​ពែកមី​ ខក​ចិត្ត​ពេល​ឈុត​ខ្លះ​​ក្នុង​រឿង​ទី​២​របស់​លោក​ត្រូវ​កាត់​ចោល

  • 2015-07-30 17:29:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

"ខ្ញុំ​ខក​ចិត្ត​ខ្លាំង​ ​ព្រោះ​អ្វី​ដែល​ខ្ញុំ​ខិត​ខំ​ប្រឹង​ប្រែង​យ៉ាង​ខ្លាំង​ប៉ុន្តែ​ត្រូវ​កាត់​ចោល​ចឹង​វា​ត្រូវ​បាត់​បង់​ផ្នែក​កំប្លែង​ខ្លះ​នៅ​ក្នុង​​សាច់​រឿង"។ ពែក​មី​ ថ្លែង​ថ្ងៃ​សម្ពោធ​រឿង​"ឪ២"កាល​ពី​ម្សិល​មិញ​នៅ​រោង​ភាព​យន្ត​លេជេន​TK។

 

នាយ ពែក មី ​ដែល​ជា​អ្នក​និពន្ធ​ និង​ដឹកនាំ​នៅ​ក្នុង​រឿង​ "​ឪ២" នេះ​ ​បាន​ពោល​ការ​សោក​ស្តាយ​ចំពោះ​រឿង​ដែល​លោក​បាន​ខិត​ខំ​ប្រឹង​ប្រែង​ផលិត​បែរ​ជា​ត្រូវ​ខាងក្រសួងស្នើ​​កាត់​ចោល​នូវ​ឈុត​ឆាក​មួយ​ចំនួន ព្រោះ​ក្រសួង​យល់​ថា ស្រើប​ស្រាល​ពេក។​

 

 

"ខ្ញុំ​មាន​អារម្មណ៍​ថា​ស្តាយ​ពេល​ដែល​ចំនុច​មួយ​ចំនួន​ដែល​ខ្ញុំ​គិត​ថា​កំប្លែង​នឹង​ធ្វើ​ឲ្យ​ទស្សនិកជន​​សើចសប្បាយ​​ហើយ​អាច​ទទួល​យក​បាន​ប៉ុន្តែ​បែរ​ជា​ត្រូវ​ក្រសួងស្នើ​ឲ្យ​​កាត់​ចោល​។ ខ្ញុំ​ក៏​មិន​មាន​អី​តវ៉ា​​ទេ ​ព្រោះ​ពួក​គាត់​​ជា​អ្នក​ជំនាញ​ស្រាប់​ហើយ ។​បើ​ដឹង​ថា​កន្លែង​ហ្នឹង​វា​មិន​អាច​ទទួល​បាន​ចឹង​ពួក​ខ្ញុំ​មិន​ធ្វើ​​ទេ​"។

 

ចំពោះ​រឿង"ឪ២"នេះ​នាយ ពែកមី បាន​ប្រាប់​ថា​​ភាគ​ច្រើន​ផ្ដោត​​ទៅ​លើ​ការកំប្លែង សើច​សប្បាយ ឡប់​ៗ ​មនោសញ្ជេតនា​លាយ​ឡំ​ជាមួយ​ឈុត​កម្សត់​តិចតួច។​​ តារា​កំប្លែង​ដដែល បន្ត​ថា សាច់​រឿង​ដែល​ជា​ការ​ស្រមើស្រមៃ​របស់​លោក​ពេល​និពន្ធ គិត​ជា​ភាគ​រយ​ស្មើ​នឹង​ ​១០០%​ នោះ​ គឺ​បាន​ថយ​មក​​ត្រឹម​តែ​៦០%​ទេ។ ឧបសគ្គ គឺ​នាយលើក​ឡើង​​ថា ទ្រឹស្ដី និង​ការ​អនុវត្ត​ពិត​មិន​អាច​ត្រូវ​គ្នា ១០០% ដែល​មក​ពីកត្តា​ជា​ច្រើន​មាន​ដូច​ជា ទីតាំង តួ​សម្ដែង និង​ពេល​វេលា​ជា​ដើម។ ហើយ​ការ​កាត់​ចោល​ឈុត​ខ្លះ តាម​សំណើរ​របស់​ក្រសួង ជា​ហេតុផល​មួយ​ដែរ។

 

ជាមួយ​គ្នា​នេះ​​លោក​ លៀក លីដា ចាង​ហ្វាង​ផលិតកម្ម​ LD ​ក៏​បាន​ពោល​សោក​ស្តាយដូច​គ្នា ​​ចំពោះ​ឈុត​មួយ​ចំនួន​នៃ​រឿងដែល​​ត្រូវ​បាន​កាត់​ចោល​។

 

 

លោក ថ្លែង​ថា “​ខ្ញុំ​មាន​អារម្មណ៍​ថា​សោក​ស្តាយ​នៅ​ពេល​ដែល​ឈុត​ស្រើប​ស្រាល​មួយ​ចំនួន​បាន​ដក​ចេញ​ដែល​ខ្ញុំ​គិត​ថា​ឈុត​ហ្នឹង​វា​មិន​មែន​ជា​ការ​ស្រើប​ស្រាល​ហួស​ដែន​កំណត់​នោះ​ទេ​ប៉ុន្តែ​​ឈុត​ដែល​ក្រសួង​គិត​ថា​ស្រើប​ស្រាល​ហ្នឹង​ខាង​ពួក​ខ្ញុំ​បាន​កាត់​ចោល​រួ​ចហើយ​។ ​ចំនុច​នេះ​ខ្ញុំ​គិត​ថា​សាច់​រឿង​របស់​ពួក​ខ្ញុំ​ត្រូវ​បាន​បាត់​បង់​នូវ​គុណភាព​ខ្លះ​របស់​រឿង​ទាំង​មូល"។

 

​​ប៉ុន្តែ​ទោះ​ជា​យ៉ាង​ណា​ នាយ​ពែកមី​​និង​ លោក លៀក​ លីដា​ នៅ​​តែ​សង្ឃឹម​មុត​មាំ​ថា​រឿង​នេះ​នឹង​ជោគ​ជ័យ​ ១០០% ​បើ​ធៀប​ទៅ​នឹង​​រឿង "​2Brothers”​ព្រោះ​លើក​នេះ​មាន​ការ​បន្ថែម​ឈុត​សើច​សប្បាយ​ជាង​រឿង​មុន ​បើ​ទោះ​ជា​ត្រូវ​បាន​កាត់​ចោល​ខ្លះ​មែន​។ រឿង​"ឪ២"​ ឬ " 2Fathers" ​នឹង​ចាក់​បញ្ចាំង​ចាប់​ពី​ថ្ងៃ​ទី​៣០​កក្កដា​នេះ​តទៅ​នៅរោងភាពយន្ត Legend ទាំង​បី​សាខា Major Cineplex By Cellcard និង Platinum Cineplex៕

 

 

អត្ថបទ៖ ថា ម៉ាលីដា​

អត្ថបទថ្មី