មាន​សព្វ​គ្រប់​ហើយ​ ​នៅ​សុខៗ​​​ប៉ូលិស​អាច​ហៅ​ឃាត់​ឆែក​រក​ឯកសារ​បាន​ឬ​ទេ?

  • 2015-08-04 22:33:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សាធារណមតិ​​កន្លង​មក​ធ្លាប់​បាន​លើក​ឡើង​ជា​ចម្ងល់​ថា ​​​​ពេល​​បើកបរ​លើដង​ផ្លូវ​​​​​​​​ ​​​​​​បើ​អ្នក​បើកបរ​​​​​​ពាក់​មួក​សុវត្ថិភាព​ ​យាន​ជំនិះមាន​ផ្លាក​លេខ ​និង​​កញ្ចក់​ត្រឹមត្រូវ​ហើយ ​ម៉េច​​បាន​ជា​ប៉ូលិស​នៅ​តែ​ហៅ​ឃាត់​ឆែក​រក​ឯកសារ​បើកបរទៀត? ​​តើ​ការ​ឆែកឆេរ​របៀប​នេះ​ត្រឹមត្រូវ​ឬ​​ក៏​អត់?​

 

​ជុំវិញ​ ​ចម្ងល់​នេះ​ ​ឯកឧត្តម ពៅ ម៉ាលី អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​បាន​​ប្រាប់ Sabay ​​ថា ​​បើ​មិន​មាន​ហេតុ​សង្ស័យ ​ឬ​ខុស​ច្បាប់​អ្វី​ទេ​ ប៉ូលិស​មិន​អាច​ហៅ​ឃាត់​​អ្នក​ធ្វើ​ដំណើរ​ដើម្បី​ឆែកឆេរ​តាម​តែ​ចិត្ត​ឯង​បាន​ឡើយ។ ​ឯកឧត្ដម​បញ្ជាក់​ដូច្នេះ៖​​ ​ ​​«នគរបាល​កាលណា​គេ​មាន​ផ្លាក​លេខ ​គេ​មាន​អ្វី​ត្រឹមត្រូវ ​គេ​បើក​បរ​ត្រឹមត្រូវ​​គ្មាន​ការ​សង្ស័យ​អី​ទេ ​​យើង​អត់​អាច​ហៅ​ឃាត់​គេ​បាន​ទេ»។ ​ឯកឧត្ដម​បន្ត​ថា ​​ការ​ហាម​ឃាត់​ឆែក​រក​ឯកសារ​បាន​លុះ​ត្រាណា ​អ្នក​បើកបរ​មិន​គោរព​ស្លាក​សញ្ញា​ចរាចរណ៍ ​​​មិន​មាន​ផ្លាក​លេខ ​​​មិន​ពាក់​មួក​សុវត្ថិភាព​ ​​មាន​ការ​សង្ស័យ ​ឬ​បង្ក​ជា​បញ្ហា​អ្វី​មួយ​​ទើប​​ប៉ូលិស​ចរាចរណ៍​អាច​ហៅ​ឃាត់ ​និង​ឆែកឆេរ​រក​ឯកសារ​ពាក់ព័ន្ធ​បាន។

 
 

​​​​មន្ត្រី​ទទួល​បន្ទុក​ចរាចរណ៍​ផ្លូវ​គោក​ដដែល​បន្ត​ថា ​​បើ​ការ​ហាម​ឃាត់​បង្ក​ជា​​ការ​កកស្ទះ​ដល់​ចរាចរណ៍​ក៏​​​មិន​ត្រូវ​ឲ្យ​មាន​សម្រាប់​​ប៉ូលិស​អ្នក​អនុវត្ត​ច្បាប់​ដែរ។ ​លោក​និយាយ​ថា ​«ពេល​ណា​ក៏​ដោយ ​នគរបាល​ហៅ​ឆែក​រឿង​មិន​ប្រក្រតី​អី​គឺ​ដាច់​ខាត​មិន​ឲ្យ​ប៉ះពាល់​ចរាចរណ៍​សាធារណៈ​ទេ។ ​បើ​គាត់​ឃាត់​គេ​ ​ធ្វើ​ឲ្យ​​​រំខាន​​គេ​អ្នក​ក្រោយ​​ ​​​អា​ហ្នឹង​មាន​បញ្ហា​ទៀត»។

 

​​ថ្នាក់​ដឹកនាំ​ចរាចរណ៍​ខាង​លើ​បន្ថែម​ដែរ​ថា ​ការ​ឃាត់​ឆែកឆេរ​យានជំនិះ​ និង​សួរ​រក​ឯកសារ​ត្រូវ​មាន​ប៉ុស្តិ៍​​ត្រួតពិនិត្យ​ត្រឹមត្រូវ​ មិន​មែន​​​ប៉ូលិស​បី​បួន​នាក់​ស្រុះស្រួល​គ្នា​ដាក់​បារាស​អាច​ឆែកឆេរ​បាន​នោះ​ទេ៕

 

អត្ថបទ៖ ​ប្រាក់ ចាន់សីហា

អត្ថបទថ្មី