ក្មេង​ល្ហក់​តែ​មាន​សមត្ថភាព​ធ្វើ​ការ​ក្នុង​ក្រុម​ហ៊ុន​ទំនើប​បំផុត​នៅ​អាស៊ី​

  • 2015-07-20 17:39:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យុវតី​ខ្មែរ ងួន ភួង​ទេព​សុនិច បាន​ក្ដាប់​​ឱកាស​ការងារ​នៅ​ក្រៅ​ស្រុក​ក្នុង​ក្រុម​ហ៊ុន​ទំនើប​បំផុត​មួយ​នៅ​អា​ស៊ី ខណៈ​ដែល​កញ្ញា​ទើប​មាន​អាយុ​ ២១ ​ឆ្នាំ ដែល​ឱកាស​នេះ​មិន​មែន​ជា​ភាព​ងាយ​ស្រួល​សម្រាប់​​គ្រប់​គ្នា​សុទ្ធ​តែ​អាច​ទទួល​បាន​នោះ​ទេ។

 

 

នៅ​អាយុ​១៧​ឆ្នាំ សុ​និច បាន​អាហារូបករណ៍​ ១០០% សម្រាប់​បន្ត​ការ​សិក្សា​នៅ​សកលវិទ្យាល័យ​មហា​សា​រ៉ា​ខាម (Mahasarakham University) លើ​ជំនាញ​គ្រប់​គ្រង​ពាណិជ្ជកម្ម​អន្តរជាតិ ក្នុង​ប្រទេស​ថៃ ដែល​សាលា​ចេញ​អោយ​ទាំង​ថ្លៃ​សិក្សា ការ​ស្នាក់​នៅ ការ​ព្យាបាល​ជំងឺ ទិដ្ឋាការ និង​ប្រាក់​បៀវត្ស​ប្រចាំ​ខែ​សម្រាប់​ផ្គត់​ផ្គង់​លើ​ការ​ហូប​ចុក។   កញ្ញា​និយាយ​ថា ដោយ​សារ​តែ​មុខ​វិជ្ជា​​គ្រប់​គ្រង​ពាណិជ្ជកម្ម​អន្តរជាតិ​គួរ​អោយ​ចាប់​អារម្មណ៍ ហើយ​ក៏​ពុំ​សូវ​មាន​អ្នក​រៀន​ជំនាញ​នេះ​នៅ​ខ្មែរ​ផង​នោះ ដូច្នេះ​​ទើប​គិត​ថា​វា​ជា​ឱកាស​មួយ​ដែល​គួរ​តែ​រៀន​មុខ​វិជ្ជា​នេះ ព្រោះ​ការងារ​គ្រប់​គ្រង​បែប​អន្តរជាតិ​បែប​នេះ​នៅ​ប្រទេស​ខ្មែរ​នៅ​ពុំ​ទាន់​ជឿន​លឿន​នៅ​ឡើយ។   អំឡុង​សិក្សា​នៅ​ប្រទេស​ថៃ អតីត​សិស្ស​វិទ្យាល័យ​បាក់​ទូក​ធ្លាប់​ជា​ជយលាភី​មេ​ដាយ​ប្រាក់​ផ្នែក​អក្សរសាស្ត្រ​ខ្មែរ​រូប​នេះ​ប្រាប់​ថា នាង​មិន​គិត​តែ​ប្រឹង​រៀន​មួយ​មុខ​នោះ​ទេ គឺ​ឆ្លៀត​ស្វែង​រក​ការ​ចុះ​កម្ម​សិក្សា​នៅ​ក្រុម​ហ៊ុន ​ឬ​ចូល​រួម​សកម្មភាព​ផ្សេង​ៗ​មិន​ថា​របស់​សាលា​ឬ​សង្គម​នោះ​ឡើយ ដើម្បី​បាន​បទពិសោធន៍​ជា​ទុន​នៅ​ពេល​ធ្វើ​ការងារ ក៏​ដូច​ជា​​ងាយ​ឆាប់​សម្រប​ខ្លួន​ទៅ​នឹង​វប្បធម៌​ថ្មី ភាសា ​ការ​ទំនាក់​ទំនង​ផង​ដែរ។ សុ​និច​បាន​ចូល​រួម​ដូច​ជា ការ​បោះ​ជំរុំ ការ​ធ្វើ​បដិសណ្ឋារកិច្ច​ភ្ញៀវ​បរទេស ការ​ចាត់​តាំង​ពិព័រណ៍ ការ​សម្ដែង​សិល្ប:​វប្បធម៌​ខ្មែរ​ក្នុង​កម្មវិធី​ផ្សេង​ៗ​របស់​សា​លា​ជា​ដើម ព្រម​ទាំង​ធ្វើ​ជា​ប្រធាន​សមាគម​និស្សិត​ខ្មែរ​នៅ​សកលវិទ្យាល័យ​មហា​សា​រ៉ា​ខាម ​និង​​ទូត​និស្សិត (student ambassador) ទៀត​ផង។   ក្រៅ​ពី​នេះ ​សុនិច​ក៏​បាន​ចុះ​កម្ម​សិក្សា​ក្នុង​ក្រុមហ៊ុន​ស្រាបៀ​ធំ​បំផុត​ទី ​១ ​ប្រចាំ​ប្រទេស​ថៃ ​គឺ​ក្រុម​ហ៊ុន​សិង្ហារ (Singha Corporation) ដែល​ឱកាស​ចូល​រួម​នេះ​ត្រូវ​ប្រកួត​ប្រជែង​ចម្រាញ់​យក​បេក្ខជន​ចុង​ក្រោយ​ចំនួន​៥០​រូប​ប៉ុណ្ណោះ ដើម្បី​ចុះ​កម្មសិក្សា​ចំនួន​៣​ខែ។

