កំពូល​តារា​បង្ហាញ​ម៉ូដ ចាន់​ គង់ការ​ ពិបាក​ចិត្ត​​រឿង​ទម្ងន់

  • 2015-08-04 13:21:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​បង្ហាញ​ម៉ូដ​កម្ពុជា ចាន់ គង់ការ​ ដែល​ជា​ម្ចាស់​ជ័យ​លាភី​លេខ​១​នៃ​កម្មវិធី​ Cambodia's Next Top Model​ ឆ្នាំ​ដំបូង កំពុង​តែ​រអ៊ូ​ ​និង​មិន​សូវ​ពេញ​ចិត្ត​ចំពោះ​រាង​កាយ​ដ៏​ស្គម​កំព្រឹង​របស់​នាង ​ដោយ​បំណង​ចង់​បាន​៥គីឡូ​ថែម​ទៀត​ទើប​​ពេញ​ចិត្ត​។

 

"បង​ញ៉ាំ​ច្រើនដែរ​ ប៉ុន្តែ​ដឹង​ម៉េច​អូន​បាន​ជា​វា​មិន​ធាត់​ឡើង​គីឡូ​សោះ​ធ្វើ​​ការ​ក៏​ប៉ុណ្ណឹង​ដេក​ស៊ី​ក៏​ប៉ុណ្ណឹង​។ ឃើញ​បងរាង​ចឹង​តិច​ថា​បង​អត់​ពូកែ​ញ៉ាំ​ប៉ុន្តែ​អ្នកដឹង​បាន​ដឹង​ណា​អូន​បង​ញ៉ាំ​ម្តង​៣​ចាន​។​និយាយ​រួម​ទៅ​បង​មិន​សូវ​ពេញ​ចិត្ត​នឹង​រូប​រាង​ប៉ុណ្ណឹង​ទេ​ អូន​ព្រោះ​វា​ស្គម​ពេក​បើសិន​ជា​អាច​បង​ចង់​ឡើង​ថែម​៥គីឡូ​ទៀត"។

 

 

ជាមួយ​គ្នា​នេះ​ផង​ដែរ​ គង់​ការ ​បាន​ប្រាប់​ថា​ថ្វី​ត្បិត​តែ​រូប​រាង​នាង​ស្គម​អីចឹង​មែន​ប៉ុន្តែ​សុខភាព​នាង​ល្អ​មាន​កម្លាំង​មាំ​មួន​​មិន​ដែល​មាន​ជំងឺ​​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​សុខភាព​នាង​នោះ​ឡើយ​។

 

"ចំនុច​សំខាន់​របស់​បង​ម្យ៉ាង​ដែរ​ត្រង់​ថា​មិន​ដែល​ឈឺ...​​ឃើញ​ថា​ស្គម​ចឹង​ទេ​ប៉ុន្តែ​កម្លាំង​មាន​ពេញ​ហើយ​​សុខភាព​ក៏​មិន​មាន​អី​ជា​បញ្ហា​ចោទ​​ទេ​អស់​ហើយ​ត្រឹម​ផ្តាសាយ​តិច​តួច។​ម្យ៉ាង​អ្នក​ដែល​គេ​ស្គាល់​បង​ គេ​​ថា​បង​ដូច​សត្វ​ចម្លែក​ព្រោះ​​ញ៉ាំ​ច្រើន​មិន​សម​ណា​រូប​រាង​ស្គម​កំព្រឹង​ដូច​មនុស្ស​អត់​បាយ​ចឹង​ទេ(​សើច)​។ គង់ការ បញ្ជាក់។

 

 

ចំពោះ​រូប​រាង​ស្គម​ហ្នឹង ​តារា​ម៉ូដែលធ្លាប់​ឆ្លង​កាត់​ការ​​តស៊ូ​ក្នុង​ជី​វិត​រូប​​នេះ​ពោល​បន្ថែម​ថា ​មាន​ការ​ពាក់​ព័ន្ធ​នឹង​ការ​សម្រាក​ផង​ដែរ​។ ដោយ​សារ​តែ​រូប​នាង​ធ្វើ​ការងារ​ហត់​ពេញ​មួយ​ថ្ងៃ​មិន​សូវ​បាន​សម្រាក​ដូច្នេះ​អាហារ​ដែល​នាង​​ញ៉ាំ​ទាំង​ប៉ុន្មាន​ក៏​មិន​អាច​ជួយ​ទប់​ទល់​ឲ្យ​ឡើង​គីឡូ​បាន​ដែរ។

 

ម៉ូដែល​ស្រី​មាន​ស្រុក​កំណើត​មក​ពី​​ខេត្ត​បន្ទាយ​មានជ័យ​​​រូបនេះ​បាន​ប្រាប់​​ថា កាល​ពី​មុន​ពេល​ចូល​សិល្បៈ​គឺ​រិតតែ​ស្គម​ជាង​រូប​រាង​នាង​សព្វ​ថ្ងៃ​ទៅ​ទៀត​។ បើ​កុំ​តែ​បាន​ហាត់​ប្រាណ​យោង ម៉្លេះ​មិន​សម​នាង​​មាន​សាច់​មាន​ឈាម​បាន​ប៉ុណ្ណឹង​​ទេ។ ប៉ុន្តែ​ទោះ​ជា​យ៉ាង​ណា​ម៉ូដែល​ស្រី​រូប​នេះ​អះអាង​ថា ​​នៅ​តែ​មិន​ទាន់​​ពេញ​ចិត្ត​​ព្រោះ​គោល​បំណង​នាង​​ចង់​បាន​៥​គីឡូ​ថែម​ទៀត​។ ​សព្វ​ថ្ងៃ​ ចាន់ គង់​ការ មាន​ទម្ងន់​៤៧គីឡូ​ក្រាម ​និង​មាន​កម្ពស់ ១ម៉ែត្រ៧០៕

 

ចុះ​ប្រិយមិត្ត​វិញ គិត​ថា​ គង់ការ កម្ពស់​ប៉ុណ្ណឹង គីឡូ​ប៉ុណ្ណឹង គួរ​ឡើង​បន្ថែម​ទៀត​ទេ?

 

អត្ថបទ៖ ថា ម៉ាលីដា

អត្ថបទថ្មី