ស្រី​ស្អាត បេនីយុំាង និង អេនឌី បកស្រាយ​រឿង​គ្រោះថ្នាក់​ចរាចរណ៍​យប់មិញ

  • 2015-08-01 19:26:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ហេតុការណ៍​គ្រោះថ្នាក់​កាលពី​យប់មិញ​ដែល​ត្រូវ​បាន​សារព័ត៌មាន​ក្នុង​ស្រុក​ចុះផ្សាយ​ព្រោងព្រាត​ថា​អ្នក​បង្កហេតុ​គឺ​​ស្រី​ស្អាត បេនីយុំាង និង​លោក អេន ឌី បើក​ឡាន​ប៉ះ​គ្នា​លើ​ដង​ផ្លូវ ស្រប​ពេល​គេ​ឃើញ​ពួក​គេ​ទាំង​ពីរ​នៅ​កន្លែង​កើត​ហេតុ។ ពេល​នេះ​កញ្ញា​សាច់​ស​ខ្ចី​រូបនោះ​ចេញ​មុខ​បកស្រាយ​តាមរយៈ Sabay ថា​នាង​មិនមែន​ជា​អ្នក​បើក​ឡាន​បុក​គេ​។

 

 

 រូបថត៖ FB

 

“គេ​ថា​ខ្ញុំ បើក​ឡាន​បុក​គេ តែ​តាម​ពិត​អត់​មាន​ទេបង គ្រោះថ្នាក់​ចរាចរណ៍​យប់មិញ​នេះ​គឺជា​រឿង​បង អេន ឌី ទេ​ ដែល​ឡាន​គាត់​ប៉ះ​ជា​មួយ​ម៉ូតូ​មួយ​ផ្សេង ឯ​ខ្ញុំ​គ្រាន់​តែ​ជួយ​មើល​ទេ ព្រោះ​កើត​ហេតុ​ភ្លាម បង អេនឌី គាត់​បាន​តេ​ហៅ​នាង​ខ្ញុំ​ឲ្យ​មក​ជួយ​ដោះស្រាយ ខ្ញុំ​ក៏​ទៅ​​ទៅ។" បេនីយុំាង ថ្លែង។

 

តារា​ស្រី​ដែលរួច​ផុត​ពី​អាការ​ដួល​សន្លប់​ប្រាប់​ថា រឿង​នេះ​កើត​ឡើង​តាំងពី​ម៉ោង​ប្រមណ ៧ យប់​ម្ល៉េះ តែ​ទម្រាំ​នាង​​បាន​ទៅ​ដល់​គឺ​ម៉ោង​ជិត ១២ យប់​ទៅ​ហើយ ដោយ​សារ​នាង​ជាប់​រវល់​ថត​ខារ៉ាអូខេ។

 

 

តារា​សិចស៊ី​ខាងលើ​បាន​បញ្ជាក់​ដោយ​ម៉ឺងម៉ាត់​ថា "ខ្ញុំ​មិនមែន​ជា​អ្នក​បើក​ឡាន​បុក​គេ​ទេ មិន​បាន​ជិះ​ឡាន​ជាមួយ​បង ឌី ទៀត រឹតតែ​មិន​បាន​នៅ​ក្នុង​ហេតុការណ៍​នេះ​ដែរ តែ​ពេល​ខ្ញុំ​ទៅ​ដល់​ឃើញគេ​ថតខ្ញុំ ព្រឹក​ឡើង​ស្រាប់​តែ​​យក​ទៅ​ផ្សាយ​ថា​ខ្ញុំ​ជា​អ្នក​ធ្វើ​ទៅ​វិញ!”។

 

