​គួរ​ឆ្លើយ​សំនួរ៧ មុន​សម្រេច​ចិត្ត​យក​កូន

  • 2015-07-16 19:09:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រៀបការ​ជាមួយ​មនុស្ស​ដែល​ខ្លួន​ស្រលាញ់ រួច​បង្កើត​កូន​ជា​ចំណង​ដៃ​ស្នេហា​ដើម្បី​កសាង​សុភមង្គល ជា​បំណង​ប្រាថ្នា​របស់​មនុស្ស​គ្រប់​រូប។ ទោះ​យ៉ាង​ណា វា​មិន​មែន​ជា​រឿង​ងាយ​ស្រួល​ឡើយ ព្រោះ​បង្កើត​កូន​ហើយ ត្រូវ​ចំណាយ​ពេល​មើល​ថែ និង​គិត​ពី​អនាគត​របស់​ពួក​គេ។ ដូច​នេះ​ដើម្បី​កុំ​ឲ្យ​មាន​ការ​ស្ទាក់​ស្ទើរ​ស្ដាយ​ក្រោយ គួរ​សាកល្បង​គិត​ពី​សំនួរ​ទាំង​៧ នេះ​ជា​មុន​សិន៖

 

១. តើ​អ្នក​ទាំង​ពីរ​មាន​គម្រោង​ច្បាស់​លាស់​ឬ​ទេ?

 

 

មាន​ផ្ទៃពោះ​​ពិត​ជា​ធ្វើ​ឲ្យ​អ្នក​ទាំង​ពីរ​រីករាយ​ញញឹម​បិទ​មាត់​មិន​ជិត ប៉ុន្តែ​ត្រូវ​គិត​ពី​អនាគត​​ឲ្យ​បាន​ច្បាស់​លាស់​ផង។ អ្នក​មាន​ចំណេះ​ដឹង​ជា​ម្ដាយ​ឪពុក​ប៉ុណ្ណា ហើយ​ត្រៀម​ខ្លួន​ធ្វើ​ជា​ឪពុកម្ដាយ​រួច​រាល់​ឬ​នៅ? នេះ​ជា​អ្វី​ដែល​ត្រូវ​គិត មុន​ពេល​សម្រេច​ចិត្ត​យក​កូន។ ​

 

២. ដឹង​ច្បាស់​ថា​ខ្លួន​ឯង​ជា​ឪពុក​ម្ដាយ​បែប​ណា​ហើយ​ឬ​នៅ?

 

តើ​អ្នក​ចូល​ចិត្ត​ឪពុក​ម្ដាយ​ដែល​តឹង​តែង​ដើម្បី​អប់​រំ​កូន​ឲ្យ​ខ្លាច​ហើយ​ធ្វើ​តាម ឬ​ចូល​ចិត្ត​ឪពុក​ម្ដាយ​ដែល​ស្លូត​បូត​ឲ្យ​កូន​គោរព​ហើយ​ស្ដាប់​បង្គាប់? ប្រសិន​បើ​ចំណង់​ចំណូល​ចិត្ត​របស់​អ្នក​ទាំង​ពីរ​ដូច​គ្នា នោះ​ជា​រឿង​ល្អ​បំផុត ប៉ុន្តែ​បើ​ផ្ទុយ​វា​អាច​បង្ក​ឲ្យ​កើត​ជា​ជម្លោះ។ គួរ​ពិភាក្សា​គ្នា រក​ដំណោះ​ស្រាយ​ជា​មុន។

 

៣. អាច​បញ្ឈប់​ការ​ឈ្លោះ​ទាស់​ទែង​គ្នា​បាន​ឬ​ទេ?

 

នៅ​ក្មេង​ចិត្ត​ខ្លាំង តែង​បង្ក​ជា​ជម្លោះ​ញឹក​ញាប់ បើ​ទោះ​បី​ស្រលាញ់​គ្នា​យ៉ាង​ណា​ក៏​ដោយ ប៉ុន្តែ​បើ​សម្រេច​ចិត្ត​ថា​យក​កូន​ហើយ គួរ​បញ្ឈប់​ការ​ឈ្លោះ​ទាស់ទែង​គ្នា ព្រោះ​វា​អាច​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​សតិ​អារម្មណ៍​កូន។ ​

 

៤. ​អាច​ទទួល​យក​បាន​ឬ​អត់?

