រឿងរ៉ាវមនុស្សភឿកអាហ្វ្រិក៥នាក់ រងគ្រោះដោយសារអប្បិយជំនឿ
- 2015-08-20 17:17:30
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រឿងរ៉ាវមនុស្សភឿកអាហ្វ្រិក៥នាក់ រងគ្រោះដោយសារអប្បិយជំនឿ
ចន្លោះមិនឃើញ
មនុស្សភឿកនៅក្នុងទ្វីបអាហ្វ្រិក៥នាក់ បានរងគ្រោះរហូតដល់ពិការ ដោយសារការធ្វើបាបដ៏សាហាវពីមនុស្សមួយចំនួនដែលជឿលើអប្បិយជំនឿជ្រុលហួសហេតុ។
តាមប្រភពព័ត៌មាន AP ក្មេងៗអាហ្វ្រិកទាំងនោះ មានឈ្មោះ Mwigulu Magesa, Emmanuel Rutema, Baraka Lusambo, Kabula Masanja និង Pendo Noni។ ពួកគេកំពុងស្នាក់នៅទីក្រុងញ៉ូវយក ដើម្បីទទួលការព្យាបាលដោយដាក់អវយវៈសិប្បនិម្មិត និងហាត់ប្រើអវយវៈទាំងនោះ តាមរយៈមូលនិធិមួយឈ្មោះ Global Medical Relief Fund។
ទោះបានទទួលការព្យាបាល ប៉ុន្តែអ្វីដែលពួកគេចងចាំមិនភ្លេចនោះគឺហេតុការណ៍ដែលមនុស្សអាក្រក់បានធ្វើបាបមកលើរាងកាយរបស់ពួកគេនៅក្នុងប្រទេសកំណើត គឺប្រទេសតង់ហ្សានី ក្នុងតំបន់អាហ្រ្វិក។
Kabula ក្មេងស្រីភឿកអាយុ១៧ឆ្នាំ បានរៀបរាប់រឿងរ៉ាវពីការបាត់បង់ដៃស្ដាំរបស់ខ្លួនថាមានបុរសជាច្រើននាក់បានមកប្លន់គ្រួសាររបស់នាង ហើយម្ដាយ Kabulaពុំមានអ្វីមានតម្លៃនោះទេ គឺគាត់បានឲ្យកង់ទៅបុរសទាំងនោះ ប៉ុន្តែពួកគេបានបដិសេធ។ បន្ទាប់មកពួកគេបានចាប់ Kabula ផ្ដួល រួចកាត់យកដៃរបស់នាងត្រឹមក្លៀក។ ក្រោយពីធ្វើបែបនេះរួច ពួកគេបានព្រមានម្ដាយ Kabula ថានឹងមកទៀត ប៉ុន្តែចាប់ពីពេលនោះមនុស្សទាំងនោះបានបាត់ខ្លួនរហូតមក។
ស្រដៀងគ្នានេះដែរ ក្មេងប្រុស Baraka អាយុ៦ឆ្នាំ បានប្រាប់ថា យប់មួយពេលដែលគេកំពុងគេងនៅផ្ទះ មានមនុស្សប្រុសមួយចំនួនបានមកផ្ទះរបស់គេ។ បុរសទាំងនោះមានកាំបិតមកជាមួយផង ហើយបានវាយម្ដាយរបស់ Baraka និងដើរសំដៅមកកាត់ប្រអប់ដៃស្តាំរបស់ខ្លួនតែម្តង។
ដោយសារអប្បិយជំនឿក្នុងតំបន់មួយចំនួនក្នុងប្រទេសតង់ហ្សានី និងបណ្ដាប្រទេសមួយចំនួននៅអាហ្វ្រិក ដែលជឿថារាងកាយមនុស្សភឿក មានមន្តអាគមពិសេសធ្វើឲ្យមានទីផ្សារងងឹត ជួញដូរអវយវៈរបស់មនុស្សភឿក។ គ្រូធ្មប់ចង់បានអវយវៈមនុស្សភឿកទាំងនោះទៅធ្វើថ្នាំ និងជឿថានាំអ្នកប្រើប្រាស់មានសំណាងល្អ។
តាមរបាយការណ៍អង្គការសហប្រជាជាតិ ប្រទេសតង់ហ្សានី ក្នុងចំណោមមនុស្ស១៥០០០នាក់មានម្នាក់កើតជំងឺភឿក។ ពួកគេបានក្លាយជាជនរងគ្រោះដោយសារករណីជាច្រើន។ រដ្ឋាភិបាលប្រទេសនេះបានព្យាយាមទប់ស្កាត់អំពើឃោរឃៅទាំងនោះ ប៉ុន្តែវានៅតែកើតមានឡើង៕
ចុចអាន៖ អាហ្រ្វិកខាងលិចក្លាយជាកន្លែងចាក់សំណល់អេឡិចត្រូនិករាប់លានតោន
ប្រែសម្រួល៖ មាន រតនា ប្រភព៖ foxnews