ចំណែក​លោក អេន ឌី វិញ​ក៏​បានបញ្ជាក់​ដែរ​ថា បេនីយុំាង មិន​នៅ​ក្នុង​ហេតុការណ៍​នោះ​ទេ គឺ​នាង​មក​ដល់​ក្រោយ។ និយាយ​ពី​ហេតុការណ៍​នោះ លោក រៀបរាប់​ថា លោក​ត្រូវ​ឡើង​ទៅ​ថៃ​យប់​មិញ​នេះ ដូច្នេះ​វេលា​ម៉ោង​ប្រមាណ​ជា ១១ យប់ជាង ក៏​បើក​ឡាន​ទៅ​យក​សំលៀកបំពាក់ពី​ហាងមិត្តភ័ក្ដិ​​មួយ​នៅ​ម្ដុំ​ផ្សារ​ស៊ីលឹប។ បន្ទាប់​ពី​រួច​រាល់ ក៏​បើក​ត្រឡប់​មកវិញ​បញ្ច្រាស​ទិស​យឺតៗ ក៏​ជួប​រឿង​តែ​ម្ដង។

 

"ខ្ញុំ​ចេញ​ពី​ផ្ទះ​ពួក​ម៉ាក​មក បើក​យឺត​ៗ​ទេ មិន​ដូច​សារព័ត៌មាន​ខ្លះ​ថា ខ្ញុំ​បើក​លឿន លឿនអី ​ខ្ញុំបើក​​កុងទ័រ​ប្រហែល​ជា ២០-៣០​ទេ តែ​ខ្ញុំ​ខុស​ត្រង់​​ថា​បើក​​បញ្ច្រាស​ប៉ុណ្ណឹង ដោយ​សារ​បញ្ច្រាស​ហ្នឹង​​ហើយ​បាន​ខ្ញុំ​បើក​យឺតៗ​ហ្នឹង តែ​ម៉ូតូ​មក​ពី​មុខ​រាង​លឿន​ ហើយ​ក៏​ប៉ះ​គ្នា​តែម្ដង​ទៅ។ ​ឥឡូវ​ខ្ញុំ និង​ភាគី​ម្ខាង​ទៀត​កំពុង​តែ​ដោះស្រាយ​គ្នា​ហើយ​បង”។

 

 

 រូបថត៖ ផ្ដល់​ដោយ អេនឌី

 

នៅ​ព្រឹក​នេះ​មាន​បណ្ដាញ​សារព័ត៌មាន​មួយ​ចំនួន​បាន​ចុះផ្សាយ​ថា៖បុរស​ម្នាក់​បាន​រង​របួស​ធ្ងន់​ខណៈ​ អេនឌី ដែរ​គេ​ស្គាល់​ថា​ជា​តារា​ល្បី​ពូកែ​ថតរូប​សិចស៊ី​ជាមួយ​ស្រី​ៗ និង​អ្នក​រួម​ដំណើរ​កញ្ញា បេនីយុំាង  បាន​បើក​រថយន្ត​តូយ៉ូតា​កាម៉ារី​ហាយព្រីត មួយ​គ្រឿង​បើក​បញ្ច្រាស​ផ្លូវ​ក្នុង​ល្បឿន​លឿន​ក៏​ជ្រុល​ចង្កូត​ទៅ​បុក​ម៉ូតូ វីវ៉ា​ស៊ុយសូគី ​សេ១២៥ មួយ​គ្រឿង​ជិះ​ដោយ​បុរស​ម្នាក់​យ៉ាង​ពេញ​ទំហឹង ។ ហេតុការណ៍​នេះ​កើត​ឡើង​កាលពី​វេលាម៉ោង ១១ និង ២០ នាទី យប់ ថ្ងៃ ទី ៣១ ខែ កក្កដា ឆ្នាំ ២០១៥ ត្រង់​ចំណុច​ផ្សារ​ស៊ីលឹប​តាម​បណ្ដោយ​ផ្លូវ លេខ៦៣ សង្កាត់​ចតុមុខ ខណ្ឌ​ដូនពេញ ៕

 

អត្ថបទ៖ទ្រី រ៉ាវី