 

 

លើស​ពី​នេះ ​ដោយ​ឃើញ​ថា​ ការ​បង្រៀន​ភាសា​អង់គ្លេស​នៅ​ប្រទេស​ថៃ​មាន​តម្លៃ​ថ្លៃ​ខ្លាំង​ ដូច្នេះ​សុ​និច​​ក៏​បើក​ថ្នាក់​បង្រៀន​ភាសា​អង់គ្លេស​ដល់​និស្សិត​ថៃ​ដើម្បី​រក​កម្រៃ​បន្ថែម និង​ដើម្បី​បង្កើន​បទ​ពិសោធន៍​ថែម​ទៀត។​

 

បើ​ទោះ​បាន​ចូល​រួម​ការងារ​ច្រើន​នៅ​ប្រទេស​ថៃ​ហើយ​ក្ដី​ ​ យុវតី​រាង​តូច​ច្រឡឹង​រូប​នេះ​ហាក់​មិន​អស់​ចិត្ត​ចង់​ស្រវា​ឱកាស​ស្រង់​ពិសោធន៍​នៅ​បណ្ដា​ប្រទេស​ផ្សេង​ៗ​ទៀត។​ ម្ល៉ោះ​ហើយ​នៅ​ពេល​មាន​កម្មវិធី​នា​នា​ដែល​ប្រកាស​តាម​អ៊ីនធឺណិត​ សុ​និច​មិន​សូវ​អាក់​ខាន​ឡើយ ដោយ​កន្លង​មក​បាន​ទៅ​ដូច​ជា ហុង​កុង ហ្វីលីពីន ​ជប៉ុន ព្រម​ទាំង​ប្រទេស​បារាំង ដើម្បី​ចូល​រួម​ការ​បោះ​ជំរុំ​ ​សិក្ខា​សាលា និង​សិក្សា​បន្ថែម។  

