បន្ទាប់​ពី​កក្រើក​នៅ​ខ្មែរ ឥឡូវ​ ONE FC នឹង​​កក្រើក​នៅ​សង្វៀន​​ម៉ាឡេស៊ី​ថ្ងៃ​ស្អែក​

  • 2014-10-17 00:02:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ONE FC បាន​ប្រកាស​ថា កីឡាករ​​​ទាំង​អស់​បាន​​​មក​ជួប​ជុំ​គ្នា​​ដើម្បី​ធ្វើ​ការ​ថ្លឹង​ទម្ងន់​រួច​រាល់​ហើយ​ សម្រាប់​ការ​ប្រកួត​នៅ​ល្ងាច​ថ្ងៃ​ស្អែក​នេះ នៅ​កីឡា​ដ្ឋាន​ Putra ទីក្រុង​កូឡាឡាំពួរ ប្រទេស​ម៉ាឡេស៊ី។

បន្ទាប់​​ពី​ធ្វើ​ឲ្យ​ក​ក្រើក​សង្វៀន​នៅ​​សាល​មហោស្រព​កោះ​ពេជ្រ​ កាល​​​​ពី​ខែ​កញ្ញា​ទៅ​ កម្មវិធី​ប្រដាល់​ទ្រុង​​​ដ៏​ល្បី​ប្រចាំ​ទ្វីប​អាស៊ី ONE FC នឹង​បន្ត​​ការ​​​ប្រកួត​ធ្វើ​ឲ្យ​​រញ្ជួយ​ដល់​ទី​ក្រុង​កូឡាឡាំពួរ​ នា​​ថ្ងៃ​ទី​១៧ ខែ​តុលា​ថ្ងៃ​ស្អែក​នេះ។

 

គូ​​ប្រកួត​សំខាន់​ប្រចាំ​ព្រឹត្តិការណ៍​កីឡា​វៃ​ដាក់​ទ្រុង​​​ពីរ​រូប​(main event stars)​​ដែល​​នឹង​ចូល​ខ្លួន​មក​អង្រួន​សង្វៀន​នៅ​ថ្ងៃ​ស្អែក​នេះ ​ក្នុង​ទម្ងន់​​​ក្រោម៦៦​គីឡូក្រាម គឺ​កីឡាករ​សញ្ជាតិ​អូស្ត្រាលី Rob Lisita ទម្ងន់៦៥,៧៧​គីឡូក្រាម ប៉ះ​ជើង​ខ្លាំង​រុស្ស៊ី​ Marat Gafurov ដែល​មាន​ទម្ងន់​​​ស្មើ​គ្នា​តែ​ម្ដង។

 

ថ្លែង​ប្រាប់​អ្នក​​យក​ព័ត៌មាន sabay កាល​ពី​ព្រឹក​មិញ​​នេះ កីឡាករ​មុខ​​អំណាច​មាឌ​មាំ​ Lisita​ថា ៖ «ខ្ញុំ​នឹង​បង្ហាញ​​សមត្ថភាព​ពិសេស​របស់​ខ្ញុំ ឲ្យ​អ្នក​ទាំង​អស់​គ្នា​បាន​ឃើញ។ គ្រប់​គ្នា​ធ្លាប់​ដឹង​ហើយ​ថា​ រូប​ខ្ញុំ​ ជា​កីឡា​ករ​ដែល​វ៉ៃ​គ្មាន​ប្រណី ហើយ​ខ្ញុំ​នឹង​ធ្វើ​ឲ្យ​កាន់​តែ​សាហាវ​​នៅ​ថ្ងៃ​ស្អែក​នេះ​។ ខ្ញុំ​ប្ដេជ្ញា​ហើយ​ថា​ ខ្ញុំ​នឹង​​យក​​តំណែង​​ជើង​​ឯក​​​ក្នុង​​កម្មវិធី ONE FC ឲ្យ​បាន»។

សម្រាប់​​កីឡាករ​ Marat Gafurov វិញ​បាន​លើក​ឡើង​នៅ​​ចំពោះ​មុខ​ដៃ​គូ​ប្រកួត​របស់​ខ្លួន​ដែរ​ថា ៖ «ខ្ញុំ​រីករាយ​មែន​ទែន​ ដែល​​​​បាន​ចូល​រួម​ប្រកួត​នៅ​​ក្នុង​កម្មវិធី ONE FC នេះ។ Rob គឺ​ជា​គូ​ប្រកួត​ដែល​ខ្ញុំ​ពិបាក​នឹង​ផ្ដួល ប៉ុន្តែ​​ខ្ញុំ​គិត​ថា នេះ​ជា​ការ​ផ្គូផ្គង​ដ៏​ស័ក្តិសម​បំផុត»។

 

កម្មវិធី​ប្រកួត​ដាក់​ទ្រុង​​ក៏​ធំ​ប្រចាំ​ទ្វីប​អាស៊ី​ ដែល​​ចាប់​ផ្ដើម​នៅ​ថ្ងៃ​ទី១៧ តុលា​ស្អែក​នេះ មាន​គូ​ប្រកួត​ទាំង​អស់​​ចំនួន៩គូ​ ក្នុង​នោះ​មាន​ស្រី​១គូ​ផង​ដែរ។ ចង់​ដឹង​ថា​ ការ​ប្រកួត​​​កីឡា​​ក្នុង​ទ្រុង​ដ៏​ធំ​ប្រចាំ​នៅ​ទ្វីប​អាស៊ី​មួយ​នេះ​យ៉ាង​ណា​ សូម​ធ្វើ​ការ​តាម​ដាន​បន្ត​នៅ​ថ្ងៃ​ស្អែក​នេះ​ ក្រុម​ការងារ sabay នឹង​ធ្វើ​ការ​រាយ​ការណ៍​ផ្ទាល់​​ពី​​ប្រទេស​​ម៉ាឡេស៊ី៕

 

 

អត្ថបទ៖ យិន សំបូរ

រូបភាព៖​ ONE FC​