អត់​​ចេះ​​អីុតា​លី​​មួយ​​ម៉ាត់​​តែ​ជាប់​​​ទៅ​​រៀន​​ថែម​​ទាំង​​គ្រូ​​សរសើរ ​​និង ​​ឈ្នះ​​អស់​​សិស្ស​​នៅ​​ទី​​នោះ​ទៀត​

  • 2015-09-08 16:23:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទៅ​រៀន​ស្រុក​ក្រៅ​បើ​មិន​ចេះ​ភាសា​ប្រទេស​នោះ​ពិត​ជា​លំ​បាក ពិបាក​សិក្សា ​និង ​ស្ដាប់​គ្រូ​ពន្យល់​មេរៀន​ណាស់។ តាន់ សូ​លី​ដា ជា​និស្សិត​អាហារូបករណ៍​ម្នាក់​ដែល​បាន​ទៅ​រៀន​នៅ​ប្រទេស​អីុតាលី សូម្បី​ពាក្យ "សួស្ដី" ជា​ភាសា​នេះ​ ក៏​នាង​មិន​ចេះ​ផង តែ​បែរ​ជា​អាច​បញ្ចប់​ការ​សិក្សា​បាន​ដោយ​ជោគជ័យ​ព្រម​ទាំង​ទទួល​បាន​ការ​សរសើរ​ពី​សំណាក់​សាស្ត្រាចារ្យ​ និង ​អាច​យក​ឈ្នះ​សិស្ស​នៅ​ទី​នោះ​បាន​ទៀត។

 

 

 

 

នៅ​ឆ្នាំ​ ២០១០ អតីត​និស្សិត​ផ្នែក​សេដ្ឋកិច្ច​ថ្នាក់​ភា​សា​បារាំង នៃ​សកលវិទ្យាល័យ​ភូមិន្ទ​នីតិសាស្ត្រ និង ​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច ត្រូវ​បាន​ជ្រើស​រើស​ជា​បេក្ខភាព​សម្រាប់​គម្រោង​អាហារូបករណ៍​របស់​សហភាព​អឺរ៉ុប​ដែល​មាន​ឈ្មោះ​ថា Erasmus Mundus E-tourism ទៅ​បន្ត​ការ​សិក្សា​នៅ​អីុតាលី ទាំង​យុវតី​រូប​នេះ​មិន​ចេះ​ភាសា​នេះ​សូម្បី​មួយ​ម៉ាត់។ ដំបូង សូ​លី​ដា​ស្ទាក់​ស្ទើរ​មិន​ចង់​ទៅ​ដែរ តែ​ដោយ​ការ​តាំង​ចិត្ត​ និង ​ចង់​ស្គាល់​ច្បាស់​ពី​បទពិសោធន៍​រៀន​នៅ​ក្រៅ ក៏​សម្រេច​ទៅ​រៀន​នៅ​សាកលវិទ្យាល័យ Università del Sannio, ទីក្រុង Benevento ។

 

ការ​រៀន​សូត្រ​នៅ​ទី​នោះ​ គឺ​ខុស​គ្នា​ទាំង​ស្រុង​ពី​ប្រព័ន្ធ​អប់​រំ​នៅ​ខ្មែរ ហើយ​ត្រូវ​ប្រលង​ប្រជែង​ជាមួយ​សិស្ស​ដទៃ​ដែល​ជា​ភាសា​ដើម​របស់​គេ ដែល​នេះ​ជា​ភាព​ស្មុគស្មាញ​ដ៏​ធំ​មួយ​សម្រាប់​សិស្ស​ដែល​មិន​ចេះ​ភាសា​គេ​ដូច្នេះ។

 

"មុន​ទៅ​រៀន​នៅ​ទី​នោះ​ខ្ញុំ​ចេះ​តែ​ភាសា​អង់គ្លេស​ និង ​បារាំង​ប៉ុណ្ណោះ ដូច្នេះ​ហើយ​ខ្ញុំ​ព្យាយាម​រៀន​ភាសា​អីុតាលី​ទាំង​លំបាក​ដោយ​សារ​វា​ថ្មី​សន្លាង​សម្រាប់​ខ្ញុំ។ ខ្ញុំ​ចំណាយ​ពេល​៣​ខែ​រៀន​ភាសា​នេះ មិន​ថា​ពេល​ទំនេរ​ក៏​ឆ្លៀត​អាន​សៀវភៅ ស្ដាប់​ចម្រៀង មើល​រឿង​ជា​ភាសា​អីុតាលី ដើម្បី​ហ្វឹក​ហាត់​រៀន​ដែរ។ ក្រៅ​ពី​នេះ នៅ​ពេល​មាន​សកម្មភាព​ក្រុម​ជាមួយ​និស្សិត​មក​ពី​បណ្ដា​ប្រទេស​ផ្សេង​ៗ​លើ​សកលលោក ក៏​ខ្ញុំ​មិន​ដែល​ខក​ខាន​ទេ​គឺ​ចូល​រួម​ជានិច្ច​ដើម្បី​ពង្រឹង​ភាសា។" សូ​លី​ដា​បញ្ជាក់។

