អ្នក​ពាក់​លេខ​៩​ Chelsea ច្រើន​តែ​បរាជ័យ​នៅ EPL ចុះ​ Falcao វិញ​ យ៉ាង​ណា​ដែរ?

  • 2015-08-20 15:15:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ​ចូល​ថ្មី Radamel Falcao ដែល​ Chelsea បាន​ខ្ចី​ជើង​ពី​ក្លិប​ Monaco របស់​បារាំង​ បាន​ពាក់​អាវ​លេខ​៩​ នៅ​តោ​ខៀវ។ ប៉ុន្តែ​​ប្រិយមិត្ត​មាន​ដឹង​ពី​ប្រវត្តិ​​អ្នក​ពាក់​អាវ​លេខ​៩ នៅ​ Chelsea យ៉ាង​ណា​ដែរ​ខ្លះ​ដែរ​ទេ ហើយ​តើ​មាន​កីឡាករ​ណា​ខ្លះ​ជោគជ័យ ​និង​ប៉ុន្មាន​នាក់​បរាជ័យ?

 

 

ក្លិប​ Chelsea ចាប់​តាំង​ពី​​បង្កើត​ឡើង​​​ឆ្នាំ​១៩០៥ ដល់​ឆ្នាំ​១៩៩២ ​ដែល​ពេល​នោះ​លេង​នៅ​លីក​កំពូល​ហៅ​ថា First Division ​មាន​កីឡាករ​ឆ្នើម​៣​នាក់ ដែល​ធ្លាប់​ពាក់​អាវ​លេខ​៩​នេះ នឹង​ជោគជ័យ​បំផុត ដោយ​ក្នុង​នោះ​មាន​ Roy Bentley ស៊ុត​ចូល​ ១៥០​គ្រាប់​, Peter Osgood (១៥០​គ្រាប់) និង​ Kerry Dixon ស៊ុត​បាន​១៩៣គ្រាប់ ហើយ​ពួកគេ​ទាំង​៣​នាក់​នេះ បាន​ក្លាយ​ជា​វីរបុរស​នៅ​ Stamford Bridge ​ផង​ដែរ។

 

ប៉ុន្តែ​បន្ទាប់​ពី​ លោក​ Dixon ចាក​ចេញ​ពី​ក្លិប ក្រោយ​ចប់​រដូវ​កាល​១៩៩១/៩២ មក រដូវ​កាល​ថ្មី​១៩៩២/៩៣ ក៏​ចាប់​ផ្ដើម​ជាមួយ​ឈ្មោះ​ថ្មី ​Premier League ​ដែល​ចាប់​​តាំង​ពី​ពេល​នោះ​មក អ្នក​ពាក់​អាវ​លេខ​៩​ នៅ​ Chelsea ហាក់​មិន​មាន​អ្នក​ជោគជ័យ​ទៀត​ឡើយ។

 

 

​តោះ! ចង់​ដឹង​មាន​នរណា​ខ្លះ សូម​មើល​ដូច​ខាង​ក្រោម៖

 

១. Tony Cascarino: ១៩៩២-៩៤ (លេង​៤០​ប្រកួត, ស៊ុត​ចូល​៨​គ្រាប់)

 

 

Cascarino ធ្លាប់​លេង​នៅ​ Aston Villa និង​ Celtic ​មុន​ផ្ទេរ​ទៅ​ Chelsea នៅ​ឆ្នាំ​១៩៩២ ប៉ុន្តែ​អតីត​កីឡាករ​ជម្រើស​ជាតិ​អៀរឡង់​​លេង​ពុំ​សូវ​​បាន​ល្អ​ទេ ក៏​ផ្ទេរ​ទៅ Marseille ​​របស់​បារាំង​​នៅ​ឆ្នាំ​១៩៩៤។

 

២. Mark Stein: ១៩៩៤-៩៦ (លេង​៣២​ប្រកួត, ស៊ុត​ចូល​៨​គ្រាប់)

 

