ដាំរុក្ខជាតិបៃតងក្នុងការិយាល័យមានអត្ថប្រយោជន៍ច្រើនយ៉ាង
- 2015-09-08 14:53:12
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ដាំរុក្ខជាតិបៃតងក្នុងការិយាល័យមានអត្ថប្រយោជន៍ច្រើនយ៉ាង
ចន្លោះមិនឃើញ
ការធ្វើការងារក្នុងការិយាល័យជៀសមិនផុតពីកើតស្ត្រេសរកគិតអ្វីមិនចេញទេ ព្រោះមួយថ្ងៃៗត្រូវសម្លឹងអេក្រង់កុំព្យូទ័រផង ដៃរវៃនឹង Keyboardផង និងមានបន្ទុកការងារចម្រុះផង។ តែវិធីល្អមួយជួយបន្ធូរបរិយាកាសមួហ្មង ឲ្យផលិតភាពការងារប្រសើរឡើងជាងមុន នោះគឺការដាំរុក្ខជាតិបៃតងលំអលើតុ។ តាមការស្រាវជ្រាវ មានរុក្ខជាតិបៃតងនៅកន្លែងធ្វើការ ផ្តល់អត្ថប្រយោជន៍មួយចំនួនដូចជា៖
១ ជួយធ្វើឲ្យប្រសើរដល់ខ្យល់អាកាសក្នុងបន្ទប់
តាមការសិក្សារបស់អង្គការអវកាស NASA រកឃើញថា ការដាំរុក្ខជាតិបៃតងក្នុងការិយាល័យជួយសម្អាតខ្យល់ និងធ្វើឲ្យសុខភាពអ្នកប្រសើរឡើង។ ការសិក្សាក៏បានរកឃើញដែរថា រុក្ខជាតិបៃតងដើរតួនាទីយ៉ាងសំខាន់លើសុខុមាលភាពបុគ្គលិកការិយាល័យ និងអាចជួយឲ្យជាសះស្បើយពីជំងឺនានាបានឆាប់រហ័ស។
២ កាត់បន្ថយស្ត្រេស
ក្នុងការសិក្សាបញ្ចប់និក្ខេបបទថ្នាក់អនុបណ្ឌិតចិត្តសាស្ត្របរិស្ថានពីសាកលវិទ្យាល័យ Surrey ចក្រភពអង់គ្លេស អ្នកនាង Helen Russell បានធ្វើការប្រៀបធៀបក្រុមមនុស្សពីរក្រុម។ នាងបានចែកតេស្តដ៏លំបាកឲ្យមនុស្សមួយក្រុមដែលធ្វើការក្នុងការិយាល័យដែលពោរពេញដោយរុក្ខជាតិបៃតង និងមួយក្រុមទៀតគ្មានរុក្ខជាតិបៃតង។ លទ្ធផលបានបង្ហាញថា ក្រុមអ្នកធ្វើការក្នុងការិយាល័យដែលមានបរិស្ថានបៃតងគឺមានស្បែករលោងមានសុខភាពល្អជាង មានសម្ពាធឈាម និងបេះដូងល្អជាង។ ជារួមអ្នកដែលធ្វើការនៅកន្លែងមានរុក្ខជាតិបៃតងច្រើន ការកាត់បន្ថយស្ត្រេសក៏កាន់តែលឿនដែរ។
៣ បង្កើនផលិតភាពការងារ
ការសិក្សាជាច្រើនបានរកឃើញថា រុក្ខជាតិបៃតងជួយបង្កើនផលិតភាពការងារដល់ ១២% បន្ថែមទៀត។ រុក្ខជាតិបៃតងនឹងជួយដល់ភ្នែក ធ្វើឲ្យការផ្ចង់ស្មារតីលើការងារបានល្អ និងបង្កើនលទ្ធផលការងារកាន់តែប្រសើរ។
៤ ធ្វើឲ្យបន្ទប់ធ្វើការមានផាសុកភាព
តាមការណែនាំក្នុងបន្ទប់ធ្វើការគួរមានជាតិសំណើមចន្លោះពី ៣០ ទៅ ៦០ ភាគរយ។ តែបន្ទប់ការិយាល័យមួយចំនួនមិនមានកម្រិតសំណើមដល់នេះឡើយ ពិសេសនៅរដូវក្ដៅដែលសំណើមចុះទាប ជាហេតុធ្វើឲ្យការដកដង្ហើមមិនស្រួល ឬមានការដួលសន្លប់ ខ្យល់ចាប់ជាដើម។ ជាធម្មតាក្នុងបន្ទប់ដែលមានកម្រិតសំណើមជាមធ្យម ២៥ ភាគរយ បើមានរុក្ខជាតិបៃតងនឹងជួយឲ្យកម្រិតសំណើមកើនដល់ ៣០ ភាគរយដែលធ្វើបន្ទប់ធ្វើការកាន់តែមានផាសុកភាពឡើង។
៥ ឲ្យអ្នកយល់តម្លៃ និងចេះស្រឡាញ់បរិស្ថាន
ដូចរៀបរាប់ខាងលើជាហូរហែពីសារៈសំខាន់នៃរុក្ខជាតិបៃតង។ ដូច្នេះមានរុក្ខជាតិបៃតងក្នុងការិយាល័យប្រៀបដូចជាការដាស់តឿនអ្នកឲ្យយល់ដឹងពីតម្លៃនៃបរិស្ថាន ដូច្នេះនឹងវានឹងជួយឲ្យអ្នកស្រឡាញ់បរិស្ថានមិនថា តែនៅកន្លែងធ្វើការ តែនៅគ្រប់កន្លែងលើផែនដីយើងនេះ។
មើលមើល៍ លើតុ និងនៅជុំវិញកន្លែងដែលអ្នកធ្វើការមានរុក្ខជាតិបៃតងហើយឬនៅ? បើមិនទាន់មានទេ គួររករុក្ខជាតិមួយផើងតូចដាក់មុខតុអ្នកជាការស្រេច៕
ប្រែសម្រួល៖ ប្រាក់ ចាន់សីហា ប្រភព៖ earth911