ណុប បាយ៉ារិទ្ធ ស្រក់​ទឹក​ភ្នែក​ពេល​ដែល​បាន​ឮ​ឈ្មោះ​...

  • 2015-08-10 15:30:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


តារា​ចម្រៀង​ប្រុស​ប្រចាំ​ផលិតកម្ម​ហង្សមាស​​ ណុប​ បាយ៉ារិទ្ធ​ បាន​ស្រក់​ទឹក​ភ្នែក​នៅ​ក្នុង​កម្មវិធី​ Cambodian​ Idol ​ខណៈ​ពេល​ដែល​បេក្ខជន​មួយ​រូប​​ច្រៀង​បទ​ "ថ្ងៃ​បាក់​រសៀល​" ។

 

ហេតុ​ផល​អ្វី​ដែល​ធ្វើ​ឲ្យ​តារា​ប្រុស​រូប​នេះ​ស្រក់​ទឹក​ភ្នែក​នោះ​គឺ​លោក​បាន​ប្រាប់​មក​កាន់​ Sabay ​ថា ​" ​អូ​...​ថ្ងៃ​នោះ​ខ្ញុំ​រលីង​រលោង​ទឹក​ភ្នែកមែន គឺ​ដោយ​សារ​តែ​បទ ​"ថ្ងៃ​បាក់​រសៀល" ​ហ្នឹង​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ទៅ​ដល់​លោក ជុំ ប៊ុនធឿន...ធម្មតា​គាត់​ជា​អ្នក​និពន្ធ​នៅ​ផលិត​កម្ម​ហង្សមាស​ ហើយ​ធ្លាប់​បាន​បន្សល់​ស្នាដៃ​ដែល​គាត់​និពន្ធ​ជា​ច្រើន​អោយ​ពួក​ខ្ញុំ​ ហើយ​ក្នុង​នោះ​បទ​ដែល​គាត់​សរសេរ​ប៉ារ៉ូល​អោយ​ពួក​ខ្ញុំ​ច្រៀង​ភាគ​ច្រើន​ទទួល​បាន​ការ​គាំទ្រ​ពី​មហាជន"​ ។

 

 

ក្នុង​នាម​ជា​អ្នក​និពន្ធ​ម្នាក់​ដែល​មាន​ស្នាដៃ​ហើយ​ភាគ​ច្រើន​សុទ្ធ​តែ​បាន​ទទួល​ស្គាល់​ពី​សំណាក់​តារា​ចម្រៀង​ និង​ទស្សនិកជន​ផង​ដែរ​ តារា​ចម្រៀង​សំឡេង​ធ្ងន់​រូបនេះ​មាន​ការ​នឹក​ស្រណោះ​គ្រា​ដែល​ធ្លាប់​ធ្វើ​ការ​ជាមួយ​គ្នា​។ ចំណុច​ដែល​រឹត​តែ​ខ្លោច​ចិត្ត​ជាង​នេះ​ទៅ​ទៀត​ បាយ៉ារិទ្ធ រួម​ទាំង​ក្រុម​ការងារ​របស់​ហង្សមាស​ សុទ្ធ​តែ​បាន​ឃើញ​ទឹក​មុខ​ដ៏​គួរ​ឲ្យ​អាណិត​របស់​លោក​ ជុំ ប៊ុនធឿន​ មុន​ពេល​លោក​ទទួល​អនិច្ចកម្ម​។

 

"ពួក​យើង​សុទ្ធ​តែ​បាន​ឃើញ​មុខ​ដ៍​ស្រងេះ​ស្រងោច​របស់​គាត់​ មុន​ពេល​គាត់​មុន​ស្លាប់​ វា​ហាក់​ដូច​ជា​ការ​ក្រៀមក្រំ​មួយ​ដោយ​ដឹង​ជា​មុន​សម្រាប់​គាត់​"។ បាយ៉ារិទ្ធ ថ្លែង។

 

ទន្ទឹម​នឹង​នោះ​បទ​ "ថ្ងៃ​បាក់​រសៀល​" គឺ​ជា​ស្នាដៃ​ចុង​ក្រោយ​របស់​លោក ជុំ ប៊ុន​ធឿន ​គាប់​ជួន​ថ្ងៃ​ប្រលង​កម្មវិធី Cambodian Idol មាន​​​បេក្ខជន​ម្នាក់​​បាន​លើក​បទ​ខាង​លើ​មក​បក​ស្រាយ​​បាន​ពីរោះ​ទៀត​ជា​ហេតុ​ជំរុញ​ទឹក​ចិត្ត​ បាយ៉ារិទ្ធ​ កាន់​តែ​នឹក​ឃើញ​ដល់​កវី​និពន្ធ​រូប​នេះ​តែ​ម្តង​។ នេះ​បើ​តាម​ បាយ៉ារិទ្ធ និយាយ។

 

 

ម្ចាស់​បទ ​" សង្សារលេងៗ" ​បាន​បន្ត​ទៀត​ថា ​ពេល​ដែល​លោក​បាន​ស្តាប់​បទ​ចម្រៀង​ខាង​លើ ​ហាក់​ដូច​ជា​ជំរុញ​ទឹក​ចិត្ត​ឲ្យ​លោក​គិតថា ​អត្ថន័យ​នៃ​បទ​ចម្រៀង​នេះ​គឺ​ជា​ការ​ផ្តែ​ផ្តាំ​ចុង​ក្រោយ​របស់​លោក ជុំ ប៊ុន​ធឿន យ៉ាង​ដូច្នោះ​។ ស្រប​ពេល​ដែល​គ្រា​នោះ​ លោក​ ព្រាប សុវត្ថិ​ ដំណាល​​បន្ថែម​ពី​បទ​ចម្រៀង​ហ្នឹង​ទៀត​ ធ្វើ​អោយ​ បាយ៉ារិទ្ធ​ នឹក​ស្រណោះ​ដល់​​អ្នក​និពន្ធ​ ជុំ ប៊ុន​ធឿន​ កាន់​តែ​ខ្លាំង​រហូត​ដល់​ស្រក់​ទឹក​ភ្នែក​តែ​ម្ដង៕

 

 

អត្ថបទ​៖ ថា​ ម៉ាលីដា​