ឧកញ៉ា ឃ្លោក ឡើងជំនួស​តំណែង អៀង ស៊ីធុល

  • 2015-09-03 17:10:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តួនាទី​ប្រធាន​កិត្តិយស​​របស់​សមាគម​សិល្បករ​​ខ្មែរ​ដែល​លោក អៀង ស៊ីធុល​ ធ្លាប់​កាន់​កន្លង​មក​នោះ ពេល​នេះ​ត្រូវ​បាន​ធ្លាក់​មក​លើ​ ឯកឧត្ដម ឧកញ៉ា ឃ្លោក​​ហើយ បន្ទាប់​ពី  លោក អៀង ស៊ីធុល ប្រកាស​លា​ឈប់។

 

 

តំណែង​ខាង​​លើ​​របស់​អតីត​តារា​កំប្លែង​​រូបនេះ ក្រោយ​ក្រុមប្រឹក្សាភិបាល​​ទាំង​១១នាក់​​របស់​សមាគម​សិល្បករ​​ខ្មែរ​ ក្នុង​នោះ​ក៏​មាន​លោក​អៀង ស៊ីធុល​ដែល​​កាន់​​តួនាទី​​នេះ​ចាស់​ផង បាន​ជួប​ប្រជុំគ្នា​ និង​សម្រេច​បោះឆ្នោត​​ឲ្យ។​ ជា​មួយ​គ្នា​នោះ ក៏​ផ្សំ​នឹង​សាមី​ខ្លួន(ឯកឧត្តម ឃ្លោក) មាន​ចិត្ត​ចង់​​ធ្វើ​កិច្ចការ​នេះ​ស្រាប់​ផង។ ឧកញ៉ា​ឃ្លោក ធ្លាប់​​បាន​បង្ហើប​ថា លោក​ចង់​ជួយ​ដល់​សិល្បករ​សិល្ប​ការិនី​ចាស់ៗ ដែល​កំពុង​ជួប​បញ្ហា​ជីវភាព ឬ សុខភាព តាមលទ្ធភាព​​អាច​ធ្វើ​បាន ជាមួយ​នឹង​តំណែង​ខាង​លើ។

 

​ "ខ្ញុំ​មិន​អាច​ជួយ​មនុស្ស​បាន​១ប្រទេស​ទេ តែ​បើ​ត្រឹម​ចង្កោម​​អ្នក​សិល្បៈ​មួយ​​ក្រវេច​​​ហ្នឹង​ខ្ញុំ​គិត​ថា យើង​អាច​រួម​គ្នា​ជួយ​បាន មាន​​តែ​អ្នក​សិល្បៈ​ទេ​ដែល​ដឹង​ពី​បេះ​ដូង​អ្នក​សិល្បៈ​ដូច​គ្នា យើង​រួម​ដៃ​ជួយ​គ្នា"។ឯកឧត្ដម ឃ្លោក បាន​បន្ត​ថា លោក ​ក៏​​​ដូច​ជា​ឯកឧត្ដម កុយ ស៊ីឌឿន អ្នក​ស្រី ថុង ស៊ីវទៀង ដែល​សុទ្ធតែ​ជា​អ្នក​​​​អាច​មាន​​លទ្ធភាព នឹង​​រួម​ដៃ​គ្នា​ស្វែង​រក​​មូលនិធិ​មក​ជួយ​​សមាគម​សិល្បករ ឲ្យ​បាន​កាន់​តែ​ប្រសើរ​ជាង​នេះ។

 

 

តួនាទី​ប្រធាន​កិត្តិយស​​របស់​សមាគម​សិល្បករ​​ខ្មែរ មិន​​ទទួល​បាន​ប្រាក់​ខែ​​ ឬ​កម្រៃ​អ្វី​ទាំង​អស់។ បុគ្គល​​ដែល​ចូល​មក​កាន់​​​តំណែង​នេះ មាន​តួនាទី​ស្វែង​រក​ជំនួយ​ពី​​សប្បុរសជន​នានា ឬ​បរិច្ចាគ​​ថវិកា​ផ្ទាល់​ខ្លួន មក​ជួយ​​ដល់​សិល្បករ​សិល្ប​ការិនី​ចាស់ៗ ដែល​កំពុង​ជួប​បញ្ហា​ជីវភាព ឬ​សុខភាព​ជា​ដើម។ ដោយ​សារ​​​មាន​អតីតភាព​ជា​តារា​កំប្លែង​​ផង ផ្សំ​នឹង​លោក​មាន​ធនធាន​ខ្លះ​ផង ទើប ឧកញ៉ា ឃ្លោក ប្រាប់​ថា លោក​ចង់​ធ្វើ​កិច្ចការ​នេះ។

 

វិល​ការ​លា​ឈប់​របស់​លោក អៀង ស៊ីធុល ពី​តួនាទី​ខាង​លើវិញ លោក​ប្រាប់​ថា ដោយ​សារ​​​​តែ​អាណត្ត​​ទី៣ នៃ​តួនាទី​របស់​លោក​បាន​មក​​ដល់​ថ្ងៃ​កំណត់ ផ្សំ​នឹង​​សុខភាព​​​មិន​អំណោយ​ផល​ផង។ "ខ្ញុំ​សុំ​លាលែង​ពី​ពេល​នេះ​ទៅ​ ព្រោះ​អាណត្តិ​​ទី៣ដែល​ខ្ញុំ​កាន់​​ចប់​ហើយ ម្យ៉ាង​សុខ​ភាព​ខ្ញុំ​ក៏​មិន​អំណោយ​ផល​ផង​ដូច​គ្រប់គ្នា​បាន​ដឹង​ហើយ"។ ​លោក អៀង ស៊ីធុល កាល​ពី​ម្សិល​មិញ នៅ​ចំពោះ​មុខ​ក្រុមប្រឹក្សា​សមាគម​សិល្បករ​​ខ្មែរ និង​អ្នក​សារព័ត៌មាន​នានា។

 

 

ជា​មួយ​គ្នា​នេះ​ផង​ដែរ ដើម្បី​ឲ្យ​មាន​ការ​ដឹងឮ ទទួល​ស្គាល់​តាម​​ផ្លូវ​ច្បាប់  សុះ ម៉ាច ប្រធាន​សមាគម​សិល្បករ ត្រៀម​​បញ្ជូន​​បញ្ជី​ឈ្មោះ​អ្នក​ដែល​ចូល​រួម​ជា​មួយ​សមាគម​សិល្បករ​​ទាំង​អស់ ទៅ​តម្កល់​នៅ​​ក្រសួង​មហាផ្ទៃ​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ​​នេះ៕

 

 

 

 

 

 

 

អត្ថបទ៖ ខុត សីហា

អត្ថបទពេញនិយម