Ronaldo ​ត្រូវ​ប្រជាជន​អូស្ត្រាលី​សរសើរ​ថា​រួសរាយ​​រាក់ទាក់

  • 2015-07-18 14:30:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Cristiano Ronaldo ​បាន​ទៅ​ដល់​ប្រទេស​អូស្ត្រាលី​ប៉ុន្មាន​ថ្ងៃ​មក​ហើយ ដើម្បី​ត្រៀម​ខ្លួន​ប្រកួត​ពាន​រង្វាន់ International Champions Cup​។ ​វត្តមាន​របស់​កីឡាករ Real Madrid ​រូប​នេះ​ត្រូវ​បាន​ប្រជាជន​អូស្ត្រាលី​ដែល​បាន​ឃើញ​ ​សរសើរ​ថា​ជា​មនុស្ស​រួសរាយ​ និង​រាក់ទាក់​គួរ​ឱ្យ​រាប់​អាន​ខ្លាំង​ណាស់។

 

ម្ចាស់​ហាង​លក់អីវ៉ាន់ថត​ជាមួយ Ronaldo

 

កាល​ពី​ម្សិលមិញ​នេះ Ronaldo ​បាន​ចូល​ទៅ​ទិញ​អីវ៉ាន់​ក្នុង​ហាង​តូច​មួយ​ក្បែរ​កន្លែង​ហ្វឹកហាត់​ត្រៀម​ប្រកួត​នៅ​ល្ងាច​នេះ។ ភ្លាម​នោះ​ម្ចាស់​ហាង​ភ្ញាក់​ខ្លួន​ខ្ញាក​ដោយសារ​តែ​ឃើញ​កីឡាករ​ល្បី​ឈ្មោះ​មាន​លុយ​រាប់​លាន​ដុល្លារ​ ចូល​ទៅ​ទិញ​អីវ៉ាន់​ក្នុង​ហាង​របស់​លោក។ ដោយ​អ​ផង​ភ័យ​ផង លោក Beckett ​ដែល​ជា​ម្ចាស់​ហាង​បាន​ដើរ​ទៅ​និយាយ​ជាមួយ ហើយ​ក៏​បាន​សន្ទនា​គ្នា​យ៉ាង​សប្បាយ​រីករាយ​ពី​រឿង​បាល់ទាត់​ផង​ដែរ។ ក្រោយ​ពី​នោះ​មក ម្ចាស់​ហាង​ខាង​លើ​បាន​ប្រាប់​ទៅ​កាសែត ​Fairfax ​ថា​កីឡាករ​វ័យ​៣០​ឆ្នាំ​រូប​នេះ​ពិត​ជា​រួសរាយ​ខ្លាំង​ណាស់ ហើយ​ក៏​មិន​ប្រកាន់​ខ្លួន​ដែរ។

 

 ស្រីស្រស់​ម្ចាស់​គណនី​ Instagram ​ឈ្មោះ janetprasetio

 

ងាក​ទៅ​ខាង​ស្រី​ស្រស់​ម្នាក់​ទៀត​ដែល​មាន​គណនី​ Instagram ​ឈ្មោះ janetprasetio ​ដែល​បាន​ជួប​ផ្ទាល់​ជាមួយ​អតីត​កីឡាករ Manchester United ​ខាង​លើ បាន​បញ្ជាក់​ឱ្យ​ដឹង​ដែរ​ថា​បុរស​កូន​មួយ​រូប​នេះ​ត្បិត​តែ​មាន​រឿង​​អាស្រូវ​ជាមួយ​ស្រី​ច្រើន​មែន ប៉ុន្តែ​ជាក់ស្ដែង​រូប​គេ​ពិត​ជា​គួរ​សម​ខ្លាំង​ណាស់​។ នារី​មុខ​ស្រស់​រូប​នោះ​បាន​បន្ត​ទៀត​ថា រូប​នាង​នឹង​ទៅ​គាំទ្រ​ Real Madrid ​នៅ​ថ្ងៃ​ល្ងាច​នេះ ហើយ​ជូនពរ​ Ronaldo ​ឱ្យ​មាន​សំណាង​ល្អ។

 

ប្អូន​ស្រីរបស់​​ម្ចាស់គណនី Instagram ​ឈ្មោះ tahliaoverboard

 