​ក្នុង​ឆ្នាំ​២០១៥​ថ្មី​ៗ​​នេះ សុ​និច​ទើប​បាន​បញ្ចប់​ការ​សិក្សា​របស់​ខ្លួន ហើយ​ក៏​ទទួល​បាន​ការងារ​នៅ​ប្រទេស​ថៃ​តែ​ម្ដង​ក្នុង​ក្រុម​ហ៊ុន IMPACT Exhibition Management Co., Ltd. ជា​ក្រុម​ហ៊ុន​ចាត់​ការ​តាំង​ពិព័រណ៍​មួយ​ក្នុង​ចំណោម​ក្រុម​ហ៊ុន​ពិព័រណ៍​ធំ​ៗ ​និង ​ទំនើប​បំផុត​នៅ​អាស៊ី ដែល​កញ្ញា​មាន​តំណែង​ជា​អ្នក​ប្រតិបត្តិ​ផ្នែក​ទី​ផ្សារ (Marketing Executive)។ កញ្ញា​ថា ការងារ​នេះ​ត្រូវ​ចាត់​ចែង​រៀបចំ​គម្រោង​ការ​សម្រាប់​តាំង​ពិព័រណ៍​ផ្សេង​ៗ រៀប​ចំ​ប្លង់​ និង​ផ្សព្វផ្សាយ​ការ​តាំង​ពិព័រណ៍ ព្រម​ទាំង​ទាក់​ទង​ក្រុម​ហ៊ុន​ក្នុង​ស្រុក​និង​ក្រៅ​ស្រុក​ដែល​មាន​គម្រោង​មក​តាំង​ពិព័រណ៍​។  

បើ​ទោះ​និស្សិត​ទៅ​រៀន​នៅ​បរទេស​ភាគ​ច្រើន​ពេល​បញ្ចប់​ការ​សិក្សា រមែង​សម្រុក​មក​ធ្វើ​ការ​ក្នុង​ប្រទេស​កំណើត​របស់​ខ្លួន តែ​អ្នក​មាន​ស្រុក​កំណើត​នៅ​ភ្នំពេញ​រូប​នេះ ចង់​បន្ត​នៅ​ប្រទេស​ថៃ​ដើម្បី​ធ្វើ​ការ​ងារ ។ សុ​និច ថា ការ​ដែល​កញ្ញា​សម្រេច​ចិត្ត​ធ្វើ​ការ​នៅ​ប្រទេស​ថៃ​មុន​នឹង​មក​កម្ពុជា ព្រោះ​ចង់​ដក​ស្រង់​បទ​ពិសោធន៍​ការងារ​និង​របៀប​ធ្វើ​ការងារ​ដែល​អាច​យក​មក​ចែក​រំលែក​ដល់​ប្រ​ទេស​កម្ពុជា​ក្នុង​ការ​អភិវឌ្ឍ​ប្រទេស​ក្នុង​វិស័យ​ពាណិជ្ជកម្ម​ ពេល​ដែល​យុវតី​រូប​នេះ​ត្រឡប់​មក​ប្រទេស​ខ្មែរ​វិញ​នា​រយៈ​ពេល​ ៣ ទៅ ៤ ឆ្នាំ​ខាង​មុខ​ទៀត។  

លើស​ពី​នេះ សុ​និច​ចង់​សន្សំ​លុយ​អោយ​បាន​ច្រើន​ព្រោះ​នៅ​ថៃ​បាន​ប្រាក់​ខែ​ខ្ពស់ ដោយ​សារ​នៅ​ថ្ងៃ​អនាគត​​ក្រោយ​ពេល​ត្រឡប់​មក​ពី​ប្រទេស​ថៃ​វិញ កញ្ញា​នឹង​យក​លុយ​ទាំង​នោះ​មក​បើក​ជា​ពាណិជ្ជកម្ម​ផ្ទាល់​ខ្លួន​ផ្នែក​សេវាកម្ម​ដែល​មាន​លក្ខណ:​ជា​ប្រព័ន្ធ​ច្បាស់​លាស់ ដើម្បី​អោយ​ប្រទេស​ខ្មែរ​មាន​លក្ខណៈ​សេវាកម្ម​ទំនើប​ដូច​នៅ​ប្រទេស​គេ​ដែរ ជា​ជាង​ចាំ​អោយ​ជន​បរទេស​មក​បើក​អោយ​យើង​ជា​ជនជាតិ​ខ្មែរ​ក៏​គួរ​តែ​មាន​គំនិត​ក្នុង​វិស័យ​ពាណិជ្ជកម្ម​ដែរ។ បើ​ប្រទេស​យើង​មាន​ពាណិជ្ជកម្ម​ទំនើប​ៗ​ដែល​កើត​ចេញ​ពី​គំនិត​និង​ស្នាដៃ​របស់​កូន​ខ្មែរ​នោះ​គឺ​ជា​ការ​ប្រសើរ​ខ្លាំង​ណាស់។

