ផ្ទុះ​រឿងឪពុក​ ភិន សុដាលីស​ ទាត់ ប៉ែន ចំរុង ៣​ជើង​យប់​មិញ

  • 2015-08-27 21:27:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ក្នុង​សន្និសីទ​​កាសែត​បន្ទាន់​​ព្រឹកមិញ​ លោក អ៊ិន សុភិន ម្ចាស់​គ្រប់​គ្រង​ផលិតកម្ម​មហា​ហង្ស​ត្រូវ​ជា​ឪពុក​របស់​ ភិន សុដាលីស​ បាន​ប្រកាស​ថា លោក​បាន​ទាត់​តារា​សម្ដែង​ពូកែ​ធ្វើ​ឡប់​ៗ ៣​ជើង និង​ប៉ុន្មាន​ដៃ​ទៀត​កាល​ពី​យប់​​មិញ ព្រម​ទាំង​ប្រកាស​ជា​ផ្លូវ​ការ​ថា ​លោក​នឹង​ធ្វើ​សង្គ្រាម​ពេញ​ទំហឹង​ជា​មួយ​តារា​រូប​នេះ​ពី​ពេល​នេះ​ត​ទៅ។

 

 

«នៅ​យប់​ម៉ិញ យប់​ថ្ងៃ​ទី​ ២៦ ​ខែ​សីហា នេះ​នៅ​ម៉ោង​ ១០​ ខ្ញុំ​បាន​វាយ​និង​ទាត់​ ប៉ែន ចំរ៉ុង​ បី​ជើង​រួច​ហើយ ហើយ​ថ្ងៃ​នេះ​ ខ្ញុំ​ក៏​នឹង​តាម​វាយ​ ប៉ែន ចំរុង ដល់​ផ្ទះ​គាត់​ទៀត»។អ៊ិន សុភិន ប្រកាស​ក្នុង​សន្និសីទ​សារព័ត៌មាន​ព្រឹក​មិញ។

 

 

ដំណើរ​ដើម​ទង​ដែល​ ឪពុក​រូប​នេះ​ហ៊ាន​ដល់​ប្រើ​ហិង្សាដូច្នេះ ដោយ​សារ​​តារា​ប្រុស​រូប​នេះ មិន​ស្ដាប់​ការ​ព្រមាន​ម្ដង​ជា​ពីរ​ដង កុំ​ឲ្យ​ទាក់​ទង​កូន​ស្រី​របស់លោក ភិន​ សុដាលីស ​។​ មិន​ត្រឹម​ប៉ុណ្ណឹង លោក​ថា ប៉ែន ចំរុង​ មើល​ងាយ​ក្រុម​គ្រួសារ ​និង​ខាង​ផលិត​កម្ម​របស់​លោក​ទៀត។

 

 

“ ប៉ែន​ ចំរុង​ មិន​ត្រឹម​តែ​មិន​គោរព​ខ្ញុំ​នោះ​ទេ គេ​ថែម​ទាំង​​មើល​ងាយ​ខាង​ក្រុម​ការងារ​ មិន​គោរព​ម៉ោង​ពេល​វេលា និយាយ​ក្រឡិច​ក្រឡុច​ ​ទាញ​ផល​ប្រយោជន៍​ពី​ខាង​ខ្ញុំ​រហូត​...​ទៀត​ផង​។ ហើយ​​ខ្ញុំ​សូម​​ប្រកាស​ថា​បើ​មាន​ ចំរុង​ នៅ​ក្នុង​កម្ម​វិធី​អ្វី​មួយ​ខ្ញុំ​នឹង​ទៅ​តាម​គេ​រហូត"។ ចាង​ហ្វាង​ខាងលើ ថ្លែង។​​​

 

លោក អ៊ិន សុភិន​ បាន​បន្ត​ទៀត​ថា​លោក​ស្គាល់​ ហើយ​ក៏​ធ្លាប់​បាន​សរសើរ​ ប៉ែន ចំរុង ​ដែរ​ថា​គេ​ជា​មនុស្ស​គួរ​ឲ្យ​ចូល​ចិត្ត ​ប៉ុន្តែ​អ្វី​ទាំង​អស់​បាន​ធ្វើ​ឲ្យ​លោក​ខក​ចិត្ត​បន្ទាប់​ពី​មាន​រឿង​រ៉ាវ​យ៉ាង​ដូច្នេះ​។ លោក​បន្ត​ទៀត​ថា​ អ្វី​ដែល​ធ្វើ​ឲ្យ​លោក​ ក្ដៅ​ចិត្ត​បំផុត​ ចុង​ក្រោយ​នេះ ពេល​ដែល​លោក​បាន​ទូរសព្ទ​​ទៅ​ដាស់​តឿន ចំរុង​ តែ​បែរ​ជា​ បង​ប្រុស​របស់​គេ​លើក​ជំនួស​វិញ​​ ហើយ​បាន​ព្រលយ​សម្ដី​ថា​ឈប់​ឲ្យ​ទាក់​ទង​ប្អូន​ប្រុស​គេ​ទៀត​។

 

 

"ពី​ដំបូង​ឡើយ​ខ្ញុំ​មិន​បាន​ស្អប់​ ចំរុង ​​ទេ ​ហើយ​ខ្ញុំ​ក៏​មិន​បាន​ហាម​ឃាត់​កូន​ស្រី​មិន​ឲ្យ​ទៅ​ទាក់​ទង​នឹង​គេ​នោះ​ទេ ប៉ុន្តែ​ចាប់​តាំង​ពី​ថត​រឿង "ខ្មោច​ថត​កុន"​​ មក​ ទើប​ខ្ញុំ​ដឹង​ថា​ ចំរុង​ ជា​មនុស្ស​បែប​ណា​ បើ​គេ​ស្រលាញ់​កូន​ខ្ញុំ​ស្មោះ​ពិត​មែន​គេ​​នឹង​តស៊ូ​​ដើម្បី​នាង​ហើយ​​នឹង​​គោរព​ស្រលាញ់​​​ខាង​ក្រុម​គ្រួសារ​ខ្ញុំ​ផង​ដែរ​ប៉ុន្តែ​គេ​​មិន​បាន​ឲ្យ​តម្លៃ​ខាង​ខ្ញុំ​នោះ​ទេ​"។ អ៊ិន សុភិន​ បន្ថែម​។

 

ឪពុក​ ភិន សុដាលីស បាន​បញ្ជាក់​ទៀត​ថា​ លោក​នឹង​ទៅ​ជួប​នៅ​ផ្ទះ​ ប៉ែន ចំរុង​ ថ្ងៃ​ណាមួយ​ឆាប់​ៗ​នេះ​ដើម្បី​ធ្វើ​ការ​ចរចា​ពី​បញ្ហា​ទាំង​អស់​នេះ​ហើយ​លោក​ កំពុង​តែ​មាន​វិធាន​លើកូន​ស្រី​ដែរ។

 

 

ពាក់​ព័ន្ធ​ករណី​ខាង​លើ ភាគី​ខាង​ប្រុស គឺ​តារា​សម្ដែង ប៉ែន ចំរុង មិន​ទាន់​អាច​​​សុំ​ទំនាក់ទំនង​បាន​ទេ​ព្រឹក​នេះ...៕

 

អត្ថបទ​៖ ថា​ម៉ាលីដា​​

​​​

អត្ថបទពេញនិយម