ឪពុក​ Michael Jackson ត្រូវ​ពិការ​ភ្នែក​បន្ទាប់​ពី​មាន​ជំងឺ​ដាច់​សរសៃឈាម

  • 2015-08-05 23:11:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Joe ដែល​ត្រូវ​ជា​ឪពុក​របស់​ស្ដេច​ចម្រៀង​ប៉ុបMichael Jackson បាន​រង​ភាព​ពិការ​ភ្នែក​បន្ទាប់​ពី​កើត​ជំងឺ ដាច់​សរសៃឈាម​ខណៈ​រូប​លោក​កំពុង​អបអរ​ពិធី​ខួបកំណើត​គម្រប់​អាយុ​ ៨៧​ឆ្នាំ​កាល​ពី​ថ្ងៃ​អាទិត្យ​នៅ​ប្រទេស​ប្រេស៊ីល។ នេះ​បើ​តាម​ការ​ចុះផ្សាយ​របស់ dailymail។

 

 

សារព័ត៌មាន​ខាង​លើ​បាន​បង្ហាញ​ថា ក្រោយ​ពី​មាន​ហេតុ​ការណ៍​អាក្រក់​បែប​នេះ បុរស​ដែល​គេ​ស្គាល់​ថា​ជា​អ្នក​គ្រប់គ្រង​ការងារ​សិល្បៈ​ដ៏​ឆ្នើម​ម្នាក់​ ត្រូវ​បាន​គេ​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ Albert Einstein Hospital ក្នុង​ទី​ក្រុងSão Paulo ប្រទេស​ប្រេស៊ីល​ភ្លាម​ៗ​​បន្ទាប់​ពី​អាច​ងើប​ឈរ​ទាំង​​វិលមុខ។

 

ប្រភព​ពី​ក្រុម​គ្រួសារ​បាន​ប្រាប់​ TMZ ថា គ្រូពេទ្យ​កំពុង​ញាប់ដៃញាប់ជើង​​ដើម្បី​ពិនិត្យ​ជំងឺ​របស់ Joe ឲ្យ​បាន​ច្បាស់​លាស់​។ គ្រូពេទ្យ​និង​សមាជិក​គ្រួសារ​កំពុង​ពិគ្រោះ​គ្នា ប្រសិន​បើ​អ្នក​ជំងឺ​បាន​ធូរស្រាល​ល្អ​ឡើង​វិញ​ គេ​នឹង​បញ្ជូន​​គាត់​ទៅ​កាន់​សហរដ្ឋអាមេរិក​ដើម្បី​ព្យាបាល​បន្ថែម​​​​​​។

 

បុរស​វ័យ​ចំណាស់​រូប​នេះ​មាន​ជំងឺ​ទឹកនោម​ផ្អែម​ជាប់​ខ្លួន។ ប៉ុន្តែ​គេ​ក៏​មិន​ទាន់​ច្បាស់​ដែរ​ថា​ជំងឺ​នេះ​អាច​ជា​កត្តា​នាំ​ឲ្យ​លោក​​កើត​ជំងឺ​ដាច់​សរសៃឈាម​ឬ​​យ៉ាង​ណា​នោះ​ទេ​។

 

Joe គឺ​ជា​ឪពុក​ដែល​មាន​​ស្នាដៃ​ល្អ​ដោយ​​បាន​ជួយ​គ្រប់គ្រង​ក្រុម​ចម្រៀង​កូន​ៗ​ដែល​មាន​ឈ្មោះ​ថា The Jackson 5 ឲ្យ​មាន​ភាព​ល្បីល្បាញ​ក្នុង​វិថី​សិល្បៈ។ លោក​និង​ភរិយា Katherine រៀបការ​នៅ​ឆ្នាំ ១៩៤៩​ និង​មាន​ចំណង​ដៃ​កូន​១១​នាក់​ ដោយ​ Michael Jacksonជា​កូនប្រុស​លេច​ធ្លោ​ជាង​គេ ៕

 

 

ប្រែសម្រួល៖ ហេង សុធារិទ្ធិ ប្រភព៖ dailymail