 

 

  កញ្ញា​ប្រាប់​ថា សម្រាប់​អ្នក​ដែល​មាន​បំណង​ចង់​ធ្វើការ​នៅ​ក្រៅ​ប្រទេស អ្វី​ដែល​ចាំ​បាច់​បំផុត​នោះ ​គឺ​ភាសា ទាំងភាសា​អង់គ្លេស​និង​ភាសា​របស់​ប្រទេស​ដែល​​នឹង​ធ្វើការ​នោះ ព្រោះ​វា​សំខាន់​ណាស់​ក្នុង​ការ​ទំនាក់​ទំនង​ពេល​កំពុង​ធ្វើការ និង​ក្នុង​ការ​រស់​នៅ​ផង​ដែរ។ ដោយ​ឡែក​ប្រទេស​ថៃ ចំណេះដឹង​ភាសា​អង់គ្លេស​តែ​មួយ​មុខ​មិន​គ្រប់​គ្រាន់​នោះ​ទេ ត្រូវ​តែ​ចេះ​ភាសា​ថៃ​យ៉ាង​ស្ទាត់​ជំនាញ​ផង​ដែរ​ទើប​ទទួល​បាន​ការងារ។ កត្តា​មួយ​ទៀត​ដែល​សំខាន់​នោះ​គឺ​បទ​ពិសោធន៍ មាន​តែ​សញ្ញាប័ត្រ​តែ​មួយ​មុខ​មិន​គ្រប់​គ្រាន់​ក្នុង​ការ​រក​ការងារ​ល្អ​ៗ​ធ្វើ​នោះ​ទេ ព្រោះ​គ្រប់​ក្រុម​ហ៊ុន​គេ​ត្រូវ​ការ​អ្នក​ចេះ​ធ្វើ មិន​មែន​អ្នក​ដែល​ពូកែ​តែ​ទ្រឹស្ដី​មួយ​មុខ​នោះ​ឡើយ។  

កញ្ញា​បន្ថែម​ថា៖ "បើ​ទោះ​ជា​យើង​គ្មាន​បទពិសោធន៍​ធ្វើ​ការ​ក្នុង​ក្រុមហ៊ុន​ពី​មុន​មក​ក្ដី តែ​សកម្មភាព​ផ្សេង​ៗ​ដែល​យើង​ធ្លាប់​ធ្វើ​នៅ​សាលា ដូច​ជា​ការងារ​សមាគម​ជា​ដើម ក៏​អាច​រាប់​បញ្ចូល​ក្នុង​បទពិសោធន៍​ការងារ​ផង​ដែរ។ ដូច្នេះ​ហើយ អ្នក​សិក្សា​ទាំង​អស់​គ្នា​គួរ​តែ​យក​ចិត្ត​ទុក​ដាក់​ក្នុង​ការងារ​សង្គម​ផ្សេង​ៗ​អោយ​បាន​ច្រើន កុំ​មើល​រំលង​អោយ​សោះ ព្រោះ​ចំណេះដឹង​តែ​ក្នុង​សៀវភៅ​មួយ​មុខ​មិន​អាច​បង្រៀន​យើង​គ្រប់​គ្រាន់​ទេ គឺ​យើង​ទទួល​បាន​តែ​ទ្រឹស្ដី​ប៉ុន្តែ​ខ្វះ​ការ​អនុវត្ត"៕

 

 

សូមអាន ៖  យុវជន​ម្នាក់​ចាប់​ជំនាញ​សិក្សាពី​ព្រះ​ពុទ្ធ​សាសនា ទោះ​រៀន​ចប់​ក៏​មិន​ស្ដាយ​ក្រោយ

 

 

អត្ថបទ៖ លឹម សុ​នា