 

អតីត​កីឡាករ​​អាហ្វ្រិក​ខាង​ត្បូង​រូប​នេះ ​​ផ្ទេរ​ពី​ Stoke City ទៅ​ Chelsea​ កាល​ឆ្នាំ​១៩៩៣ ប៉ុន្តែ​ខ្សែ​ប្រយុទ្ធ​លេខ​៩​រូប​នេះ តោ​ខៀវ​បាន​ឲ្យ​ក្រុម​ផ្សេងៗ​ខ្ចី​ជើង​ជា​ច្រើន​ទៅ​វិញ ដូច​ជា​ទៅ Stoke វិញ, Ipswich Town, Bournemouth មុន​នឹង​ចាក​ចេញ​ពី​តោ​ខៀវ មែន​ទែន​នៅ​ឆ្នាំ​​១៩៩៦។

 

៣. Gianluca Vialli: ១៩៩៦-៩៩ (លេង​៥៨​​ប្រកួត, ស៊ុត​ចូល​២១​​គ្រាប់)

 

 

អតីត​ខ្សែ​ប្រយុទ្ធ​អ៊ីតាលី របស់​ក្រុម​ Juventus រូប​នេះ បាន​ចូល​រួម​ជាមួយ​ Chelsea នៅ​ឆ្នាំ​១៩៩៦ និង​បាន​ជួយ​ឲ្យ​តោ​ខៀវ​ លើក​ពាន​ FA Cup ឆ្នាំ​១៩៩៧, League Cup ឆ្នាំ​១៩៩៨ និង​ឈ្នះ​ UEFA Cup Winner's Cup នៅ​ឆ្នាំ​១៩៩៨​ផង​ដែរ មុន​នឹង​ចាក​ចេញ​​នៅ​ឆ្នាំ​១៩៩៩។

 

៤. Chris Sutton: ១៩៩៩-២០០០ (លេង​២៨​​ប្រកួត, ស៊ុត​ចូល​១​​គ្រាប់)

 

 

Chelsea បាន​ទិញ​ខ្សែ​ប្រយុទ្ធ​ Sutton ​ពី​ក្លិប​ Blackburn Rovers តម្លៃ​១០​លាន​ផោន នៅ​ឆ្នាំ​១៩៩៩ ​ប៉ុន្តែ​កីឡាករ​អង់គ្លេស​រូប​នេះ លេង​មិន​បាន​ល្អ​ឡើយ ហើយ​ក៏​លក់​ចេញ​​ទៅ​ក្លិប​ Celtic​ វិញ​ នៅ​ឆ្នាំ​២០០០។

 

៥. Jimmy Floyd Hasselbaink: ២០០០-០៤ (លេង​១៣៦​​ប្រកួត, ស៊ុត​ចូល​៧០​​គ្រាប់)

 

 

Chelsea ទិញ​ Hasselbaink ពី​ក្លិប​ Atletico Madrid តម្លៃ​១៥​លាន​ផោន ហើយ​កីឡាករ​រូប​នេះ បាន​ក្លាយ​ជា​កីឡាករ​លេខ​៩​​របស់​​តោ​ខៀវ ដែល​លេង​បាន​ល្អ​ជាង​គេ​បំផុត​ ក្នុង​ប្រវត្តិសាស្ត្រ​នៅ​ Premier League ​និង​ធ្លាប់​ឈ្នះ​ស្បែក​ជើង​មាស​ រដូវ​កាល​២០០០-០១ ផង​ដែរ។

 

៦. Mateja Kezman: ២០០៤-០៥ (លេង​២៥​​​ប្រកួត, ស៊ុត​ចូល​៤​​គ្រាប់)

 

 

