មិនចង់ធ្វើការឲ្យគេ រៀនចប់ពីបរទេសសល់លុយ ១២០ ដុល្លារបើកក្រុមហ៊ុនចំណូលរាប់ម៉ឺនដុល្លារ
- 2015-08-26 16:54:39
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មិនចង់ធ្វើការឲ្យគេ រៀនចប់ពីបរទេសសល់លុយ ១២០ ដុល្លារបើកក្រុមហ៊ុនចំណូលរាប់ម៉ឺនដុល្លារ
ចន្លោះមិនឃើញ
បន្ទាប់ពីបញ្ចប់ថ្នាក់បរិញ្ញាបត្រជំនាញព័ត៌មានវិទ្យាពីសាធារណរដ្ឋឆែក ជាមួយដើមទុនតែ ១២០ ដុល្លារ លោក សុខ សុភមង្គល បានសហការជាមួយមិត្តភ័ក្រពីរបីនាក់បើកក្រុមហ៊ុនមួយដែលមានសេវាបង្កើតវេបសាយ បង្កើតប្រព័ន្ធគ្រប់គ្រងលើអាជីវកម្មខ្នាតតូចធំ រហូតអាចរកចំណូលបានរាប់ម៉ឺនដុល្លារក្នុងមួយខែៗ។
ក្នុងនាមជានាយកប្រតិបត្តិក្រុមហ៊ុន CODINGATE លោក សុខ សុភមង្គល បានឲ្យដឹងថា បន្ទាប់ពីជាប់បាក់ឌុបនៅឆ្នាំ ២០០៨ លោកបានសិក្សាផ្នែកព័ត៌មានវិទ្យានៅសាកលវិទ្យាល័យក្នុងស្រុកមួួយ។ សិក្សាបានមួយឆ្នាំក៏មានឱកាសជាប់អាហារូបករណ៍ទៅសិក្សាថ្នាក់បរិញ្ញាបត្រនៅឯសាធារណរដ្ឋឆែកផ្នែកជំនាញព័ត៌មានវិទ្យា។
ការសិក្សានៅប្រទេសឆែក មង្គល ទទួលការទំនុកបម្រុងគ្រប់បែបយ៉ាងទាំងការចំណាយលើថ្លៃសិក្សា និងការរស់នៅធ្វើម៉េចប្រឹងរៀនតែមួយមុខគត់។បន្ទាប់ពីប្រឹងប្រែងជាង ៤ ឆ្នាំ និងសម្រេចជោគជ័យជាស្ថាពរ មង្គលបានវិលត្រឡប់ប្រទេសកំណើតវិញជាមួយការតាំងចិត្តបើកជំនួញខ្លួនឯង។
"ខ្ញុំមិនចង់ធ្វើការឲ្យគេទេ ទោះបីខ្ញុំគ្មានបទពិសោធន៍រកស៊ីក៏ដោយ”។
ដោយមិនចង់យកចំណេះដែលខ្លួនខំប្រឹងប្រែងទទួលបានទាំងលំបាកទៅធ្វើការបម្រើឲ្យគេ ទោះបីស្ថានភាពហិរញ្ញវត្ថុមិនអំណោយផលនិងបទពិសោធន៍រកស៊ីនៅស្ទើរ មង្គល បានសម្រេចចិត្តបើកក្រុមហ៊ុនផ្នែកសេវាបង្កើតវេបសាយ និងបង្កើតប្រព័ន្ធគ្រប់គ្រងលើអាជីវកម្មខ្នាតតូចមួយជាមួយមិត្តភ័ក្កពីរបីនាក់ទៀត។
បន្ទាប់ពីមានការតាំងចិត្តបែបនេះមង្គលបានប្រើដើមទុនតែ ១២០ ដុល្លារប៉ុណ្ណោះដើម្បីបើកក្រុមហ៊ុនដែលមានសេវាបង្កើតវេបសាយបង្កើតប្រព័ន្ធគ្រប់គ្រងលើអាជីវកម្មខ្នាតតូចឡើង។
មង្គលថា កាលបើកដំបូងមានគ្នាតែពីរបីនាក់ដែលបានត្រួសត្រាយ រហូតដំណើរការរយៈពេល ៣ ឆ្នាំក៏បានពង្រីកសមាជិកឡើងជិតដល់ ២៦ នាក់។ គម្រោងមានធ្វើមិនចេះចប់ សុទ្ធតែជាក្រុមហ៊ុនក្នុងស្រុក និង ក្រៅស្រុកជាច្រើនមកទាក់ទងដោយក្នុងខែនេះទទួលបានជាង ១០០ គម្រោង ដូចជាការរចនាបង្កើតវេបសាយ និងរៀបចំប្រព័ន្ធគ្រប់គ្រងផ្សេងៗដូចជាតាមហាងលក់ទំនិញ សណ្ឋាគារ និងគ្រប់គ្រងបុគ្គលិកក្នុងក្រុមហ៊ុននានាជាដើម។
លទ្ធផលសម្រេចបាននេះ មង្គលថាជាជោគជ័យសម្រាប់ការបើកដំណើរការអាជីវកម្មរបស់លោកបន្ទាប់ពីបានប្រឹងប្រែងនិងពុះពារការលំបាកជាច្រើនឆ្នាំមកនេះ។
CEO ដែលមានស្រុកកំណើតក្នុងខេត្តសៀមរាបវ័យ ២៦ ឆ្នាំរូបនេះបញ្ជាក់ថា ធ្វើអ្វីក៏ដោយតែងតែជួបបញ្ហា និងរឿងស្មុគស្មាញជាច្រើន តែចំពោះលោកតែងតែដំណោះស្រាយ និងហ៊ានទទួលការពិតនូវអ្វីខ្លួនធ្វើមិនបាន។ ការស្វែងរកដៃគូសហការដើម្បីបានដំណោះស្រាយទាន់ពេលវេលា ជាមួយការសិក្សាស្វែងយល់ពីបច្ចេកវិទ្យាថ្មីៗ ជាអ្វីដែលលោកតែងតែយកទៅអនុវត្តដើម្បីអភិវឌ្ឍអាជីវកម្មរបស់លោក៕
អត្ថបទ៖ ដារ៉ាឆានី