អិន សុភិន លែង​ចង់​ឮ​ឈ្មោះ​ ដាលីស និង ប៉ែន ចំរុង ទៀត​ហើយ

  • 2015-09-10 21:21:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​ពី​កើត​មាន​បញ្ហា​ចាក់​ស្រែះ​​មិន​ចេះ​ចប់​មិន​ចេះ​ហើយ​លោក អ៊ិន សុភិន ប្រាប់​ថា​ លោក​លែង​ចង់​ឮ​ឈ្មោះ​ ភិន សុដាលីស និង​ ប៉ែន ចំរុង ទៀត​ហើយ​ ពួក​គេ​ទាំង​ពីរ​ចង់​ធ្វើ​អ្វី​លោក​មិន​ខ្វល់​ រឿង​រ៉ាវ​ទាំង​នេះ​ លោក​ប្រាប់​ថា​ មិន​ចង់​ធ្វើ​ការ​បក​ស្រាយ​ទៀត​ទេ​ សុំ​ទៅ​ធ្វើ​ការ​សម្ភាសន៍​សាក​សួរ​សាមី​ខ្លួន​គេ​ទាំង​ពីរ​ចុះ។ លោក អ៊ិន សុភិន ថ្លែង​ក្នុង​សន្និសីទ​កាសែត ​និង​ក្រុង​ពាលី​រឿង​ថ្មី​​ព្រឹក​មិញ​នេះ។

 

 

"ខ្ញុំ​លែង​ចង់​ឮ​ឈ្មោះ​ពួកគេ​ហើយ ​​ខ្ញុំ​បំភ្លេច​ចោល​ ខ្ញុំ​ទុក​សិទ្ធិ​ឲ្យ​ពួក​គាត់​​ ខ្ញុំ​មិន​ចង់ឲ្យ​មាន​​មតិ​មហាជន​មួយ​ចំនួន​គិត​ថា​ខ្ញុំ​គៀប​សង្កត់​កូន​ពេក​ទេ។ ​បន្ទាប់​ពី​ឡើង​តុលាការ​រួច​មក​ ដាលីស វិល​មក​​ផ្ទះ​ធម្មតាចេញ​ចូល​ទៅ​ធ្វើ​ការងារ​គេ ខ្ញុំ​មិន​បាន​សួរ​នាំ​អ្វី​នោះ​ទេ​​"។

 

​ចាង​ហ្វាង​ផលិត​កម្ម​មហា​ហង្ស​បាន​ប្រាប់​ថា​ បន្ទាប់​ពី​ឈប់​គិត​រឿង​កូន​ស្រី​មក លោក​មាន​អារម្មណ៍​ស្រស់​ស្រាយ​ជាង​មុន។ លោក​បន្តថា​ ​រឿង​រ៉ាវ​ចុង​ក្រោយ​ដែល​ ដាលីស និង​ ចំរុង​ ជ្រើស​រើស​យក​វិធី​ស្រលាញ់​គ្នា​​តាម​គំនិត​រៀងៗ​ខ្លួន​​ទុក​ឲ្យ​មហាជន​ជា​អ្នក​វាយ​តម្លៃ​ចុះ​។

 

"ចង់​ឥឡូវ​គាត់​ធ្វើ​អ្វី​ក៏​ធ្វើ​ទៅ​ ចាប់​តាំង​ពី​ថ្ងៃនេះ ​ខ្ញុំ​លែង​ពាក់​ព័ន្ធ​ជាមួយ​ពួក​គាត់​ ខ្ញុំ​សប្បាយ​ចិត្ត​ច្រើន​ជាង​មុន​ មិន​ដូច​ពីមុន។ ​ខ្ញុំ​មាន​ពេល​វេលា​គិត​រឿង​ការងារ​ដែល​ខ្ញុំ​ត្រូវ​បំពេញ​ ពី​មុន​ខ្ញុំ​មាន​តួ​នាទី​ជា​ឪពុក​ជួ​យ​​រៀប​ចំ​ជីវិត​របស់​កូន​ ប៉ុន្តែ​អ្វី​ទាំង​អស់​មិន​បាន​ដូច​ចិត្ត អីចឹង​​មាន​តែ​បណ្ដោយ​តាម​សិទ្ធិ​ពួក​គេ​ចុះ" ។ អិន សុភិន បន្ថែម។

 

 

យ៉ាង​ណា​ជាមួយ​គ្នា​នេះ ម្ចាស់​ផលិត​កម្ម​ខាង​លើ​ បាន​បក​ស្រាយ​បន្ថែម​ពី​ព័ត៌មាន​មួយ​ចំនួន​ថា​ រូប​លោក​ និង​គ្រួសារ​ខាង​ ប៉ែន ចំរុង គិត​គូរ​ថ្ងៃ​ខែ​រៀប​ការ​នោះ​មិន​មែន​ជា​ការ​ពិត​ទេ។ អ៊ិន សុភិន ថ្លែង​ថា ​លោក​មិន​បាន​ដឹង​ និង​និយាយ​ជាមួយ​គ្រួសារ​ ចំរុង ​លើ​បញ្ហា​នោះ​ទេ។

 

“ ដូច​ខ្ញុំ​បាន​និយាយ​ខាង​លើ​អីចឹង​ថា ខ្ញុំ​លែង​ខ្វល់​ និង​មិន​ចង់​ឮ​ឈ្មោះ​ពួក​គេ​ទេ ហើយ​រឿង​រៀបការ​ថ្ងៃ​ណា​ ខ្ញុំ​ក៏​មិន​បាន​ដឹង​ដែរ​ គ្រួសារ​ខាង​ ចំរុង គេ​គិត​អ្វី​ខ្ញុំ​ក៏​មិន​បាន​ទទួល​ដឹង​ឮ​អ្វី​មក​ដែរ"។ សុភិន បញ្ជាក់​។​​

 

​មក​ដល់​ពេល​នេះ​ រឿង​រ៉ាវ​​រវាង​ ប៉ែន ចំរុង និង ភិន សុដាលីស នៅ​តែ​មិន​ទាន់​អាច​សុំ​ការ​បក​ស្រាយ​ពី​សាមីខ្លួន​ទាំង​ពីរ​បាន​ទេ។ រាល់​លេខ​ទូរសព្ទ​របស់ អ្នក​ទាំង​ពីរ ត្រូវ​បាន​អ្នក​ដទៃ​លើក​ជំនួស​ និង​ជួន​កាល​ Call ​ចូល​ប៉ុន្តែ​គ្មាន​អ្នក​លើក៕

 

 

អត្ថបទ៖ ថា ម៉ាលីដា