តើកីឡាករ៣នាក់ណាដែលគ្រូធំអាល្លឺម៉ង់សរសើរ និងចង់ដឹកនាំជាងគេ?
- 2015-08-01 13:36:58
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តើកីឡាករ៣នាក់ណាដែលគ្រូធំអាល្លឺម៉ង់សរសើរ និងចង់ដឹកនាំជាងគេ?
ចន្លោះមិនឃើញ
លោក Joachim Low គ្រូបង្វឹកក្រុមជម្រើសជាតិអាល្លឺម៉ង់ បានប្រាប់ឈ្មោះកីឡាករ៣នាក់ដែលរូបលោកពេញចិត្តចង់ដឹកនាំជាងគេ ដែលក្នុងនោះរួមមានខ្សែប្រយុទ្ធ Mario Balotelli ជាកីឡាករទីមួយ បន្ទាប់មកគឺ Pirlo និង Xavi។
ក្នុងការសម្ភាសន៍មួយកាលពីប៉ុន្មានថ្ងៃមុននេះ មានគេសួរទៅលោក Joachim ថាតើកីឡាករ៣នាក់ណាដែលលោកពេញចិត្ត និងចង់ដឹកនាំជាងគេ? ពេលនោះ គ្រូបង្វឹកដែលដឹកនាំអាល្លឺម៉ង់លើកពាន FIFA World Cup នៅឆ្នាំ២០១៤ រូបនេះបានឆ្លើយថា Balotelli , Andrea Pirlo និង Xavi Hernandez ។
គ្រូបង្វឹកវ័យ៥៥ឆ្នាំ បានពន្យល់ហេតុផលដែលលោកជ្រើសរើសយកកីឡាករទាំង៣ខាងលើថា ៖"ខ្ញុំបានឃើញគាត់ (Balotelli) លេងច្រើនដង ហើយទម្រង់លេងរបស់គាត់ក៏ល្អដែរ។ ពេលគាត់លេងដល់ចំណុចកំពូលទៅ គឺគ្មាននរណាអាចបិទគាត់បានទេ។ ចំពោះ Xavi វិញ គាត់ជាកីឡាករល្អខ្លាំងណាស់សម្រាប់ខ្ញុំ។ ហើយខ្ញុំក៏ចង់ធ្វើការជាមួយគាត់ដែរ។ Pirlo ជាបុរសអស្ចារ្យ។ គាត់អាចរក្សាទម្រង់លេងនៅល្អតាំងពី១៥ឆ្នាំមុន រហូតមកដល់បច្ចុប្បន្ន។ គ្មាននរណាដូចគាត់នោះទេ”។
លោក Joachim Low បានដឹកនាំក្រុមជម្រើសជាតិអាល្លឺម៉ង់តាំងពីឆ្នាំ២០០៦ ដោយអាចជួយជាតិឈ្នះពាន World Cup បាន១ដងនៅឆ្នាំ២០១៤ និងបានលេខ៣នៅឆ្នាំ២០១០។ ចំណែកឯ Balotelli វិញ បច្ចុប្បន្នលេងឱ្យហង្សក្រហម ហើយកាលពីរដូវកាលមុន រកគ្រាប់បាល់បានតែមួយគ្រាប់គត់ក្នុងការបង្ហាញខ្លួន១៦ប្រកួតនៅ BPL ។ ខ្សែបម្រើ Pirlo វិញទើបតែផ្លាស់ពី Juventus ទៅ New York City FC ខណៈដែល Xavi បានផ្លាស់ពី Barcelona ទៅលេងនៅ Al Sadd ប្រទេសកាតារ៕
ចុចអាន៖ Balotelli ខ្សែប្រយុទ្ធរកបាន១គ្រាប់នៅ EPL រដូវកាលមុន អាចចេញពី Liverpool ទៅអ៊ីតាលីវិញ
ប្រែសម្រួល៖ មុន្នី រម្យ ប្រភព៖ soccerladuma