Man Utd ​នឹង​​​ពិន័យ​ Rojo ​២២​ម៉ឺន​ដុល្លារ រឿង​​ខក​​ជើង​យន្តហោះ

  • 2015-07-28 23:51:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លិប​បិសាច​ក្រហម​ Manchester United នឹង​ពិន័យ​ខ្សែ​ការពារ​ Marcos Rojo ​ចំនួន​២២​ម៉ឺន​ដុល្លារ ​ដោយ​សារ​កីឡាករ​ជម្រើស​ជាតិ​អាហ្សង់ទីន​រូប​នេះ ខក​ខាន​ជើង​យន្តហោះ​កាល​ពី​ថ្ងៃ​សៅរ៍ ​ធ្វើ​ឲ្យ​ខក​ខាន​មិន​អាច​ទៅ​ជួយ​ក្រុម​ ក្នុង​ការ​ប្រកួត​មិត្តភាព នៅ​ទឹកដី​អាមេរិក​បាន។

 

Rojo បង្ហោះ​រូប​ភាព​លើ​ Instagram ​ជាមួយ​គូ​ស្នេហ៍​ សប្តាហ៍​មុន

 

​Rojo ត្រូវ​ឡើង​យន្តហោះ ទៅ​អាមេរិក​កាល​ពី​​យប់​ថ្ងៃ​សៅរ៍ ប៉ុន្តែ​បែរ​ជា​ខក​ខាន​ការ​ធ្វើ​ដំណើរ​មួយ​នេះ ដោយសារ​មាន​បញ្ហា​​លិខិត​ឆ្លង​ដែន​​​ផុត​កំណត់។ លោក​ Louis Van Gaal ​មិន​សប្បាយ​ចិត្ត​ឡើយ​ ក្រោយ​ដឹង​រឿង​នេះ ​ព្រោះ​ថា​កីឡាករ​វ័យ​ ២៥​ឆ្នាំ​រូប​នេះ មាន​ពេល​សម្រាក​ច្រើន​មក​ហើយ ក្រោយ​ចប់​ភារកិច្ច​នៅ Copa America ហេតុ​អ្វី​មិន​ពិនិត្យ​មើល​លិខិត​ឆ្លង​ដែន​​ឲ្យ​ច្បាស់​លាស់។

 

យ៉ាងណាក្ដី Rojo ​ក៏​មិន​មែន​ជា​កីឡាករ​ Man Utd​ តែ​ម្នាក់ ដែល​ខក​ជើង​យន្តហោះ​នេះ​ដែរ ពោល​គឺ​មិត្ត​រួម​ជាតិ​របស់​គេ Angel di Maria ក៏​ខក​ខាន​ដូច​គ្នា ដោយសារ​រឿង​​​ជិត​​ផ្ទេរ​ទៅ​កាន់​​ក្លិប​ Paris Saint-Germain ​របស់​បារាំង។

 

ដូច្នេះ Rojo ​នឹង​ត្រូវ​រង​ពិន័យ​២២​ម៉ឺន​ដុល្លារ ឬ​កាត់​ថ្លៃ​ឈ្នួល​ប្រហែល​​២​សប្ដាហ៍ ចំពោះ​រឿង​ធ្វេស​ប្រហែស​ខាង​លើ​នេះ ខណៈ​ដែល​ក្រុម​ Man Utd នៅ​តែ​បន្ត​ប្រកួត​មិត្ត​ភាព​បន្ត​ទៀត មុន​បើក​រដូវ​កាល​ថ្មី នា​ថ្ងៃ​ទី​០៨​ ខែ​សីហា​ខាង​មុខ៕

 

-ចុចអាន៖ Man Utd ​ចុះ​កុងត្រា​​​អ្នក​ចាំ​ទី​ជម្រើស​ជាតិ​អាហ្សង់ទីន​​​​​៣ឆ្នាំ

 

​ប្រែ​សម្រួល៖ វិន ជីវ័ន្ត ប្រភព៖ dailymail

អត្ថបទថ្មី