យុវវ័យជាច្រើនចូលរួមការប្រគំតន្ត្រី "សប្បុរសធម៌មិត្តយើង"
- 2015-08-31 16:26:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
យុវវ័យជាច្រើនចូលរួមការប្រគំតន្ត្រី "សប្បុរសធម៌មិត្តយើង"
ចន្លោះមិនឃើញ
យុវវ័យប្រុសស្រីជាច្រើន បានចូលរួមទស្សនា ការប្រគំតន្ត្រី "សប្បុរសធម៌មិត្តយើង" ដែលបានប្រារព្ធឡើងនៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា កូរ៉េ ឬ CKCC ម្សិលមិញនេះ។
យន់ លក្ខិណា ជានិស្សិតឆ្នាំទី ១ សាកលវិទ្យាល័យភូមិន្ទភ្នំពេញបានបង្ហាញអារម្មណ៍ថា ចូលរួមការប្រគំតន្ត្រី ដើម្បីបានសប្បាយរីករាយនាឱកាសចុងសប្ដាហ៍ផង និងចូលរួមអំពើសប្បុរសធម៌ផង។ យុវតីរូបនេះបញ្ជាក់៖ "យើងនៅក្មេងចេះធ្វើអំពើល្អខ្លះក៏ល្អដែរ ព្រោះបានជួយគ្នាទៅវិញទៅមកក្នុងគ្រាដែលមានការលំបាក"។
“ខ្ញុំលឺគេថា យកលុយទៅចូលរួមសប្បុរសធម៌ ទើបខំមកនឹងគេដែរ ម្យ៉ាងទំនេរផងថ្ងៃហ្នឹង"។ នេះជាការលើកឡើងរបស់យុវតី អាលីន ជានិស្សិតសាកលវិទ្យាល័យដដែល និង ជាអ្នកគាំទ្រអតីតបេក្ខភាព Hear My Song ចិត្ត កញ្ចនា ផងដែរ។
ដោយឡែកយុវសិស្ស ដេត សម្បត្តិ ឱ្យដឹងដែរថា សំបុត្រនៅក្នុងដៃរបស់គេមានប្រយោជន៍ក្រៅពីការកម្សាន្តរបស់គេផង និង បានជួយដល់កុមារកំព្រា ឬសាលាតាមជនបទ ដែលកំពុងជួបការខ្វះខាតផង។ យុវជនរូបនេះ និយាយថា៖ "ទឹកចិត្តនេះតិចតួចទេ តែវាមានតម្លៃសម្រាប់អ្នក ដែលកំពុងត្រូវការវាជាចាំបាច់"។
តន្ត្រី "សប្បុរសធម៌ មិត្តយើង" រៀបចំឡើងក្នុងគោលបំណងប្រមូលថវិការួមមានការលក់សំបុត្រ អាវយឺត និង កងដៃ ឬថវិកាបានពីម្ចាស់ឧបត្ថម្ភកម្មវិធីផ្សេងៗ ដើម្បីជួយដល់សាលាចំនួនពីរកន្លែងនៅខេត្តកំពង់ស្ពឺ និង មួយកន្លែងទៀតនៅខេត្តត្បូងឃ្លុំ ដែលកំពុងជួបការខ្វះខាត៕
អត្ថបទ៖ សំ ជំនាញ