៦​ចំណុច​ជួយ​ឲ្យ​អ្នក​​​ធ្វើ​បទ​បង្ហាញ​បាន​រលូន

  • 2015-07-23 21:16:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ពេល​ឡើង​ធ្វើ​​បទ​បង្ហាញ មិន​ថា​នៅ​សាលា​រៀន នៅ​ក្រុមហ៊ុន ឬ​នៅ​កន្លែង​ណា​នោះ​ទេ​ គ្រប់​ៗ​គ្នា​​​តែង​ប្រាថ្នា​ចង់​និយាយ​​ឲ្យ​បាន​ល្អ​ ទាក់​ទាញ​ចំណាប់​​​អារម្មណ៍​អ្នក​​​ស្ដាប់​​ អ្នក​មើល​ ​ដោយ​ពុំ​មាន​ការ​ភិត​​ភ័យ។ ការ​ត្រៀម​​​​រៀប​ចំ​ទុក​មុន​​ និង​ប្រើ​វិធីសាស្ត្រ​ត្រឹមត្រូវ​​​ក្នុង​ការ​និយាយ​​​ពេល​ធ្វើ​បទ​បង្ហាញ​គឺ​ជា​​ការ​ប្រសើរ ប៉ុន្តែ​មិន​ប្រាកដ​ថា​គ្រប់​គ្នា​ធ្វើ​បាន​នោះ​ទេ។ សាក​មើល​វិធី​សាស្រ្ដ​មួយ​ចំនួន​ខាង​ក្រោមនេះ រួច​សាក​អនុវត្តន៍​ទាំង​អស់គ្នា៖

 

មុន​ពេល​ធ្វើ​បទ​បង្ហាញ

 

១. រៀប​ចំ​​ប្រធាន​បទ​​ឲ្យបាន​​ល្អ​​​​​​​​

 

ប្រាកដ​ណាស់​ដើម្បី​ធ្វើ​បទ​បង្ហាញ​បាន​ល្អ គឺ​ត្រូវ​ស្រាវជ្រាវ​​​រាល់​ព័ត៌មាន​​ទាក់​ទង​នឹង​ប្រធាន​បទ​ដោយ​សង្ខេប ​និង​ស្វែង​យល់​​ពី​ចំណុច​សំខាន់ៗ។ បើ​ប្រធាន​បទ​វែង​ អ្នក​អាច​​​ស្រង់​​​ចំណុច​សំខាន់​ដែល​ត្រូវ​និយាយ​ក្នុង​​ក្រដាស​តូច​​មួយ ដើម្បី​​រំលឹក​អ្នក​កុំ​ឲ្យ​ភ្លេច​ ប៉ុន្តែ​ចៀស​វាង​ការ​​កត់​ត្រា​​​​ទាំង​ដុល​ ធ្វើ​ឲ្យ​អ្នក​ច្របូក​ច្របល់។

 

២. អនុវត្ត​មុន​​​​​​

 

មុន​​ពេល​ការ​ធ្វើ​បទ​បង្ហាញ​ ​គួរ​បាន​អនុវត្ត​​ខ្លះ ដោយ​ការ​ហាត់​និយាយ​​​​ម្នាក់ឯង​នៅ​មុខ​កញ្ចក់​​ ឬ​​អាច​ឲ្យ​មិត្តភ័ក្ដិ​ បង​ប្អូន មក​ជួយ​ស្ដាប់​ និង​​ផ្ដល់​យោបល់​ពី​បទ​បង្ហាញ​​នៃ​ប្រធាន​បទ​របស់​អ្នក។ ការ​អនុវត្ត​មុន ​គឺ​ជួយ​អ្នក​​មាន​ទំនុក​ចិត្ត និង​មិន​​ភ្លេច​ពី​ចំណុច​សំខាន់​នៃ​ប្រធាន​បទ។

 

៣. ស្លៀក​ពាក់​​ឲ្យ​បាន​ស្អាត​បាត

 

