សមាគម​សិល្បករ​ និង​សមាគម​ភាពយន្ត​ជជែក​គ្នា​រឿង ភាពយន្ត​បរទេស

  • 2015-08-24 16:08:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ចុង​សប្ដាហ៍​កន្លង​ទៅ​សមាគម​សិល្បករ​​ខ្មែរ និង​សមាគម​ភាពយន្ត​កម្ពុជា បាន​រៀប​ចំ​​កា​ជជែក​គ្នា​មួយ ជុំ​វិញ​ផល​ប៉ះពាល់​ការ​ចាក់​បញ្ចាំង​​​ភាពយន្ត​បរទេស​​លើ​កញ្ចក់​ទូរទស្សន៍​បច្ចុប្បន្ន ។

 

 

ការ​ជួប​ជុំ​ជជែក​នេះ ធ្វើ​ឡើង​បន្ទាប់​ពី ខ្សែភាពយន្ត​បរទេស​ជា​ច្រើន​កំពុង​វាយ​លុក​ទីផ្សារ​គំហុក ដែល​នាំ​ឲ្យ​ប៉ះពាល់​ភាពយន្ត​កម្ពុជា ជា​ពិសេស​រឿង​ភាគ​ថៃ ។

 

លោក ឆាយ បូរ៉ា ប្រធាន​សមាគម​ភាពយន្ត​បាន​លើក​ឡើង​ថា វត្តមាន​នៃ​ភាពយន្ត​បរទេស ​ជា​ពិសេស​រឿង​ភាគ​បរទេស​ដែល​កំពុង​តែ​ចាក់​បញ្ចាំង​លើ​កញ្ចក់​ទូរទស្សន៍​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​វិស័យ​៣ធំ ក្នុង​នោះ​មាន សេដ្ឋកិច្ច អប់រំ និង វប្បធម៌។

 

ប្រធាន​សមាគម​ភាពយន្ត​ និង​ជា​ចាងហ្វាង​ផលិតកម្ម​ដើម​ត្នោត​រូប​នេះ​បាន​ពន្យល់​ថា មួយ​រយៈ​ចុង​ក្រោយ​នេះ​ មាន​ផលិតកម្ម​ជា​ច្រើន​ចាប់​ផ្ដើម​ផលិត​រឿង​ភាគ​ដើម្បី​យក​មក​ចាក់​បញ្ចាំង​​លើក​កញ្ចក់​ទូរទស្សន៍ ប៉ុន្តែ​​ការ​ផលិត​​របស់​ផលិតកម្ម​ទាំង​នោះ​ប្រឈម​មុខ​នឹង​ការ​ខាត​បង់ ព្រោះ​តែ​ស្ថានីយ​ទូរទស្សន៍​ដែល​ធ្លាប់ យក​រឿង​ភាគ​របស់​ខ្មែរ​ទៅ​ចាក់​បញ្ចាំង​នោះ​ ឈប់​ទិញ​ដោយ​ងាក​​ទៅ​ទិញ​​រឿង​ភាព​យន្ត​បរទេស​យក​មក​ចាក់​បញ្ចាំង​វិញ ព្រោះ​រឿង​ភាព​​បរទេស​​មាន​តម្លៃ​ថោក ត្បិត​អី​រឿង​ទាំង​នោះ ត្រូវ​បាន​គេ​លក់​នៅ​ប្រទេស​គេ​រួច​ហើយ។ "រឿង​ខ្មែរ ធ្វើ​១ភាគ​​ប្រហែល​ជាង​២ពាន់​ដុល្លារ ប៉ុន្តែ​​បើ​ទិញ​រឿង​​បរទេស​វិញ ​អស់​តែ​៥០០ដុល្លារ​​ប៉ុណ្ណោះ​ " លោក ឆាយ បូរ៉ា ថ្លៃង។

 

