ញ៉ាំចំណីទាំងនេះ អស់លុយតិច តែជួយបង្កើនកម្លាំងមិននឹកស្មានដល់
- 2015-09-07 18:50:57
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ញ៉ាំចំណីទាំងនេះ អស់លុយតិច តែជួយបង្កើនកម្លាំងមិននឹកស្មានដល់
ចន្លោះមិនឃើញ
នៅពេលហេវហត់អស់កម្លាំង ឬងងុយគេងម៉ោងធ្វើការ មនុស្សជាច្រើនបានចំណាយលុយលើភេសជ្ជៈប៉ូវកម្លាំងឬកាហ្វេជាដើម ដើម្បីជួយបង្កើនកម្លាំង។ យ៉ាងណាក្ដីវាអាចជួយត្រឹមរយៈពេលខ្លីប៉ុណ្ណោះ ហើយពុំសូវជាល្អសម្រាប់សុខភាពនោះទេ។ តាមគេហទំព័រ Foodmatter បានណែនាំចំណីអាហារមួយចំនួន ដែលជួយបង្កើនកម្លាំងនៅពេលនឿយហត់ ដែលល្អចំពោះសុខភាព ងាយស្រួលរកទិញ និងចំណាយលុយតិចទៀតផង។ ចំណីអាហារទាំងនោះមាន៖
ចេក
បើអ្នកអស់កម្លាំង ផ្លែចេកអាចជួយអ្នកបាន ព្រោះវាសំបូរទៅដោយជាតិប៉ូតាស្យូម និងវីតាមីន B ដែលជួយបង្កើនកម្លាំងដល់រាងកាយ។ ក្រៅពីមានគុណប្រយោជន៍ជួយបង្កើនកម្លាំងនោះនៅក្នុងផ្លែចេកក៏មានសារធាតុវីតាមីន និងជាតិកាបូនអ៊ីដ្រាត ធ្វើឲ្យឆាប់ឆ្អែត ជួយដល់ការរំលាយអាហារ ព្រមទាំងជួយឲ្យកម្រិតជាតិស្ករក្នុងឈាមថេរផងដែរ។
ដូង
ពិសាដូងមួយផ្លែ ជួយឲ្យអ្នកមានកម្លាំង ជៀសឆ្ងាយពីភាពនឿយហត់បាន។ ជាតិប្រេង (ខ្ទិះ)ដែលមាននៅក្នុងដូង គឺជាប្រភពនៃសារធាតុចិញ្ចឹម សារធាតុ Triglycerides ជាជាតិប្រេងមាននៅក្នុងដូងអាចឲ្យរាងកាយបម្លែងជាថាមពលសម្រាប់ប្រើប្រាស់បានឆាប់រហ័ស និងបង្កើនកម្លាំងបានយ៉ាងមានប្រសិទ្ធភាព។
ស៊ុត
មិនត្រឹមតែងាយស្រួលរកទិញ និងតម្លៃសមរម្យនោះទេ ស៊ុតមាន់ ឬស៊ុតទា ផ្ដល់ជាប្រភពប្រូតេអ៊ីន និងជាតិដែក មានប្រយោជន៍សំខាន់សម្រាប់ជួយកម្លាំងដល់រាងកាយ ម្យ៉ាងជាតិវីតាមីន B ក្នុងស៊ុតនឹងជួយបម្លែងអាហារជាថាមពលប្រើប្រាស់បាន។ នៅពេលអ្នកអស់កម្លាំង បរិភោគស៊ុតអាចជួយអ្នកបាន។
តែខ្ញី
បើសិនជាអ្នកងងុយគេង កុំភ្លេចតែខ្ញី ព្រោះថាវាមានសារធាតុប្រឆាំងអុកស៊ីតកម្ម និងជួយបង្កើនកម្លាំងដោយមិនប៉ះពាល់ដល់សុខភាព ណាមួយវាមិនប៉ះពាល់ដូចកាហ្វេនោះទែ។ អ្វីដែលត្រូវធ្វើគឺគ្រាន់តែដាំទឹកតែឲ្យពុះជាមួយមើមខ្ញីស្រស់ រួចទុករយៈពេល៥ទៅ១០នាទី ច្របាច់ក្រូចឆ្មារបន្តិច អ្នកអាចពិសាបាន និងចំណាយលុយអស់តិចទៀតផង។
ដំឡូងជ្វា
ដំឡូងជ្វាគឺជាប្រភពនៃកាបូនអ៊ីដ្រាត ជាតិដែក ប៉ូតាស្យូម ម៉ាញេស្យូម វីតាមីនC និងវីតាមីនD។ សារធាតុទាំងនេះគឺជួយឲ្យរាងកាយមានកម្លាំងឡើងវិញ និងបញ្ឈប់អារម្មណ៍នឿយហត់អស់កម្លាំង។ អ្នកអាចច្នៃដំឡូងជ្វាញ៉ាំតាមការចូលចិត្ត ដោយការអាំង ចំហុយ ដុតក៏បាន។ មិនត្រឹមតែមានរសជាតិឆ្ងាញ់តែតម្លៃក៏អាចទទួលបាន។
ទឹកដោះគោជូរ
យ៉ាអួរ ឬទឹកដោះគោជូរ គឺជាជម្រើសអាហារតម្លៃសមរម្យដែលអ្នកអាចជ្រើសយកបាន នៅពេលដែលអស់កម្លាំង។ បន្ថែមទឹកដោះគោជូរក្នុងរបបអាហារពេលព្រឹករបស់អ្នកគឺផ្ដល់នូវសារធាតុកាល់ស្យូម និងសមាសធាតុ Probiotics។ Probiotics គឺជាបាក់តេរីល្អម្យ៉ាងដែលមានក្នុងទឹកដោះគោជូរដែលបម្លែងនៅក្នុងពោះវៀនជួយធ្វើឲ្យប្រព័ន្ធស៊ាំប្រសើរឡើង។ តែអ្វីដែលសំខាន់នោះគឺទឹកដោះគោជូរចូលរួមចំណែកជួយក្នុងការរំលាយអាហារ ជួយឲ្យរាងកាយទទួលបានថាមពលពីអាហារមកប្រើប្រាស់ និងបំបាត់ភាពនឿយហត់អស់កម្លាំងបានយ៉ាងប្រសើរ៕
ចុចអាន៖ ឡើងឋានសួគ៌ដល់ចំណុចកំពូល ជួយសុខភាពបានច្រើន
ប្រែសម្រួល៖ មាន រតនា ប្រភព៖ foodmatters