ករុណា ពេជ្រ បដិសេធ​ថា​ គ្មាន​ភាគហ៊ុន​នៅ​ថោន​សូម្បី​តែ ១ ​ភាគរយ

  • 2015-08-03 21:21:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ចម្រៀង​ប្រុស​ជួរ​មុខ​ក្នុង​ផលិតកម្ម​ថោន​ លោក ករុណា ពេជ្រ ត្រូវ​បាន​មហាជន និង ​អ្នក​សិល្បៈ​ជាច្រើន​ធ្លាប់​បាន​និយាយ​ថា​ លោក​មាន​ភាគហ៊ុន​ធំ​នៅ ថោន ទើប​អាច​មាន​បទ​ចម្រៀង​ល្អ​ៗ​ច្រៀង តែ​ពេល​នេះ​ លោក​បាន​ចេញ​មុខ​មក​បញ្ជាក់​ថា​ លោក​គ្មាន​ភាគហ៊ុន​អី​ទាំងអស់​សូម្បី​តែ ១ ភាគរយ។

 

 

អ្នក​កាសែត​បាន​ចោត​ជា​សំណួរ​ថា៖ កន្លង​មក​ទស្សនិកជន​បាន​និយាយ​ថា ​លោក​មាន​ឥទ្ធិពល​ជាង​គេ​នៅ​ទី​នោះ (ថោន) ទាំង​ការ​ធ្វើ​បទ​ចម្រៀង ហើយ​ខាង​ផលិតកម្ម​ក៏​ស្ដាប់​ទៀត តើ​លោក​គិត​យ៉ាង​មេច​វិញ? ករុណា ពេជ្រ បាន​ឆ្លើយ​បដិសេធ​យ៉ាង​រហ័ស​ថា "ខ្ញុំ​សូម​ច្រាន​ចោល​ព័ត៌មាន​នេះ តាមពិត​ពី​មុន​ខ្ញុំ​មិន​ដែល​ច្រាន តែ​ពេល​នេះ​សូម​បដិសេធ។

 

 

ដោយសារ​​ខ្ញុំ​ជា​តារា​ចម្រៀង​ដែល​ចូល​ក្នុង​ផលិតកម្ម​ថោន​មុន​ការ​បង្កើត​អ្វី​ទាំងអស់ ដូចនេះ​ហើយ​ទើប​ម្ចាស់​ផលិតកម្ម​ពួកគាត់​បាន​ឲ្យ​ឱកាស និង​ បាន​ផ្ដល់​ការ​ទុកចិត្ត​ជា​អ្នក​ក្ដោបក្ដាប់​ការ​ចំណូល ចំណាយ​ទាំងអស់។ ខ្ញុំ​ទទួល​ស្គាល់​ថា​ ពេល​ដែល​ខ្ញុំ​ជា​អ្នក​កាន់​ខាង​ចំណូល ចំណាយ​ បុគ្គលិក​ផ្សេង​ៗ​គិត​ថា​យើង​ជា​ថៅកែ តែ​ខ្ញុំ​សូម​បដិសេធ​ថា ​ខ្ញុំ​មិន​មាន​ចំណែក​សូម្បី​តែ​១ ភាគហ៊ុន​ក្នុង​ផលិតកម្ម​ថោន"។

 

 

 

 

តារា​ដែល​ទើប​នឹង​ឡើង​គេហដ្ឋាន​ថ្មី​តម្លៃ​កប់​ពពក​ខាងលើ​បាន​បន្ថែម​ថា៖ "មាន​អ្នក​ខ្លះ​បាន​និយាយ​ថា​ ចម្រៀង​ទាំងអស់​ក្នុង​ផលិតកម្ម​ថោន​ឲ្យតែ​ល្បី ឲ្យ​តែ​ផ្ទុះ​គឺ​មិន​ហួស​ពី​ករុណា ពេជ្រ ទេ។ ខ្ញុំ​សូម​និយាយ​ថា​ វា​ជា​រឿង​ចៃដន្យ ជា​រឿង​សំណាង​ទេ ​ដូច ខេម ចឹង​ពេល​ដែល​គាត់​ល្បី​ គឺ​ជា​ បទ​របស់​លោក យឹម តាស្រង់ គាត់​អ្នក​និពន្ធ លោក សោម ដូរ៉េ លោក ងួន សុបិន ដែល​អ្នក​ទាំងអស់​នោះ​មិន​ដែល​សរសេរ​ឲ្យ​ខ្ញុំ​សូម្បី​តែ ​១ បទ។

 

 

មិន​មែន​គាត់​មិន​សរសេរ​ឲ្យ​ទេ តែ​សរសេរ​ទៅ​វា​មិន​ល្បី ហើយ​ហេតុអ្វី​បាន​ជា​សរសេរ​ឲ្យ​ទៅ ខេម ទៅ​ល្បី? ហើយ​ខ្ញុំ​ល្បី​ដោយ​លោក លី វណ្ណរិទ្ធ គាត់​ជា​អ្នក​នៅ​កំពត​ដែល​ជា​គ្រូ​បង្រៀន​ម្នាក់ ហើយ​គាត់​សរសេរ​រួច​ផ្ញើ​ឲ្យ​ខ្ញុំ បែរ​ជា​អ្នក​ធ្វើឲ្យ​ខ្ញុំ​ល្បី​ទៅ​វិញ”។

 

 

 

 

គួរ​បញ្ជាក់​ផង​ដែរ​ថា ករុណា ពេជ្រ មិន​ត្រឹមតែ​មាន​អាជីព​ជា​តារា​ចម្រៀង​នៅ​ក្នុង​ផលិតកម្ម Town ប៉ុណ្ណោះ​ទេ រូប​គេ​នៅ​មាន​ការងារ​ផ្សេងៗ​ទៀត​ដែរ​ដូច​ជា កន្លែង​ស្តុក​ចែកចាយ​ទំនិញ ជា​អ្នក​ទទួល​រៀប​ចំ​ឆាក​តន្ត្រី​កម្មវិធី​នានា និង​ ថ្មី​ៗ​នេះ​ទើប​បាន​បើក​អាជីវកម្ម​មួយ​ទៀត​គឺ​សេវាកម្ម​ពិធីការ៕

 

 

អត្ថបទ៖ទ្រី រ៉ាវី

អត្ថបទថ្មី