ផ្អែក​តាម​ការ​​វាយ​តម្លៃ​របស់​ប្រធាន​សមាគម​ភាពយន្ត​ខាង​លើ គ្រប់​ស្ថានីយ​​ទូរទស្សន៍​ទាំង​​អស់​មួយ​រយៈ​ចុង​ក្រោយ​នេះ បាន​ចំណាយ​​ប្រាក់ ប្រហែល​ជា ៨លាន​ដុល្លារ​ឯណោះ ដើម្បី​ទិញ​កម្មវិធី​ពី​បរទេស ក្នុង​នោះ​មាន​រឿង​ភាគ​ផង​ដែរ ។

 

ក្នុង​ការ​ជជែក​នេះ ក្រៅ​ពី​លោក ឆាយ បូរ៉ា ក៏​មាន​​ការ​លើក​ឡើង​ពី​ចាងហ្វាង​ផលិតកម្ម ផលិតករ ក៏​ដូច​ជា សិល្បករ​សិល្បៈ​ការិនី ជា​ច្រើន​នាក់​ផង​ដែរ ដែល​បាន​​លើក​​​ពី​កង្វល់​របស់​ពួក​គេ ជុំវិញ​វត្ត​មាន​ ភាព​យន្ត​បរទេស ជា​ពិសេស​រឿង​​ភាគ​ថៃ ដែល​កំពុង​តែ​ចាក់​បញ្ចាំង​លើ​កញ្ចក់​ទូរទស្សន៍​ខ្មែរ​បច្ចុប្បន្ន។

 

 

លោក អៀង ស៊ីធុល សាស្ត្រាចារ្យ​នៃ​សាកលវិទ្យាល័យ​ភូមិន្ទ និង​វិចិត្រសិល្បៈ បាន​លើកឡើងថា វិស័យសិល្បៈ វប្បធម៌ខ្មែរ គឺជាអត្តសញ្ញាណរបស់ជាតិ ដែលមិនអាចខ្វះបាន ប៉ុន្តែបើគ្រប់ស្ថានីយ ទូរទស្សន៍របស់ខ្មែរ បញ្ចាំងតែរឿងបរទេស ហាក់បង្ហាញឲ្យកូនខ្មែរបានដឹងតែវប្បធម៌បរទេស ជាហេតុធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំង ដល់ការអប់រំក្មេងៗជំនាន់ក្រោយ។

 

លោកបញ្ជាក់ថា ជាការពិតវប្បធម៌បរទេស យើងពិតជាចង់ដឹង និងចង់ស្វែងយល់ណាស់ ប៉ុន្តែវប្បធម៌បរទេស ក៏អាចជះឥទ្ធិពលអាក្រក់ ដល់សង្គមរបស់យើងផងដែរ។ ជាពិសេសក្មេងៗយុវវ័យ ដែលកំពុងតែជ្រួលជ្រើម ទទួលយកទាំងមិន ដឹងខ្លួននេះ ។

 

ផ្អែក​តា​ម​ការ​វាយ​តម្លៃ​របស់​លោក ឆាយ បូរ៉ា មាន​ទស្សនិកជន​ប្រមាណ​ជា​៨លាន់​នាក់​ក្នុង​មួយ​ថ្ងៃ ក្នុង​នោះ​មាន​យុវជន​ជាង​៦លាន់​នាក់ កំពុងតែ​​ត្រេក​ត្រអាល ក្នុង​ការ​ទទួល​យក​ឥទ្ធិពល​វប្បធម៌​​បរទេស ដែល​ធ្វើ​ឲ្យ​បាត់​បង់​ចរិយា​ធម៌​ថ្លៃថ្នូរ សុជីវធម៌ និង​​ផ្នត់គំនិត ដែល​ជា​គ្រោះ​នៃ​អត្តសញ្ញាណ​ជាតិ​របស់​ខ្លួន។

 

ការ​ជជែក ស្ដី​ពី​កង្វល់​ខាង​លើ និង​ត្រូវ​ដាក់​ជូន​​​ក្រសួង​វប្បធម៌​ និង​វិចិត្រសិល្ប ក៏​ដូច​ជា​រាជ​​រដ្ឋាភិបាល សម្រេច​ក្នុង​ពេល​ឆាប់ៗ​នេះ។

 

 

 

 

 

 

អត្ថបទ៖ ខុត សីហា

អត្ថបទថ្មី