ដូច​ទៅ​នឹង​ស្រី​ស្រស់​ខាង​លើ​ដែរ នារី​ម្នាក់​ទៀត​ដែល​មាន​គណនី Instagram ​ឈ្មោះ tahliaoverboard ​បាន​និយាយ​ដែរ​ថា​ប្អូន​ស្រី​របស់​នាង​បាន​ទៅ​ជួប​ផ្ទាល់​ជាមួយ​កីឡាករ​សញ្ជាតិ​ព័រទុយហ្គាល់​រូប​នេះ​អំឡុង​ពេល​ក្រុម Real Madrid ​ធ្វើ​កម្មវិធី​ចុះ​ហត្ថលេខា​ឱ្យ​អ្នក​គាំទ្រ។ ហើយ​ចាប់​តាំង​ពី​បាន​ជួប​កីឡាករ​រូប​នេះ​មក ប្អូន​ស្រី​របស់នាង​​តែងតែ​និយាយ​ពី​ Ronaldo ​មិន​ដាច់​ពី​មាត់​នោះ​ទេ។

 

  ម្ចាស់​ហាង​​កាត់​សក់​ឈ្មោះ​ថា Angela Sassano

 

ចំពោះ​កន្លែង​កាត់​សក់​វិញ Ronaldo ​បាន​ចូល​ទៅ​កាត់​សក់​ក្នុង​ហាង​មួយ​ឈ្មោះ​ថា Kings Domain ។ ម្ចាស់​ហាង​នោះ​ឈ្មោះ​ថា Angela Sassano ​បាន​និយាយ​ថា​រូប​នាង​សឹង​តែ​មិន​ជឿ​នឹង​ភ្នែក​នៅ​ពេល​ដែល​ឃើញ​កំពូល​កីឡាករ​ម្នាក់​បាន​ចូល​មក​ហាង​តួច​តាច​របស់​នាង​។ ​នារី​រូប​នោះ​បាន​បន្ត​ទៀត​ថា កីឡាករ​ម្ចាស់​ពាន​ Ballon d'Or ​៣​សម័យ​រូប​នេះ​ពិត​ជា​មនុស្ស​ធម្មតា​ខ្លាំង​ណាស់ រូបគេ​សួរ​នាំ​នាង​ដូច​ភ្ញៀវ​ដទៃ​ទៀត​ដែរ​ហើយ​ថែម​ទាំង​និយាយ​ច្រើន​ទៀត។ ចំពោះ​ការ​កាត់​សក់​នោះ Ronaldo ​ឱ្យ Sassano ១០០​ដុល្លារ។

 

 

នៅ​ពេល​យប់​វិញ មាន​គេ​រៀប​ចំ​បន្ទប់ VIP ​មួយ​ឱ្យ​ Ronaldo ​ក្នុង​ក្លិប​កម្សាន្ត​ល្បី​ឈ្មោះ​មួយ​នៅ​ក្នុង​ក្រុង ប៉ុន្តែ​បែរ​ជា​ត្រូវ​កីឡាករ​រូប​នេះ​បដិសេធ​ទៅ​វិញ ហើយ​ក៏​ទៅ​ចូល​លេង​បៀ poker ​នៅ​កន្លែង​សាមញ្ញ​មួយ។

 

ទង្វើ​ប៉ុន្មាន​ខាង​លើ​នេះ​ហើយ ដែល​ត្រូវ​បាន​កាសែត​នៅ​អូស្ត្រាលី​ចុះ​ផ្សាយ​ថា​ប្រជាជន​នៅ​ក្នុង​ប្រទេស​នេះ​សប្បាយ​រីករាយ​ចំពោះ​វត្តមាន​របស់ Cristiano Ronaldo ​និង​ក្លិប Real Madrid ​ណាស់។ ចំពោះ​ការ​ប្រកួត​ពាន​រង្វាន់  International Champions Cup ​វិញ​ប្រកួត​ដំបូង​របស់ Real Madrid ​នឹង​ត្រូវ​ប៉ះ Roma ​នៅ​ល្ងាច​ម៉ោង​៤រសៀល​នេះ ៕

 

ចុចអាន៖ ក្មេង​​តូច​​ម្នាក់​​ហូរ​ទឹក​ភ្នែក ពេល​ជួប​ Ronaldo នៅ​អូស្ត្រាលី

 

​ប្រែ​សម្រួល៖ មុន្នី រម្យ ប្រភព៖  theage , foxsports

អត្ថបទថ្មី