​​​សហគ្រិន​អូស្ត្រាលី​សុខ​ចិត្ត​​​​​​ចោល​ប្រទេស​កំណើត​មក​​​​ចាប់​ផ្តើម​អាជីវកម្ម​​​​នៅ​កម្ពុជា

  • 2015-09-10 18:38:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សហគ្រិន​ជនជាតិ​​​​​អូស្ត្រាលី​​លោក​ David Wilkie ​​ដែល​ជា​ជយ​លាភី​កម្មវិធី​ Startup Weekend Cambodia ​ឆ្នាំ​ ២០១២ ​​​​​​​គឺ​ជា​មនុស្ស​​​ម្នាក់​ដែល​គេ​ស្គាល់​ច្រើន​តាម​រយៈ​ការ​បង្កើត​សេវាកម្ម​ស្វែង​រក​ដៃ​គូ​​​ Chibi ​និង​ ​សេវាកម្ម​ ​​Bongloy​ នៅ​កម្ពុជា។ ​ក្នុង​បទ​សម្ភាស​​ខាង​ក្រោម​ លោក​នឹង​និយាយ​ពី​មូលហេតុ​ដែល​លោក​សម្រេច​ចិត្ត​បោះបង់​​​​ទឹកដី​កំណើត​មក​រស់នៅ​កម្ពុជា ​និង​​បរិយាកាស​ជុំវិញ​​ការ​បង្កើត​​​​អាជីវកម្ម​ដំបូង​នៅ​ទី​នេះ។​​​​​​​

 

១ ​ជម្រាបសួរ! ​តើ​លោក​អាច​រៀបរាប់​ពី​ខ្លួន​ឯង​បន្តិច​បាន​ទេ?

 

David Wilkie៖ ​ខ្ញុំ​មាន​ដើម​កំណើត​នៅ​​អូស្ត្រាលី។ ​នៅ​ទី​នោះ​ខ្ញុំ​សិក្សា​ជំនាញ​វិទ្យាសាស្ត្រ​ និង​វិស្វកម្ម​កុំព្យូទ័រ​នៅ​សាកលវិទ្យាល័យ​ ​តែ​ខ្ញុំ​បាន​​ផ្លាស់​មក​​រស់នៅ​​កម្ពុជា​ជា​អចិន្ត្រៃយ៍​ក្នុង​ឆ្នាំ​ ២០១២។ ​ខ្ញុំ​ស្រលាញ់​កម្ពុជា ​​វប្បធម៌ ​និង​ប្រជាជន​កម្ពុជា ​ពិសេស​​នៅ​ទី​នេះ​គឺ​​មាន​ឱកាស​ដ៏​អស្ចារ្យ​ដែល​បើក​ចំហ​រង់ចាំ។

 

២ ​មូលហេតុ​អ្វី​ទើប​លោក​សម្រេច​ចិត្ត​បង្កើត​អាជីវកម្ម​​ដំបូង​​នៅ​ទី​នេះ?

 

David Wilkie៖ ​ពេល​ខ្ញុំ​មក​ដល់​ទី​នេះ​ដំបូង ​ខ្ញុំ​សម្រេច​ចិត្ត​រួច​ហើយ​ថា ​កម្ពុជា​ជា​កន្លែង​ដ៏​​ល្អ​​ដើម្បី​សាកល្បង​​អាជីវកម្ម​ដំបូង។ ​​​​ទីផ្សារ​គឺ​បើក​ចំហ​ ​ហើយ​ចំ​ពេល​ដែល​តម្រូវ​ការ​​ផ្នែក​ឌីជីថល​កំពុង​​មាន​ស្រាប់។ ​​ខ្ញុំ​ និង​ភរិយា​សម្រេច​បង្កើត​ Chibi ​​ដែល​ជា​សេវាកម្ម​​​ស្វែងរក​ដៃគូ​នៅ​លើ​ទូរសព្ទ​​ (ដោយ​មិន​ប្រើ​អ៊ីនធឺណិត) ​​ដើម្បី​​ជួយ​ឲ្យ​ប្រជាជន​កម្ពុជា​ជួប​មិត្ត​ថ្មីៗ។ ​​​​ឥលូវ​នេះ​ យើង​ឃើញ​​​ឱកាស​មួយ​ទៀត​​គឺ​សេវាកម្ម​ ​​​Bongloy ​ដែល​ជា​​វិធី​ទូទាត់​សាច់ប្រាក់​នៅ​លើ​អនឡាញ​​បង្កើត​ឡើង​សម្រាប់​ប្រទេស​​កម្ពុជា។

