អាថ៌កំបាំងពាក់ព័ន្ធគ្នារវាងអ្នកថត និងរូបថតមួយសន្លឹករញ្ជួយប្រព័ន្ធ Facebook
- 2015-08-26 15:56:13
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អាថ៌កំបាំងពាក់ព័ន្ធគ្នារវាងអ្នកថត និងរូបថតមួយសន្លឹករញ្ជួយប្រព័ន្ធ Facebook
ចន្លោះមិនឃើញ
លោក យិន ភារុណ អ្នកថតរូបវ័យក្មេងរបស់ Sabay ជាម្ចាស់រូបថតមួយសន្លឹកដ៏រំជួលចិត្ត ពីទិដ្ឋភាពបេក្ខជនប្រឡងសញ្ញាប័ត្របាក់ឌុបហូបបាយកៀនរបងមណ្ឌល បានឆក់យកបេះដូងប្រិយមិត្តលើបណ្ដាញសង្គមរាប់ពាន់នាក់ឲ្យជួយចែកចាយបន្តពីមួយទៅមួយ ក្នុងរវាងពីរថ្ងៃកន្លងមកនេះ។
តោះស្តាប់ តើហេតុផលអ្វី ជំរុញអោយគាត់ថតរូបនេះហើយបង្ហាញទៅសាធារណជន?
ប្រិយមិត្តជាច្រើនបានសរសេរភ្ជាប់ជាមួយសំណៅរូបភាពដែលពួកគេបានចែកចាយ(Share) អ្នកខ្លះចូលមក Comment បង្ហាញពីអារម្មណ៍អាណិត និងរំជួលរបស់ខ្លួន។ “អាណិតណាស់ ឃើញហើយនឹកអាណិតប្អូនប្រុសខ្ញុំ "។ "ឃើញហើយរំជួលចិត្តណាស់ សង្ឃឹមថាប្អូនប្រុសនឹងប្រឡងជាប់ និងបាននិទ្ទេសល្អ"។ នេះសុទ្ធជាសាររបស់ប្រិយមិត្តលើបណ្ដាញសង្គម ខណៈអ្នកខ្លះទៀត ជំរុញលើកទឹកចិត្តឲ្យប្អូនប្រុសក្នុងរូបបន្តការតស៊ូកុំបោះបង់។
មិនត្រឹមតែសាមញ្ញជនទេ សូម្បីតែឯកឧត្ដម កឹម គុណវឌ្ឍន៍ អគ្គនាយកទូរទស្សន៍ជាតិកម្ពុជា ក៏ជាម្នាក់ក្នុងចំណោមប្រិយមិត្តរាប់រយដែលរំជួលចិត្តដោយសាររូបភាពមួយសន្លឹកនោះដែរ។ ក្រៅពីចូលរួមចែកចាយបន្ត ឯកឧត្ដម បានភ្ជាប់ជាមួយសារ ដោយសំណូមពរឲ្យរដ្ឋមន្ត្រីក្រសួងអប់រំ ជួយរៀបចំកន្លែងទទួលទានបាយសម្រាប់បេក្ខជនប្រឡងទៀតផងនានាសម័យប្រឡងឆ្នាំក្រោយៗ។
ឯកឧត្ដម សរសេរថា "កូនខ្ញុំ កូនគេ បើពិតដូច្នេះមែន ឆ្នាំក្រោយៗ សុំលោករដ្ឋមន្រ្តី ក្រសួងអបរំ ផ្តល់ទីតាំងតូច១ក្នុងមណ្ឌលប្រឡងសម្រាប់ឲ្យប្អូនៗ ក្មួយៗ ជាបេក្ខជនប្រឡងបាន កន្លែងទទួលទានបាយសមរម្យផង ទោះថាមានការបណ្ដឹងសន្តិសុខខ្លាំងយ៉ាងណាក្តី ពិតជាអាណិតណាស់ សូមអរគុណទុកជាមុន"។ គុណវឌ្ឍ ។
រូបភាពដដែលនេះ បានអន្ទងឲ្យប្រិយមិត្តមួយរូបស្កាត់ទៅរកបេក្ខជនក្នុងរូបភាពរហូតជួប និងបានសម្រេចផ្ដល់ជំនួយឧបត្ថម្ភជាអាហារូបករណ៍សម្រាប់សិក្សាថ្នាក់បរិញ្ញាបត្ររយៈពេល ៤ឆ្នាំពេញ ដោយសូម្បីតែសាមីខ្លួនមិនទាន់ដឹងថាជាប់ ឬធ្លាក់ផង។
លោក យិន ភារុណ
ប្រិយមិត្តម្នាក់ដែលមានឈ្មោះគណនីថា Jc Sontinou បានសរសេរថា "ជយោ! រកប្អូនប្រុសឃើញហើយបងប្អូន ខ្ញុំដើររកគាត់តាំងពីខាងត្បូងរបងសាលាបឹងត្របែក សួរសិស្សជិត៥០នាក់ រហូតដល់ខាងជើងរបងសាលា បានឃើញគាត់កំពុងអង្គុយញុំាបាយដូចក្នុងរូបបេះបិត និងបានជួបឪពុកគាត់ផងដែរ... ខ្ញុំពិតជាសប្បាយចិត្តណាស់ ខ្ញុំបានឱបគាត់ទៀតផង ហើយគ្រាន់តែរកគាត់ឃើញ សិស្សនៅខាងលើបានស្រែកហ៊ោទៀតផង ព្រោះខ្ញុំបានប្រាប់ពួកគាត់ថា រកប្អូនប្រុសនេះ ដើម្បីផ្តល់អាហារូបករណ៍៤ឆ្នាំ...ខ្ញុំបានយកលេខទូរស័ព្ទឪពុកគាត់ទុកហើយ... ”។
វិលមកម្ចាស់រូបភាពនេះ គឺលោក យិន ភារុណ ដែលជាអ្នកថតរូបអាជីពម្នាក់ បានប្រាប់ថា នោះជាភាពចៃដន្យបំផុតដែលលោកផ្ដិតបានរូបភាពមួយនេះ។ យ៉ាងណា អ្នកថតរូបវ័យជាង ២០ឆ្នាំរូបនេះ បានប្រាប់ថា ភាពចៃដន្យនេះ បានទាញអារម្មណ៍លោកឲ្យវិលទៅកាន់អតីតកាលកាលពីជាង ៤ឆ្នាំមុន ជាពេលដែលលោកនៅជាបេក្ខជនប្រឡងសញ្ញាប័ត្រទុតិយភូមិមួយរូបដែរ ហើយនេះជាហេតុធ្វើឲ្យលោកលើកកាមេរ៉ាផ្ដិតយករូបភាពមួយសន្លឹកនេះដោយខានមិនបាន៕
អត្ថបទ៖ ទារិកា