Kezman បាន​ចាក​ចេញ​ពី​ PSV ទៅ​ Chelsea កាល​ឆ្នាំ​២០០៤ ក្នុង​ជំនាន់​អ្នកចាត់ការ​ Jose Mourinho ដឹក​នាំ​ ​និង​បាន​ពាក់​អាវ​លេខ​៩ ប៉ុន្តែ​​ខ្សែ​ប្រយុទ្ធ​ជម្រើស​ជាតិ​សែប​រូប​នេះ លេង​មិន​បាន​ល្អ​ទេ ហើយ​​តោ​ខៀវ​ ក៏​លក់​ឲ្យ​ Atletico Madrid នៅ​ឆ្នាំ​២០០៥​វិញ។

 

៧. Hernan Crespo: ២០០៥-០៦ (លេង​៣០​​​​ប្រកួត, ស៊ុត​ចូល​១០​​​គ្រាប់)

 

 

Crespo ត្រូវ​បាន​ Chelsea ទិញ​ពី​ Inter Milan ប៉ុន្តែ​​ខ្សែ​ប្រយុទ្ធ​លេខ​៩​រូប​នេះ លេង​ឲ្យ​​តោ​ខៀវ​​បាន​តែ​១​រដូវ​កាល​​ប៉ុណ្ណោះ ​និង​បាន​ជួយ​ឲ្យ​ក្លិប​​ឈ្នះ​ FA Community Shield ឆ្នាំ​២០០៥ ​និង​លើក​ពាន​ Premier League ​រដូវ​កាល​២០០៥-០៦​នោះ​ផង​ដែរ​ មុន​នឹង​ចាក​ចេញ​ពី​ Inter វិញ។

 

៨. Khalid Boulahrouz: ២០០៦-០៧ (លេង​១៣​​​​​ប្រកួត, ស៊ុត​ចូល​​០​​​គ្រាប់)

 

 

កីឡាករ​ជម្រើស​ជាតិ​ហុល្លង់ ត្រូវ​បាន​ Chelsea ទិញ​ពី​ក្លិប​ Hamburger និង​បាន​លេង​តែ​១​រដូវ​កាល​ប៉ុណ្ណោះ  ហើយ​ខ្សែការពារ​​ដែល​ពាក់​លេង​៩​រូប​នេះ​ក៏​ត្រូវ​បាន​ Sevilla ខ្ចីជើង​១ឆ្នាំ​ មុន​លក់​ទៅ​ឲ្យ Stuttgart នៅ​ឆ្នាំ​បន្ទាប់។

 

៩. Steve Sidwell: ២០០៧-០៨ (លេង​១៥​​​​​​ប្រកួត, ស៊ុត​ចូល​​០​​​គ្រាប់)

 

 

​កីឡាករ​អង់គ្លេស​រូប​នេះ ត្រូវ​បាន​ Chelsea ទិញ​ពី​ក្លិប​ Reading ឆ្នាំ​២០០៧ ​ប៉ុន្តែ​​១​រដូវ​កាល​នៅ​​តោ​ខៀវ ពុំ​បាន​ស៊ុត​ចូល​ទី​ឡើយ ហើយ​ក៏​ចាក​ចេញ​ទៅ​ Aston Villa វិញ។

 

១០. Franco Di Santo: ២០០៨-០៩ (លេង​៨​​​​​​​ប្រកួត, ស៊ុត​ចូល​​០​​​គ្រាប់)

 

 

​កីឡាករ​អាហ្សង់ទីន​រូប​នេះ ពុំ​សូវ​មាន​ឱកាស​បង្ហាញ​ខ្លួន​ទេ ក្រោម​ការ​ដឹក​នាំ​របស់​អ្នកចាត់ការ​ Luiz Felipe Scolari ទោះ​ជា​ពាក់​អាវ​លេខ​៩​ក៏​ដោយ ហើយ​ពុំ​បាន​ស៊ុត​ចូល​ទី​ឡើយ ខណៈ​ដែល​ Chelsea ឲ្យ​ Blackburn ខ្ចី​ជើង និង​លក់​ឲ្យ​ Wigan ដាច់​នៅ​ឆ្នាំ​២០១០។