 
 

​​លោក​ David Wilkie និង​ភរិយា​អ្នក​នាង ​ឃាម ម៉ារ៉ា ​សហស្ថាបនិក​ Chibi ​និង​ Bongloy

 

​​​​​​​​​​៣ ​​​​សម្រាប់​លោក ​​តើ​មុន​នឹង​ចាប់​ផ្ដើម​​​អាជីវកម្ម​​​​​មួយ​ទាមទារ​ឲ្យ​​មាន​អ្វី​ខ្លះ?

 

David Wilkie៖ ក្រុម​ការងារ​​របស់​អ្នក​គឺ​សំខាន់​បំផុត។ ​​ត្រូវ​ឲ្យ​ប្រាកដ​ថា ​​អ្នក​មាន​​មនុស្ស​ត្រូវ​ ​​ហើយ​សមាជិក​គ្រប់​គ្នា​មាន​ចក្ខុវិស័យ​ដូច​អ្នក​ដែរ។ ​​​អ្នក​អាច​ចាប់​ផ្ដើម​តែ​ម្នាក់​ឯង​បាន​ ​តែ​វា​​នឹង​ជួប​ការ​​​លំបាក​​ច្រើន​​។ ​​បើ​អ្នក​មិន​ទាន់​មាន​ដៃគូ​នៅ​ឡើយ ​​គួរ​ចំណាយ​ពេល​ស្វែង​រក​នរណា​ដែល​មាន​ចក្ខុវិស័យ​ដូចគ្នា។

 

៤ ​​​​​​​តាម​រយៈ​ការ​​​​បង្កើត​សេវាកម្ម​ពី ​​​​Chibi ​​និង​ Bongloy ​​តើ​​​លោក​យល់​យ៉ាង​ណា​ចំពោះ​ការ​បង្កើត​អាជីវកម្ម​​ដំបូង​​នៅ​កម្ពុជា? ​​តើ​បញ្ហា​ប្រឈម​អ្វី​ដែល​ខ្លះ​​ដែល​លោក​បាន​ជួប​​ក្នុង​ការ​បង្កើត​ក្រុមហ៊ុន​នេះ​​​មុន​នឹង​ឈាន​​មក​ដល់​​ចំណុច​ដែល​លោក​ឈរ​​សព្វថ្ងៃ?

 

David Wilkie៖ ចំណុច​ដែល​ជា​​​​បញ្ហា​ប្រឈម​គឺ​ការ​ស្វែង​រក​ចំណូល​ឲ្យ​បាន​គ្រប់គ្រាន់​ដើម្បី​ធានា​និរន្តរភាព។ ​​​មិន​ដូច​ប្រទេស​ដទៃ​ដូចជា​សហរដ្ឋអាមេរិក​ជា​ដើម​នោះ​ ​នៅ​កម្ពុជា​ការ​ស្វែង​រក​ទុន ​​​និង​​ការ​គាំទ្រ​ផ្នែក​​ហិរញ្ញវត្ថុ​គឺ​ជា​ការ​លំបាក​សម្រាប់​អ្នក​ទើប​ចាប់​ផ្ដើម​អាជីវកម្ម​ដំបូង។ ​​ជា​យោបល់​ខ្ញុំ​ ​​​ ​​អ្នក​​គួរ​ចាប់​ផ្ដើម​​កាន់​តែ​តូច​កាន់​តែ​ល្អ។ ​ព្យាយាម​បង្កើត​ផលិតផល​​ដែល​មាន​ការ​​​ចំណាយ​អប្បបរមា​ (Minimum Viable Product) ​​​​​ឲ្យ​ដំណើរ​ការ​ ​នោះ​អ្នក​​​មិន​ចាំបាច់​ឈឺ​ក្បាល​​លើ​ការ​ចំណាយ ​និង​ថ្លៃ​ដើម​​ដ៏​ច្រើន​ផ្សេង​ទៀត។ ​​ពេល​អ្នក​​មាន​អតិថិជន​មួយ​ចំនួន​​​ហើយ ​អ្នក​​អាច​ពង្រីក​​​ និង​ចំណាយ​បន្ថែម​​ទៅ​តាម​ការ​រីកចម្រើន​របស់​ខ្លួន។

 

​​​​​​​​​៥ ​​ទៅ​​​​ថ្ងៃ​អនាគត​ ​​​តើ​លោក​​​​មាន​គម្រោង​ផ្សេង​ទៀត​ឬ​អត់?

