សូដា នីតា បើកបង្ហាញទុក្ខលំបាកជីវិតជាតារាដែលប្រិយមិត្តអាចគិតមិនដល់
- 2015-07-18 19:22:49
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សូដា នីតា បើកបង្ហាញទុក្ខលំបាកជីវិតជាតារាដែលប្រិយមិត្តអាចគិតមិនដល់
ចន្លោះមិនឃើញ
ឆ្លងកាត់ឆាកជីវិតជាសិល្បការិនីប្រមាណ១០ឆ្នាំ តារាសម្ដែង និងជាពិធីការិនី សូដា នីតា បើកបង្ហាញពីខ្សែជីវិតជាសិល្បករ សិល្បការិនីថា ជីវិតរបស់ពួកនាង មានការលំបាកច្រើនណាស់បើធៀបនាង នឹងប្រិយមិត្តដែលជាសាមញ្ញជនមានសេរីភាពពេញលេញច្រើនជាង។
ការបើកបង្ហាញឆាកជីវិតលំបាករបស់ជីវិតតារានាពេលនេះរបស់ សូដា នីតា ឆ្លើយតបនឹងប្រិយមិត្ត ក៏ដូចជាអ្នកគាំទ្រមួយចំនួនដែលនិយាយចំពោះនាងថា ជាតារាមានភាពសប្បាយរីករាយរហូត។
នៅលើបណ្ដាញសង្គមរបស់ខ្លួន សូដា នីតា សរសេរថា មិនដូច្នេះទេ គឺនាងត្រូវធ្វើការរកស៊ីដូចនឹងប្រិយមិត្តដែរ។ មិនត្រឹមប៉ុណ្ណឹង ថែមកម្រិតខ្លួនឯងលើបញ្ហានានាទៀត មិនថាដេកដើរ ឈរអង្គុយ ឬនិយាយស្ដីឡើយ។ ជីវិតបែបនេះ សូដា នីតា អះអាងថា លំបាកជាងសាមញ្ញជនទៅទៀត
"ខ្ញុំថាធម្មតាត្រូវរកស៊ីធ្វើការដូចគេដូចឯង ខ្ញុំគិតយើងខ្ញុំយ៉ាប់អ្នកធម្មតាទៅទៀត ត្រូវធ្វើការមិនស្គាល់យប់ថ្ងៃ ហើយយើងខ្ញុំថិតនៅក្នុងភ្នែកមហាជន ចង់និយាយ ចង់ធ្វើអី ចង់ទៅណា ចង់យំចង់សើច ចង់មានសង្សារស្នេហាបណ្ដើរទៅណាក៏មិនបាន ពេលខ្លះ យើងខ្ញុំមិនដែលស្គាល់ផង គេស្អប់គេមិនចូលចិត្ត គេនិយាយចេះនិយាយចុះ"។
ទាំងអស់នេះ នីតា និយាយថា ប្រិយមិត្តមិនយល់ពីជីវិតតារាឡើយ។ តារាស្រីរូបនេះ បន្ថែមទៀតថា "ជាការពិតណាស់យើងខ្ញុំជាតារាយល់មហាជន តែគេវិញមិនយល់ចិត្តតារាទេ ចេះតែនិយាយថា ឬកណាស់ ការពិតទៅយើងខ្ញុំជាតារាទៅណាមកណា ពិតក្រែងចិត្តមហាជនណាស់ ហ៊ឺ... ធ្វើជាតារានេះពិតជាមានគំនាបណាស់"។
រូបភាព៖ FB សូដា នីតា
មិនត្រឹមមហាជនទេ ប៉ុន្តែស្ថាប័នសារព័ត៌មាន ក៏ដាក់កែវភ្នែកមើលគ្រប់សកម្មភាពពួកនាងជាតារាដែរ។ "ចំណែក សារព័ត៌មានវិញចាំតែសរសេរទេ មិនខ្វល់ថាពិតមិនពិតទេ សរសេរចាំបកស្រាយតាមក្រោយ បងប្អូនយល់ទេ នេះហើយជីវិតតារាល្បីដូចជាយើងខ្ញុំ"។ តារាស្រីមានគ្រប់ជំនាញទាំងសម្ដែង ពិធីករ និងដើរម៉ូដរូបនេះ សូដា នីតា ថ្លែង។
ស្ដាប់ សូដា នីតា អធិប្បាយហើយ មានប្រិយមិត្តនៅតែចង់ក្លាយជាតារាទេ?
អត្ថបទ៖ ទារិកា