គ្រួសារ​​ ​អេ​ ភូថង និយាយ​ស្ទើរ​មិន​ចេញ ក្រៅ​ពី​អរគុណ​​ម្ចាស់​ជំនួយ​​​​ម៉ូតូ​មួយ​គ្រឿង​និង​អង្ករ

  • 2015-07-21 16:39:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


​អ្នក​ស្រី សំាង សុម៉ាលី និង​ស្វាមី​ ​អេ ភូថង មាន​អារម្មណ៍​រំភើប​រីករាយ​រក​អ្វី​ប្រៀប​ផ្ទឹម​ពុំ​បាន​ដែល​មាន​សប្បុរជន​បាន​​ផ្ដល់​ម៉ូតូ​​មួយ​គ្រឿង​សម្រាប់​ធ្វើ​ដំណើរ​ និង​​អង្ករ​សម្រាប់​​ផ្គត់​ផ្គង់​ក្លិប​កីឡា​ប្រដាល់​ អេ ភូថង កាល​ពី​ម្សិល​មិញ​​។

 

អ្នក​ស្រី សាំង សុម៉ាលី និង លោក​ អេ ភូថង ជិះ​ម៉ូតូចាស់​របស់​លោក

 

អ្នក​ស្រី សាំង សុម៉ាលី ប្រពន្ធ​របស់​លោក​ អេ ភូថង ​បាន​​ឲ្យ​ដឹង​ថា គ្រួសារ​របស់​​អ្នក​ស្រីសូម​​អរ​គុណ​យ៉ាង​ជ្រាល​ជ្រៅ​បំផុត​ចំពោះ​លោក ប៉ែន កាក់ ដែល​បាន​ជួយ​ឧបត្ថម្ភ​ម៉ូតូ​មួយ​គ្រឿង​កាល​ពី​ម្សិល​មិញ​នៅ​ផ្ទះ​របស់​លោក ប៉ែន កាក់ និង​អ្នក​ស្រី នី វណ្ណ​ បាន​ផ្ដល់​អង្ក​​​រមួយ​បាវ​ទម្ងន់​៥០គីឡូក្រាម។ អ្នក​ស្រី នីវណ្ណ​ បាន​ទាក់​ទង​តាម​រយៈ​ទូរសព្ទ​មក​លោក​ អេ ភូថង ​កាល​ពី​​​២​ថ្ងៃ​មុន​ឲ្យ​ទៅ​យក​អង្ក​រ​នៅ​ផ្ទះ​​របស់​​អ្នកស្រី​ផ្ទាល់។ អ្នក​ស្រី និង​ក្រុម​គ្រួសារ​រំភើប​ចិត្ត​ឥត​ឧបមា​រក​អ្វី​ប្រៀប​ផ្ទឹម​ពុំ​បាន​ឡើយ។

 

អ្នក​ស្រី​បន្ត​ថា ​​លោក​ ប៉ែន​ កាក់ ​​បាន​ទាក់​ទង​មក​លោក ​អេ ភូថង ​​កាល​ពី​៣​ថ្ងៃ​មុន​ម្ដង​ហើយ​ ប៉ុន្តែ​ដោយសារ​ពួក​គាត់​ជាប់​រវល់​​ក៏​​​មិន​បាន​ទៅ​យក​ម៉ូតូ​ភ្លាម​ៗ។ ​កាល​ពី​ម្សិល​មិញ​​លោក ​ប៉ែន​ កាក់ ​​បាន​ទាក់​ទង​មក​លោក​ម្ដង​ទៀត​ហើយ ​ពួកគាត់​​ក៏​បាន​​ទៅ​យក​ម៉ូតូ​​​នៅ​ផ្ទះ​របស់​លោក​ប៉ែន កាក់​ប្រហែល​ម៉ោង​៥​ល្ងាច​​។

​ អ្នក​ស្រី ​សាំង សុម៉ាលី​ បាន​និយាយ​ថា ៖«ខ្ញុំ​មិន​ដឹង​និយាយ​ថា​ម៉េច​​ទេ បើ​​ខ្ញុំ​មិន​ចេះ​និយាយ​ផង មាន​តែ​ម្រាម​ដៃ​ដប់​ លើក​ដៃ​​សំពះ​អរគុណ​ដល់​អ្នក​ជួយ​តែ​ប៉ុណ្ណោះ​។ ខ្ញុំ​សឹង​តែ​ស្រក់​ទឹក​ភ្នែក​រក​អ្វី​និយាយ​មិន​​រួច​ ​ក្រោយ​មាន​គេ​នៅ​ចាំ​ឈ្មោះ​ប្ដី​របស់​ខ្ញុំ ​ហើយ​​មាន​អ្នក​ជួយ​ផ្ដល់​ម៉ូតូ​ និង​មាន​ទាំង​អ្នកជួយ​ផ្ដល់​អង្ករ​ទៀត។ ​តាំង​ពី​ជួប​មុខ​​អ្នក​ជួយ​រហូត​ដល់​ពេល​ចេញ​មក​ផ្ទះ​​វិញ ខ្ញុំ​មិន​ដឹង​និយាយ​អី​ដឹង​ត្រឹម​ថា​ អរគុណ​ អរគុណ ជាប់​រហូត​ ព្រោះ​រក​ពាក្យ​និយាយ​មិន​បាន»។

 

លោក ប៉ែន កាក់ បាន​និយាយ​ថា ៖«នេះ​ជា​អំពើ​ល្អ​ដែល​ខ្ញុំ​បាទ​តែង​តែ​ធ្វើ​ជា​ប្រចាំ​ ម៉ូតូ​នេះ​ជា​លើក​ទី​១៦​ ហើយ​ដែល​ខ្ញុំ​បាទ​ (ប៉ែន​កាក់)​ តែង​តែ​ជួយ​ និង​បរិច្ចាគ​សម្រាប់​អ្នក​តស៊ូ​បម្រើ​ជាតិ​ ហើយ​មាន​ការ​ខ្វះខាត​ ជា​ពិសេស​ដូច​លោក​ អេ ភូថង។ ថ្ងៃ​នេះ​គាត់​លែង​ពិបាក​ទៅ​បង្ហាត់​សិស្ស​ និង​ទៅ​បំពេញ​ភារកិច្ច​ជា​អាជ្ញា​កណ្ដាល​តាម​ប៉ុស្តិ៍​ទូរទស្សន៍​នានា​ ដើម្បី​បាន​កម្រៃ​ចិញ្ចឹម​គ្រួសារ និង​បន្ត​អាជីព​ជា​គ្រូ​បង្វឹក​ត​ទៅ​ទៀត។ ថ្វី​ត្បិត​វា​មិន​ច្រើន​ ឲ្យ​តែ​ជួយ​អ្នក​ខ្វះ​ខាត​បាន​ ខ្ញុំ​មិន​កន្តើយ​នឹង​ជួយ​អ្នក​ខ្វះ​ខាត​ និង​ជាតិ​ឡើយ»៕

 

អេ ភូថង ទទួល​ម៉ូតូ​ថ្មី​​ពី​​លោក ប៉ែន កាក់ (ពាក់​អាវ​យឺត​ស) (រូបថត៖ ប៉ែន កាក់)​

 
 

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា

អត្ថបទថ្មី