ប៉ែន តុលា ជម្រះ​បញ្ជី​ជា​មួយ ភិន សុដាលីស

  • 2015-09-01 16:50:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

“ខ្ញុំ​សូម​បញ្ជាក់​ប៉ា​អត់​មាន​បង្ខំ​​ពួក​យើង​ទេ មុន​​សម្រេច​ចិត្ត​ភ្ជាប់​ពាក្យ​គាត់​សុទ្ធតែ​សួរ ពួក​យើង​ទាំង​ពីរ"។ នេះ​ជាការ​​​លើក​ឡើង​របស់​លោក ប៉ែន តុលា ក្នុង​ជំនួប​ជា​មួយ Sabay ប្រមាណ​ជា ២០ នាទី​ កាល​ពី​ ល្ងាច​ម្សិល​មិញ។

 

 

 

 

លោក ប៉ែន តុលា មិន​បាន​ពន្យល់​លម្អិត​ទៅ​នឹង​សាច់​រឿង​ទាំង​មូល​នោះ​ឡើយ ដោយ​ចំណុច​មួយ​ចំនួន​ លោក​បាន​ជំរុញ​ឲ្យ​ លោក អ៊ិន សុភិន ដែល​លោក​តែង​ហៅ​ថា "ប៉ាប៉ា" ពេញៗ​មាត់​នោះ ជា​អ្នក​បកស្រាយ​ទៅ​វិញ។ តែ​អ្វី​ដែល​ តុលា លើកឡើង​នោះ មាន​តែ ៣ ចំណុច​ ប៉ុណ្ណោះ គឺ​ទី ១ ជុំវិញ​ការ​បង្ខំ​កូន​ស្រី​ឲ្យ​រៀបការ ទី ២ ការ​ប្រើ​ហិង្សា​ និង ទី ៣ តើ​លោក​នៅ​បន្ដ​ជាមួយ កញ្ញា ភិន សុដាលីស​ ទៀត​ឬយ៉ាងណា?

 

​ទី ១ ការ​​បង្ខំ​​​កូន​ស្រី​ឲ្យ​រៀប​កា

 

បណ្ដាញ​សារព័ត៌មាន​​ក៏ដូចជា កញ្ញា ភិន សុដាលីស ផ្ទាល់ បាន​ដាក់​កំហុស​ធ្ងន់ៗ​ថា លោក អ៊ិន សុភិន បាន​បង្ខំ​កូន​ស្រី​រៀប​ការ​ជាមួយ​​លោក​នោះ គឺ​ជារឿង​មិន​ពិត​ទេ។ តុលា និយាយ​ថា មុន​សម្រេច​ចិត្ត​ភ្ជាប់​ពាក្យ​ជាមួយ​គ្នា អ្នក​ទាំង​ពីរ បាន​ស្វែង​យល់​ចិត្ត​គ្នា ដោយ​ប្រើ​ពេល​ ២ ទៅ ៣ ខែ។ ក្នុង​អំឡុង​ពេល​នេះ ពួកគេ​បាន​ដើរ​លេង​ជាមួយ​គ្នា ទាំង​ក្នុង​ និង ក្រៅ​ប្រទេស​ថែម​ទៀត​ផង។

 

ទន្ទឹម​គ្នា​នេះ​ដែរ ខ្លួន​លោក​ផ្ទាល់​ក៏​ធ្លាប់​​បាន​ប្រាប់​ទៅ​កញ្ញា ភិន សុដាលីស ក៏ដូចជា ក្រុម​គ្រួសារ​​ថា លោក​ជាមនុស្ស​​ម្នាក់​ធ្លាប់​​មាន​ប្រពន្ធ​ម្ដង​រួច​មក​ហើយ​ ប៉ុន្ដែ ចំណង​ស្នេហា​កន្លង​មក​ បាន​លែងលះ​គ្នា​ដាច់​ស្រេច​រួចរាល់​អស់​ហើយ។ "ការ​ពិត​ ដាលីស​ ដឹង​ថា ខ្ញុំ​ធ្លាប់​មាន​ប្រពន្ធ​ម្ដង តាំង​ពី ២ខែ​មុន​ថ្ងៃ​ភ្ជាប់​ពាក្យ​ឯណោះ មិន​មែន​ទើប​​តែ​ដឹង​ក្រោយ​នេះ​ឯណា ហើយ​ពួក​យើង​​បាន​សួរ​គ្នា​ច្បាស់​ណាស់ ចាស់​ទំុំចាំ​តែ​ធ្វើ​តាម​ក្រោយ​ប៉ុណ្ណោះ"។ លោក ប៉ែន តុលា ថ្លែង​បញ្ជាក់។

 

ទី២ ការ​ប្រើ​ហិង្សា

 

ចំណុច​ដែល កញ្ញា ភិន សុដាលីស ចោទ​ថា ធ្លាប់​ប្រើ​អំពើ​ហិង្សា​ដាក់​នោះ លោក ប៉ែន តុលា មិន​បាន​ចាំ​ថា លោក​ធ្វើ​ដាក់​ ដាលីស​ឡើយ ដោយ​លោក​បាន​លើក​ឡើង​ថា មិន​បាន​ដឹង​ខ្លួន​ថា បាន​ធ្វើ​អ្វី​ជ្រុលដៃ​ដាក់​នោះ​ឡើយ តែ​ធម្មតា​ការ​ស្រលាញ់ ប្រលែង​លេង តែង​​តែ​មាន​ជ្រុលជ្រួស​​​បន្តិចបន្ដួច​ហើយ។

 

ទី៣ តើ​លោក​នៅ​បន្ត​ជា​មួយ ដាលីស​ ទៀត​ឬ​យ៉ាង​ណា?

 

លោក ប៉ែន តុលា បញ្ជាក់​ថា ទោះ​បី​ជា ដាលីស មាន​កំហុស​ប៉ុណ្ណា​ក៏​លោក​​នៅ​តែ​អត់ឱន​ឲ្យបាន​ ព្រោះ​លោក​បាន​ដាក់​ចិត្ត​ស្រលាញ់​គ្នា​រួច​ហើយ។ ជា​មួយ​គ្នា​នោះ​ប្រសិន​ជា ដាលីស ព្រម​រៀប​ការ​ជា​មួយ​លោក​​នៅ​ចុង​ឆ្នាំ​នេះ ​តាម​ការ​គ្រោង​ទុក​របស់​ចាស់​ទុំនោះ ក៏​លោក​​​ព្រម​ទទួល​ដែរ។ ប៉ុន្តែ​ប្រសិនបើ ដាលីស ជ្រើស​យក​លោក ប៉ែន ចំរ៉ុង លោក​ក៏​មិន​អាច​បង្ខំ​ចិត្ត​នាង​ដែរ ព្រោះ​នេះ​ជា​សិទ្ធិសេរីភាព​រៀងៗ​ខ្លួន តែ​បែប​ណា​ក្ដី លោក​នៅ​តែ​បន្ត​រាប់​អាន​ក្រុម​គ្រួសារ ដាលីស ដដែល៕

 

 

 

អត្ថបទ៖ ខុត សីហា

អត្ថបទពេញនិយម