 

 

ត្រូវ​ជម្រុះ​ទម្លាប់​អាក្រក់​ចោល ដើម្បី​ថែរក្សា​គភ៌​ក្នុង​ផ្ទៃ​រហូត​ដល់​ពេល​ប្រសូត ត្រូវ​ជម្នះ​ការ​ឈឺ​ចាប់​នៅ​​ពេល​ផ្ដល់​កំណើត ត្រូវ​ត្រៀម​ខ្លួន​នឿយ​ហត់​គ្រប់​បែប​យ៉ាង ត្រូវ​ស្ដាប់​សំឡេង​កូន​យំ​រាល់​ថ្ងៃ...។ អ្វី​ទាំង​អស់​នេះ តើ​អ្នក​អាច​ធ្វើ​បាន​ឬ​ទេ? ប្រសិន​បើ​ធ្វើ​បាន ចាំ​សម្រេច​ចិត្ត​ថា​គួរ​យក​កូន ឬ​អត់។

 

៥. មាន​លុយ​កាក់​គ្រប់​គ្រាន់​ឬ​នៅ?

 

គូស្នេហ៍​ពីរ​នាក់​ដែល​រៀបការ​រួច សុទ្ធតែ​ជា​កម្លាំង​ស្នូល​រក​ទ្រព្យ​ចូល​គ្រួសារ ប៉ុន្តែ​នៅ​ពេល​មាន​កូន ចំណូល​ត្រូវ​ធ្លាក់​ចុះ​ឯ​ចំណាយ​មាន​កាន់​តែ​ច្រើន។ ពេល​ខ្លះ​ភាគី​ខាង​ស្រី ត្រូវ​លា​ឈប់​ពី​ការ​ការងារ ដើម្បី​ចំណាយ​ពេល​ចិញ្ចឹម​កូន ទុក​ឲ្យ​ប្ដី​រក​ចំណូល​ម្នាក់​ឯង។ ដូច​នេះ​ត្រូវ​គិត​ជា​មុន​ថា អ្នក​មាន​កញ្ចប់​ថវិកា​គ្រប់​គ្រាន់​ទេ ហើយ​បុរស​ជា​មេ​គ្រួសារ​អាច​រក​ចំណូល​ម្នាក់​ឯង​​គ្រប់​គ្រាន់​ឬ​អត់? ​​

 

៦. តើ​គំនិត​ចង់​បាន​កូន​ស្រប​គ្នា​ឬ​ទេ?

 

 

ពេល​ខ្លះ​ភាគី​ម្ខាង​ចង់​បាន​កូន​ឆាប់ ឯ​ភាគី​ម្ខាង​ទៀត​ហាក់​ស្ទាក់​ស្ទើរ មិន​ទាន់​ចង់​បាន​នៅ​ឡើយ។ ប្រសិន​បើ​ភាគី​ម្ខាង​ជំទាស់ គួរ​ពិភាក្សា​គ្នា​រង់​ចាំ​រហូត​ដល់​គំនិត​នោះ​ស្រប​គ្នា ចាំ​សម្រេច​ចិត្ត​យក​កូន។ ប្រសិន​បើ​មិន​ដូច្នោះ​ទេ សុភមង្គល​ដែល​ធ្លាប់​រំពឹង​ទុក មិន​អាច​កើត​ឡើង​បាន​ឡើយ។ ​

 

៧. អាច​ផ្លាស់​ប្ដូរ​ទម្លាប់​លើ​គ្រែ​បាន​ឬ​ទេ?

 

ជា​ដំណឹង​ល្អ​ពេល​គូស្នេហ៍​គ្រប់​រូប​ដឹង​ថា​ខ្លួន​នឹង​ក្លាយ​ជា​ឪពុក​ម្ដាយ ប៉ុន្តែ​ក៏​អាច​ជា​បញ្ហា​មួយ​ដែរ​សម្រាប់​ជីវិត​លើ​គ្រែ​របស់​ពួក​គេ។ ពេល​ពពោះ​ជីវិត​ផ្លូវ​ភេទ​នឹង​ត្រូវ​កាត់​បន្ថយ ឯ​ក្រោយ​ពេល​បង្កើត​នឹង​ត្រូវ​កាត់​ផ្ដាច់​មួយ​រយៈ។ នេះ​អាច​ជា​រឿង​តូច​សម្រាប់​គូស្នេហ៍​មួយ​ចំនួន​ដែល​អាច​ទទួល​យក​បាន ប៉ុន្តែ​បុរស​ខ្លះ​ឆ្លៀត​ពេល​នេះ​ផិត​ក្បត់​ព្រោះ​ទ្រាំ​មិន​បាន។ ដូចនេះ​បើ​គិត​ថា មិន​ទាន់​ផ្លាស់​ប្ដូរ​ទម្លាប់​នេះ​បាន ១០០​ភាគ​រយ​ទេ គួរ​កុំ​ទាន់​គិត​រឿង​យក​កូន៕

 

ចុចអាន៖  តិចនិក​ធ្វើ​ឱ្យ​ប៉ា​ម៉ាក់​គេ​ស្រលាញ់​ ពេល​ទៅ​ជួប​លើក​ដំបូង

 

ប្រែ​សម្រួល៖ គង់ វិសាល ប្រភព៖ womenshealthmag

អត្ថបទពេញនិយម