សុខ សោម៉ាវត្តី ជម្រះ​រឿង​បែក​គ្នា​ជាមួយ​ស្វាមី

  • 2015-09-10 15:59:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សុខ សោម៉ាវត្តី បាន​បញ្ជាក់​ថា នាង និង​ទូច ដាណារ៉ា កូន​ប្រុស​ឯកឧត្ដម ទូច ណារ៉ុថ នៅ​តែ​ជា​ភរិយា​ស្វាមី​នឹង​គ្នា ពុំ​មាន​រឿង​ជម្លោះ​ទាស់​ទែង​រហូត​ដល់​បាក់​បែក​ចែក​ផ្លូវ​គ្នា​ដើរ​នោះ​ឡើយ។

 

តារា​ស្រី​កូន​មួយ​រូប​នេះ ថ្លែង​ដូច្នេះ ខណៈ​មួយ​រយៈ​កាល​ចុង​ក្រោយ​នេះ មាន​លេច​ធ្លាយ​ព័ត៌មាន​ចចាមអារ៉ាម​បន្ត​បន្ទាប់​មក​ថា ជីវិត​ស្វាមី​ភរិយា​រយៈ​ពេល​២​ឆ្នាំ​របស់​នាង និង​ស្វាមី​បាន​ដើរ​ដល់​ផ្លូវ​បំបែក។ ព័ត៌មាន​ជា​ច្រើន​ក៏​បាន​ចុះ​ផ្សាយ ដោយ​ទាញ​ហេតុផល​ថា ស្វាមី​នាង​មាន​ស្រី​ថ្មី​ទៀត​ជា​បុគ្គល​ស្ថិត​ក្នុង​រង្វង់​សិល្បៈ​ដែរ។

 

 

ចំពោះ​មុខ Sabay ក្នុង​ថ្ងៃ​សម្ពោធ​រឿង "សិស្ស​ប្អូន​សំណព្វ​ចិត្ត" ដែល​នាង​ដើរ​ជា​តួឯក​ស្រី សោម៉ាវត្តី  បាន​ច្រាន​ចោល និង​បាន​បញ្ជាក់​ថា ជីវិត​ភរិយា​ស្វាមី​របស់​នាង​នៅ​តែ​មាន​ទំនាក់​ទំនង​ធម្មតា មិន​ដូច​អ្វី​ដែល​ព័ត៌មាន​មួយ​ចំនួន​បាន​ចុះ​ផ្សាយ​ឡើយ ហើយ​បច្ចុប្បន្ន​ពួក​នាង​នៅ​តែ​រស់​នៅ​ជុំ​គ្នា​ដដែល។ "តាម​ពិត​ទៅ សម្រាប់​សង្គម​គ្រួសារ​របស់​ខ្ញុំ​បច្ចុប្បន្ន​នៅ​តែ​ធម្មតា គឺ​អត់​មាន​បញ្ហា​អី​កើត​ឡើង​ទេ...អីចឹង​សម្រាប់​ព័ត៌មាន​កន្លង​មក ខ្ញុំ​សូម​បដិសេធ​តែ​ម្ដង"។

 

យ៉ាង​ណា​ក៏​ដោយ​នាង ទទួល​ស្គាល់​ថា ពួក​នាង​ធ្លាប់​ប៉ះ​គ្នា​ជា​ពាក្យ​សំដី​ម្ដង​ម្កាល​របៀប​ជា​ចាន​ក្នុង​រាវ អណ្ដាត និង​ធ្មេញ ប៉ុន្តែ​ថា ពួក​នាង​អាច​គ្រប់​គ្រង​ស្ថានការណ៍​បាន។ ទោះ​ជា​យ៉ាង​នេះ​ក្ដី នាង​បន្ទោស​ថា ព័ត៌មាន​កន្លង​មក ជា​ព័ត៌មាន​គ្មាន​មូលដ្ឋាន​ច្បាស់​លាស់​ហើយ​ថែម​ទាំង​មិន​ស្រង់​សំដី​របស់​នាង​ទៀត ទើប​ជា​ហេតុ​ធ្វើ​ឲ្យ​ព័ត៌មាន​កាន់​តែ​រីក​ធំ​ៗ។

 

ក្រៅ​ពី​ហេតុផល​ថា ស្វាមី​នាង​មាន​ស្រី​ថ្មី​ក្នុង​សង្គម​សិល្បៈ ដើម​ចម​ដែល​នាំ​ឲ្យ​មាន​ការ​រាយការណ៍​ព័ត៌មាន​មួយ​ចំនួន​កន្លង​មក សោម៉ាវត្តី ប្រាប់​ថា មក​ពី​គេ​មិន​សូវ​ឃើញ​ថា នាង​មិន​សូវ​បង្ហាញ​រូបភាព​ផ្អែម​ល្ហែម​ជាមួយ​គ្រួសារ​ដូច​មុន​នៅ​លើ Facebook។

 

បញ្ហា​នេះ តារា​ស្រីដដែល​ប្រាប់​ថា នាង​បាន​ផ្លាស់​ប្ដូរ​ទម្លាប់​លេង​ជាមួយ​បណ្ដាញ​ទំនើប​នេះ​ហើយ។ "ឥឡូវ​ខ្ញុំ​លេង​ដោយ​អត់​ដាក់ Public ដូច​មុន​ទេ គឺ​លេង​តែ​ជាមួយ Friend ពីរ​បី​នាក់​ប៉ុណ្ណោះ ព្រោះ​មាន​រូប​ក៏​មាន​រឿង អត់​រូប​ក៏​មាន​រឿង អីចឹង​ខ្ញុំ​គិត​ថា​សុខ​ចិត្ត​អត់​វិញ​គ្រាន់​បើ​ជាង"។

 

 

កន្លង​ទៅ​ក៏​មាន​ព័ត៌មាន​ថា នាង​ត្រូវ​ឪពុក​ក្មេក​ដក​សិទ្ធិ​គ្រប់​គ្រង​សណ្ឋាគារ​ដែល​ជា​ចំណង​ដៃ​ក្រោយ​រៀប​ការ​នៅ​ខេត្ត​ក្រចេះ​ទៀត។ បញ្ហា​នេះ នាង​ក៏​បដិសេធ​ដូច​គ្នា​ថា នាង​សុំ​ដក​ខ្លួន​ដោយ​ខ្លួន​ឯង ព្រោះ​មិន​មាន​ពេល​គ្រប់​គ្រាន់ ផ្សំ​នឹង​កិច្ចការ​នេះ លើស​ពី​សមត្ថភាព​នាង​ផង។

 

សុខ សោម៉ាវត្តី បាន​ចូល​រោងការ​ជាមួយ​លោក ទូច ដាណារ៉ា ហៅ ពេជ្រ កូន​ប្រុស​ឯកឧត្ដម ទូច ណារ៉ុថ កាល​ពី​ឆ្នាំ ២០១៣។ មក​ទល់​បច្ចុប្បន្ន មាន​កូន​ស្រី​មួយ​អាយុ​២​ឆ្នាំ​កន្លះ​ជា​ចំណង​ដៃ។ នាង​ថា មិន​ទាន់​គិតគូរ​យក​បុត្រ​បន្ថែម​ទៀត​ទេ មុន​ពេល​ការងារ​រយាល​ជាង​​ពេល​បច្ចុប្បន្ន៕

 

អត្ថបទ៖ ទារិកា

អត្ថបទពេញនិយម