 

David Wilkie៖ យើង​មើល​​​ឃើញ​ឱកាស​ក្នុង​ការ​ពង្រីក​ ​Chibi ​ទៅ​ដល់​ហ្វីលីពីន ​​ឬ​បើ​អាច​យើង​នឹង​សម្លឹង​ទីផ្សារ​ឥណ្ឌូណេស៊ី​ទៀត។ ​​​ក្រៅ​ពី​នេះ​ ខ្ញុំ​ចង់​ផ្ដោត​សំខាន់​​សេវាកម្ម​​​​ Bongloy ​​​​​បន្ថែម​ទៀត​ដើម្បី​ធានា​ថា ​វា​អាច​ដំណើរការ​​ជា​លក្ខណៈ​ទ្រង់ទ្រាយ​ធំ​នៅ​កម្ពុជា។

 

​​​​៦ ​តាំង​ពី​លោក​ចូល​មក​រស់នៅ​កម្ពុជា​​​​ដល់​ពេល​នេះ​ តើ​លោក​មើល​ឃើញ​ការ​ផ្លាស់ប្ដូរ​បែប​ណា​ទៅ​លើ​វិស័យ​បច្ចេកវិទ្យា​នៅ​កម្ពុជា?

 

David Wilkie៖ ​ឧស្សាហកម្ម​បច្ចេកវិទ្យា​កំពុង​ផ្លាស់ប្ដូរ​កាន់​តែ​ប្រសើរ​នៅ​កម្ពុជា។ ​​​ខ្ញុំ​ជួប​យុវជន​កម្ពុជា​ដែល​មាន​ទេពកោសល្យ​កាន់​ច្រើន​ឡើង។ ​​​តាំង​ពី​មក​រស់នៅ​ទីនេះ​ ខ្ញុំ​​កត់សម្គាល់​ឃើញ​ថា ​​​ក្រុម​យុវជន​​កាន់​តែ​តាម​​​ដាន​ទំនោរ ​និង​បច្ចេកវិទ្យា​ចុងក្រោយ​ច្រើន​ឡើង​ ​ពិសេស​គឺ​ផ្នែក​ព័ត៌មាន​វិទ្យា​តែ​ម្ដង។​ វា​ជា​​​​ទំនោរ​​ដ៏​ល្អ​សម្រាប់​អនាគត​ ​ហើយ​ខ្ញុំ​សង្ឃឹម​ថា ​ថ្ងៃ​មួយ​កម្ពុជា​​​​នឹង​ក្លាយ​ជា​មជ្ឈមណ្ឌល​បច្ចេកវិទ្យា​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍។

 

​៧ ​​​​​​​​​​​​​​​តើ​លោក​មាន​អ្វី​ចង់​ចែក​រំលែក​ដល់​យុវជន​កម្ពុជា​ដែល​ចង់​បង្កើត​អាជីវកម្ម​ដំបូង​​ដោយ​ខ្លួន​ឯង?

 

David Wilkie៖ ​បើ​អ្នក​ចង់​ធ្វើ ​ត្រូវ​ហ៊ាន​ធ្វើ។ ​​ប្រជាជន​កម្ពុជា​គឺ​មាន​​គំនិត​សហគ្រិន​ពី​ធម្មជាតិ​ស្រាប់ ​ដូច្នេះ​បើ​មាន​គំនិត​ ​កុំ​បាច់​​​ខ្វល់ខ្វាយ​ច្រើន។ ​​សាកល្បង​ធ្វើ​វា ​​យ៉ាង​ហោច​ណាស់​អ្នក​នឹង​រៀន​ក៏​ដូចជា​​​ទទួល​បាន​ពិសោធន៍​ល្អៗ​ពី​វា​មក​វិញ៕

 

អត្ថបទ៖ ​ប្រាក់ ចាន់សីហា​