 

១១. Fernando Torres: ២០១១-១៤ (លេង​១១០​​​​​​​ប្រកួត, ស៊ុត​ចូល​​២០​​​គ្រាប់)

 

 

​​កីឡាករ​ជម្រើស​ជាតិ​អេស្ប៉ាញ ត្រូវ​បាន​ Chelsea ទិញ​ពី​ Liverpool នូវ​តម្លៃ​មួយ​ខ្ពស់​បំផុត ៥០​លាន​ផោន​ឆ្នាំ​២០១១ និង​ឲ្យ​ពាក់​អាវ​លេខ​៩ ប៉ុន្តែ​តោ​ខៀវ​ពុំ​សូវ​កាក់កប​ទេ ​ហើយ​ក៏​​ឲ្យ​ AC Milan ខ្ចី​ជើង​ឆ្នាំ​២០១៤ និង​លក់​ឲ្យ​​ក្លិប​អ៊ីតាលី​ដាច់​នៅ​ឆ្នាំ​២០១៥​នេះ ប៉ុន្តែ​ AC ​បាន​ឲ្យ ​Atletico Madrid​ ទៀត​ រហូត​ទល់​បច្ចុប្បន្ន។ អ្វី​ដែល​សោក​ស្ដាយ ពេល​ Torres ចេញ រដូវ​កាល​២០១៤-១៥ Chelsea លើក​ពាន Premier League។

 

១២. Radamel Falcao: ២០១៥-​បច្ចុប្បន្ន (លេង​២​​​​​​​​ប្រកួត, ស៊ុត​ចូល​​​០​​​គ្រាប់)

 

 

Falcao ​ត្រូវ​បាន​ Chelsea ខ្ចី​ជើង​ពី​ AS Monaco ​របស់​បារាំង​ ខណៈ​ដែល​រដូវ​កាល​២០១៤-១៥ ខ្សែ​ប្រយុទ្ធ​កូឡុំប៊ី​រូប​នេះ ត្រូវ​បាន​ក្រុម​ Manchester United ខ្ចី​ជើង​ផង​ដែរ និង​​លេង​ពុំ​បាន​ល្អ​ទេ ប៉ុន្តែ​សម្រាប់​រដូវ​កាល​នេះ លោក​ Mourinho ​បាន​សម្រេច​យក​រូប​គេ​ ដើម្បី​ធ្វើ​ជា​ជម្រើស​​ខ្សែ​ប្រយុទ្ធ​ទី​២ បន្ទាប់​ពី​ Diego Costa។

 

ក្រៅ​ពី​កីឡាករ​លេខ​៩ ទាំង​១២នាក់​ដែល​​មិន​ជោគជ័យនៅ Premier League ក៏​មាន​រឿង​គួរ​ឲ្យ​កត់​សម្គាល់​ផង​ដែរ​ថារដូវកាល​២ ដែល Chelsea គ្មាន​អ្នក​ពាក់​លេខ​៩ គឺ​ជារដូវ​កាល​ដែល​ក្រុម​នេះ​លើក​ពាន ពោល​គឺ​រដូវ​កាល ២០០៩-២០១០ និង ២០១៤-២០១៥៕

 

 
 

​ចុះ​ប្រិយ​មិត្ត​ជឿ​ថា Falcao នឹង​​អាច​ធ្វើ​ឲ្យ​លេខ​៩ ​របស់​ Chelsea​ ល្បី​ល្បាញ​វិញ​បាន​ដែរ​ទេ?

 

-ចុចអាន៖ Man Utd & Chelsea ​ឈរ​​កំពូល​តារាង​ EPL ១០​រដូវ​កាល​ចុង​ក្រោយ

 

​ប្រែ​សម្រួល៖ វិន ជីវ័ន្ត ប្រភព៖ bleacherreports