ក្រសួងអប់រំ​ និង FFC និយាយ​ពី ​U-19កម្ពុជា ៥​នាក់​នៅ​ឡាវ​មិន​បាន​ប្រឡង​បាក់ឌុប

  • 2015-08-27 23:57:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​នាំ​ពាក្យ​ក្រសួង​អប់រំ យុវជន​ និង​កីឡា​ថា​ កីឡាករ​ជម្រើស​ជាតិ​ដែល​ជាប់​បំពេញ​បេសកកម្ម​ ចូល​រួម​ប្រកួត​នៅ​ក្រៅ​ប្រទេស​ តែ​ជាប់​កាតព្វកិច្ច​ត្រូវ​ប្រឡង​បាក់​ឌុប​ ហើយ​មិន​មក​ប្រឡង​ ដោយ​មិន​បាន​ជូន​ដំណឹង​មក​ក្រសួង​អប់រំ​ជា​មុន​នោះ​ ត្រូវ​ធ្លាក់​ដោយ​ស្វ័យប្រវត្តិ​ ប៉ុន្តែ​លោក​អគ្គលេខាធិការ​រង​នៃ​សហព័ន្ធ​បាល់ទាត់​កម្ពុជា​ថា មិន​ទាន់​មាន​​ដំណោះ​ស្រាយ​​បែប​ណា​ឡើយ​ចំពោះ​កីឡាករ​ទាំង​៥​នាក់​ដែល​ចេញ​ទៅ​ប្រកួត​ជា​មួយ​មិត្តរួម​ក្រុម​នៅ​ប្រទេស​ឡាវ។

 

សមាជិក​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​អាយុ​ក្រោម​១៩​ឆ្នាំ​(U-19)៥​នាក់​​ដែល​កំពុង​បំពេញ​ភារកិច្ច​សម្រាប់​ការ​ប្រកួត ​2015 AFF U19 Championship នៅ​ប្រទេស​ឡាវ​​​ដែល​ធ្វើ​ឲ្យ​ពួក​គេ​មិន​បាន​​ចូល​រួម​ប្រឡង​​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយ​ភូមិ​មិន​​ទាន់​ត្រូវ​បាន​ថ្នាក់​ដឹក​នាំ​សម្រេច​យ៉ាង​ណា​នោះ​ទេ។

 

លោក​ ម៉ៃ តុលា អគ្គលេខាធិការ​រង​នៃ​សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា​បាន​ប្រាប់​​ថា​ ​​កីឡាករ​៣​នាក់​​បាន​​ប្រាប់​ដំណឹង​ដល់​សហព័ន្ធ​បាល់ទាត់​កម្ពុជា​​អំពី​ការ​ប្រឡង​របស់​​ពួក​គេ​​ និង​ពីរ​នាក់​​​ទៀត​អត់​បាន​ប្រាប់​សហព័ន្ធ​ទេ​គឺ​សហព័ន្ធ​​ទើប​តែ​​ដឹង​នៅ​ពេល​ព័ត៌មាន​​ចេញ​ផ្សាយ​ហើយ។

 

លោក​ថា ៖«៣​នាក់​បាន​ប្រាប់​សហព័ន្ធ​ ហើយ​យើង​​បាន​ពិភាក្សា​គ្នា​ ឪពុក​ម្តាយ​របស់​ពួក​គេ​ក៏​យល់​ព្រម​ឲ្យ​ពួក​គេ​ហ្វឹក​ហាត់​ និង​​ចេញ​ទៅ​ប្រកួតដែរ​​ តែ​សហព័ន្ធ​​ក៏​បាន​ឲ្យ​ពួក​គេ​ពិចារណា​ពី​ការ​ប្រឡង​ដែរ។ ពីរ​នាក់​ទៀត​ យើង​អត់​ដឹង​​ថា ពួក​គេ​ត្រូវ​ប្រឡង​បាក់ឌុប​ឡើយ​ ដឹង​ពេល​ព័ត៌មាន​ចេញ​ផ្សាយ​ហើយ​ ទើប​ខាង​គ្រូ​ប្រាប់​ថា​ មាន​២​នាក់​ទៀត»។

 

លោក​អគ្គលេខាធិការ​រង​បាន​បញ្ជាក់​ថា នៅ​ពេល​​នេះ​សហព័ន្ធ​បាល់ទាត់​កម្ពុជា​មិន​ទាន់​សម្រេច​យ៉ាង​ណា​នោះ​ទេ​ គឺ​​មិន​អាច​និយាយ​បាន​ថា ឲ្យ​ពួក​គេ​ធ្លាក់​ដោយ​ស្វ័យ​ប្រវត្តិ​បាន​ឡើយ​ ​រង់​ចាំ​ពួក​គេ​វិល​ត្រឡប់​មក​វិញ​ទើប​ពិភាក្សា​គ្នា​ដើម្បី​រក​ដំណោះស្រាយ។

 

ទោះ​បី​ជា​យ៉ាង​ណា​នៅ​រសៀល​ថ្ងៃ​​នេះ​ប្រភព​ព័ត៌មាន​ Freshnews បាន​ផ្សាយ​​ថា អ្នក​នាំ​ពាក្យ​ក្រសួង​អប់រំ យុវជន​ និង​កីឡា​ លោក​ រស់​ សាលីន​ បាន​ ប្រាប់​ថា​ កីឡាករ​ជម្រើស​ជាតិ​ដែល​ជាប់​បំពេញ​បេសកកម្ម​ ចូល​រួម​ប្រកួត​នៅ​ក្រៅ​ប្រទេស​ តែ​ជាប់​កាតព្វកិច្ច​ត្រូវ​ប្រឡង​បាក់​ឌុប​ ហើយ​មិន​មក​ប្រឡង​ ដោយ​មិន​បាន​ជូន​ដំណឹង​មក​ក្រសួង​អប់រំ​ជា​មុន​នោះ​ ត្រូវ​ធ្លាក់​ដោយ​ស្វ័យប្រវត្តិ។

 

កីឡាករ​ U-19កម្ពុជា​ទំាង​៥​នាក់​ដែល​​មិន​បាន​ប្រឡង​បាក់​ឌុប​ កាល​ពីថ្ងៃទី២៤-២៥​ ខែ​សីហា​កន្លង​ទៅ​នេះ​មាន​ កីឡាករ​ ម៉ែន មុន្នីរ៉ា, គីម ហាប់, ទូច រ៉ូម៉ា, ជាម រតនា និងកីឡាករ ចិន វណ្ណៈ ។ ពួក​គេ​កំពុង​បំពេញ​ភារកិច្ច​ជួយ​ជាតិ​ក្នុង​ការ​ប្រកួត​ពាន​2015 AFF U19 Championship ចាប់​ពី​ថ្ងៃ​ទី​២២​ សីហា​ ដល់​ទី​៤ ខែ​កញ្ញា ឆ្នាំ​២០១៥ នៅ​ប្រទេស​ឡាវ៕

 

អត្ថបទ៖ ជាន ចាន់រ៉ា​

អត្ថបទពេញនិយម
អត្ថបទថ្មី