 

អ្នក​មាន​ស្រុក​កំណើត​នៅ​បាត់​ដំបង​រូប​នេះ អាច​បញ្ចប់​រាល់​មុខ​វិជ្ជា​យ៉ាង​ជោគ​ជ័យ​បំផុត ហើយ​ទទួល​ការ​សរសើរ​ពី​សាស្ត្រាចារ្យ ជា​ពិសេស​លើ​មុខវិជ្ជា​ដែល​ពិបាក​បំផុត​សម្រាប់​សិស្ស​អីុតាលី​ទៀត​ផង។ សូ​លី​ដា​ត្រូវ​គេ​ជ្រើស​ឲ្យ​ចុះ​កម្ម​សិក្សា​និង​សរសេរ​សារ​ណា (Chinese and German Currents Accounts Surpluses in the Global Crisis) ក្រោម​គម្រោង European Erasmus scholarship រយៈពេល​៣​ខែ​នៅ​សាធារណរដ្ឋឆែក  និង ​ប្រលង​ជាប់​សញ្ញាប័ត្រ​អន្តរជាតិ​ភាសាអីុតាលី កំរិតB2 ពី Università Roma Treទៀត​ផង។

 

 

 

 

បទពិសោធន៍​នៃ​ការ​រស់​នៅ​ក្រៅ​ប្រទេស​តាំង ពី​អាយុ ១៩​ឆ្នាំ បាន​ជំរុញ​ឲ្យ​យុវតី​រូប​នេះ​មិន​ត្រឹម​តែ​អភិវឌ្ឍ​ខាង​ផ្នែក​ជំនាញ​នោះ​ទេ ប៉ុន្តែ​ថែម​ទាំង​ផ្នែក​ភាសា​ទៀត​ផង ដូច​ជា​ ភាសា​អង់គ្លេស ភាសា​បារាំង ភាសា​អីុតាលី និង​ភាសា​អេស្ប៉ាញ។ លើស​ពី​នេះ សូ​លី​ដា​បាន​ធ្វើ​ដំណើរ​កម្សាន្ត​ទៅ​ ១៤ ប្រទេស​ដូច​ជា Italy, France, Czech, Slovakia, Hungary, Austria, Belgium, Holland, Denmark, Norway, Sweden, Germany, Switzerland, Monaco and Andorra ដើម្បី​ដក​ស្រង់​បទពិសោធន៍​សិក្សា​ទៀត​ផង។

 

សូ​លី​ដា​ថា​ ពេល​នេះ​នាង​បាន​បញ្ចប់​ការ​សិក្សា​នៅ​ប្រទេស​អីុតាលី​ហើយ និង​ថែម​ទាំង​បាន​បន្ត​ជាប់​អាហារូបករណ៍​ថ្នាក់​អនុបណ្ឌិត រយៈ​ពេល​២​ឆ្នាំ ខាង​វិស្វកម្ម​ពាណិជ្ជកម្ម ផ្នែក​គ្រប់​គ្រង​ក្រុម​ហ៊ុន​តាម​បណ្ដាញ នៅ Université Paul Sabatier-Toulouse lll ក្នុង​ប្រទេស​បារាំង​ថែម​ទៀត ។ និស្សិត​អាយុ​២៣​ឆ្នាំ​រូប​នេះ​ក៏​មាន​បំណង​បន្ត​ថ្នាក់​បណ្ឌិត​ទៀត​នៅ​ក្នុង​ក្រុមហ៊ុន Airbus ដែល​នាង​បាន​មាន​ឱកាស​ចុះ​កម្មសិក្សា​ក្នុង​អំឡុង​ពេល​សិក្សា​ថ្នាក់ master របស់​នាង​ដើម្បី​រួម​ចំណែក​កសាង និង​ស្តា​ប្រទេស​ជាតិ​អោយ​កាន់​តែ​រីក​ចំរើន បន្ថែម​ទៀត​ដោយ​ប្រមូល​យក​នូវ​ចំណេះវិជ្ជា​និង​បទពិសោធន៍ ដ៏​ធំធេង​ដែល​សូ​លី​ដា​ទទួល​បាន​ពី​មហា​អំណាច​អឺរ៉ុប៕

 

 

 

សូមអាន៖   ក្មេង​ល្ហក់​តែ​មាន​សមត្ថភាព​ធ្វើ​ការ​ក្នុង​ក្រុម​ហ៊ុន​ទំនើប​បំផុត​នៅ​អាស៊ី​

 

អត្ថបទ៖ លឹម សុ​នា

អត្ថបទថ្មី