អ្នក​គួរ​ស្លៀក​ពាក់​ឲ្យ​បាន​ស្អាត​បាត​សមរម្យ សម្រាប់​​ការ​ឡើង​​ធ្វើ​បទ​បង្ហាញ។ វា​​​បង្កើន​ភាព​​ទាក់​ទាញ​ដល់​អ្នក​មើល​ ​ ហើយ​ក៏​​បង្ហាញ​ពី​ទំនុក​ចិត្ត និង​ការ​រៀប​ចំ​​យ៉ាង​ល្អ​របស់​អ្នក​ផង​ដែរ។ លើស​ពី​នេះ​អ្នក​គួរ​និយាយ​រាក់​ទាក់​ជា​មួយ​អ្នក​​​​មក​​​មើល​​ការ​​ធ្វើ​បទ​បង្ហាញ​ ដើម្បី​​បំបាត់​ភាព​ភ័យ​ខ្លាច​។​​

 

 

អំឡុង​ពេល​ធ្វើ​បទ​បង្ហាញ

 

១. ជម្នះ​អារម្មណ៍​ភ័យ​ខ្លាច

 

នៅ​ពេល​ឡើង​​និយាយ​បង្ហាញ​ទៅ​កាន់​មនុស្ស​ជា​ច្រើន សម្រាប់​អ្នក​មាន​អារម្មណ៍​ភ័យ​ អាច​ដក​ដង្ហើម​ឲ្យ​វែងៗ​ ហើយ​អាច​ធ្វើ​សកម្មភាព​មួយ​ចំនួន​ដើម្បី​​បន្លប់ ដូច​ជា​​ការ​ញញឹម​​​​ជា​​ដើម​ ។ សម្រាប់​​ប្រយោគ​ដំបូង​ ​ អ្នក​អាច​សួរ​សំនួរ​មួយ​ចំនួន​ទៅ​កាន់​អ្នក​មើល ​ទាក់ទង​នឹង​អ្វី​​ដែល​នឹង​លើក​​មក​បង្ហាញ។

 

២. ទាក់​ទាញ​អារម្មណ៍​អ្នក​ស្ដាប់

 

អ្នក​អាច​ទាក់​ទាញ​ចំណាប់​អារម្មណ៍​អ្នក​ស្ដាប់​ដោយ​ ព្យាយាម​សម្លឹង​​​មើល​ទៅ​ពួក​គេ​ឲ្យ​បាន​គ្រប់​គ្នា ។ នៅ​ពេល​បង្ហាញ​​អ្នក​ត្រូវ​ប្រាកដ​ថា អ្នក​និយាយ​​​​​មិន​ខ្លាំង ​ឬ​ខ្សោយ​ពេក ​ច្បាស់​ៗ និង​ពន្យល់​​​ដោយ​សម្រួល ដើម្បី​​​ឲ្យ​អ្នក​ស្ដាប់​ងាយ​យល់​​នូវ​អ្វី​ដែល​អ្នក​បង្ហាញ ​។

 

៣. ធ្វើ​កាយ​វិការ​មួយ​ចំនួន​​​

 

បើ​អាច ​អ្នក​គួរ​ធ្វើ​កាយ​វិការ​មួយ​ចំនួន​ផង​ដែរ ដូច​ជា​សកម្មភាព​ដើរ​ចុះ​ឡើង ឬ​កាយ​វិការ​​ប្រើ​ដៃ​ បង្ហាញ​ពី​ប្រធាន​បទ​របស់​អ្នក​តាម​ដែល​អាច​ធ្វើ​បាន។ ធ្វើ​បែប​នេះ​​ដើម្បី​​ឲ្យ​បរិយាកាស​​​ទាក់ទាញ​ បាត់​ភ័យ និង​ដំណើរ​ការ​ធ្វើ​បទ​បង្ហាញ​បាន​រលូន។ ចុង​ក្រោយ​អ្នក​ត្រូវ​​​​​​ត្រៀម​ឆ្លើយ​សំណួរ​របស់​អ្នក​ស្ដាប់ ដោយ​យក​ចិត្ត​ទុក​ដាក់ និង​រៀន​ពី​បទ​ពិសោធន៍​​​ទៅ​ថ្ងៃ​ក្រោយ​ទៀត៕

 

 

ចុច​អាន៖ តិកនិក​សរសេរ Cover Letter ឲ្យ​​គេ​ចាប់​អារម្មណ៍​ឆាប់​ហៅ​ទៅ​សម្ភាស

 

ប្រែ​សម្រួល៖ មាន រតនា ប្រភព៖ wikihow​​

អត្ថបទថ្មី