ព្រាប សុវត្ថិ ចាប់ផ្ដើមជួយវិស័យអប់រំនៅកម្ពុជា
- 2015-09-17 21:10:09
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ព្រាប សុវត្ថិ ចាប់ផ្ដើមជួយវិស័យអប់រំនៅកម្ពុជា
ចន្លោះមិនឃើញ
តារាចម្រៀង ព្រាប សុវត្ថិ បានបោះមួយជំហានទៀត ដើម្បីជួយដល់វិស័យអប់រំនៅប្រទេសកម្ពុជាវិញម្ដង។ ជាកិច្ចចាប់ផ្ដើម លោកនឹងចូលរួមសម្ដែងច្រៀងដោយមិនយកកម្រៃ ក្នុងការប្រគំតន្ត្រីអបអរសាទរសិស្សទើបប្រលងជាប់បាក់ឌុប ធ្វើឡើងនៅសាកលវិទ្យាល័យ AUPP ស្អែកនេះ។ ខាងក្រោមជាការឆ្លងឆ្លើយរវាង Sabay ជាមួយកំពូលតារាចម្រៀង ព្រាប សុវត្ថិ ទាក់ទងទៅនឹងបញ្ហានេះ៖
Sabay៖ មានហេតុផលអ្វីខ្លះ នាំឱ្យលោកបោះជំហានជួយដល់វិស័យអប់រំនៅកម្ពុជា? ព្រាប សុវត្ថិ៖ បាទអរគុណ! ត្រង់ចំណុចនេះអ្វីដែលខ្ញុំគិតនោះគឺទី១, ក៏ជាការដល់ពេលវេលាផង ទី២, ក៏ជាការពេញចិត្តតាំងពីដើមផង និង ទី៣, ក៏ជាឱកាសដែលយើងអាចជួយបានផង។
Sabay៖ តើអ្វីដែលជាឱកាសលោកជួយទៅបាននោះបាទ? ព្រាប សុវត្ថិ៖ ចំពោះចំណុចនេះខ្ញុំគិតថា បើសិនជាឱកាសអាចជួយទៅបានហើយ គួរណាស់តែយើងឆ្លៀត តើយើងអាចធ្វើបានអ្វីខ្លះគ្រប់ជ្រុងជ្រោយ? ខ្ញុំឧទាហរណ៍ដូចជាសាលា AUPPហ្នឹងអញ្ចឹង គាត់មានសកម្មភាពល្អៗពាក់ព័ន្ធទៅនឹងការជួយសិស្សក្រីក្រ យើងក៏សហការគ្នាទៅ ខ្ញុំមានជំនាញចម្រៀងក្នុងការផ្សព្វផ្សាយ គាត់មានជំនាញបណ្ដុះបណ្ដាលអប់រំ ហើយយើងបូកចូលគ្នាទៅបានចេញជាលទ្ធផលហើយ។
Sabay៖តើលោកនឹងធ្វើអ្វីខ្លះ នៅក្នុងកិច្ចសហការគ្នានោះ? ព្រាប សុវត្ថិ៖ចំណុចទី១, ខ្ញុំជួយបណ្ដុះទឹកចិត្តរបស់សិស្សឱ្យខិតខំរៀន ទៅតាមអ្វីដែលអាចជួយបាន ក្នុងជំនាញរបស់ខ្ញុំ(ច្រៀង)។ មានការប្រគំតន្ត្រីនៅថ្ងៃស្អែកនេះ ធ្វើឡើងសម្រាប់អ្នកជាប់បាក់ឌុបទាំងអស់, ខ្ញុំជាអ្នកចាប់ឆ្នោតផ្សងសំណាង បើសិនប្អូនណាឈ្នះ គឺបានចូលរៀនដោយឥតបង់លុយរហូតចប់បរិញ្ញាបត្រអញ្ចឹងទៅ។ អញ្ចឹង! មិនត្រឹមតែសង្គមជួយទេ ស្ថាប័នផ្សេងៗក៏ជួយដែរ។
ទី២, ខ្ញុំទៅច្រៀងអត់មានគិតលុយកាក់ទេ ជាអារម្មណ៍ចង់ជួយតែម្ដង ជាពិសេសប្អូនៗចង់ជួបខ្ញុំ ក៏បានជួបដូចបំណង យើងអាចចែករំលែកគ្នាទៅវិញទៅមក។
Sabay៖ តើលោកមានគម្រោងសហការជាមួយសាកលវិទ្យាល័យផ្សេងទៀតទេ? ព្រាប សុវត្ថិ៖ ពិតជាមាន! ខ្ញុំគិតថា បើសិនជាខាងសាលាផ្សេងៗគាត់មានកម្មវិធីប្លែកៗ ជួយជំរុញទឹកចិត្តសិស្សក្រីក្របានច្រើនដល់ការរៀនសូត្រ ឬជួយក្មេងកំព្រា និងសិស្សជាប់និទ្ទេសល្អអីជាដើម នោះយើងអាចសិក្សា និងសហការគ្នាបាន។ នោះបើសិនជាមានពេលវេលាស្របគ្នា មានន័យថា គាត់រៀបចំកម្មវិធីបែបហ្នឹង ចំពេលខ្ញុំទំនេរដែរ។
Sabay៖ តើលោកមានអារម្មណ៍យ៉ាងណាដែរ ចំពោះជំហានដំបូងក្នុងវិស័យអប់រំ? ព្រាប សុវត្ថិ៖ ខ្ញុំសប្បាយចិត្ត ព្រោះជាការលើកតម្លៃមួយសម្រាប់សិស្សទាំងអស់ ដែលបានតស៊ូកន្លងមក នឹងទទួលបានលទ្ធផល។ ខ្ញុំយល់ថា នេះជាការបណ្ដុះទឹកចិត្តឱ្យប្អូនៗខំប្រឹងលើវិស័យអប់រំ ឬវិស័យណាមួយដែលពេញចិត្ត។ មិនមែនតែខ្ញុំទេ និយាយរួមគ្រួសាររបស់ប្អូនៗ និងសង្គមក៏លើកទឹកចិត្តដែរ។
Sabay៖ តើកន្លងមក លោកធ្លាប់បានចូលរួមចំណែកជួយក្នុងផ្នែកផ្សេងៗក្រៅពីការអប់រំទេ? ព្រាប សុវត្ថិ៖ បាទមាន! ចំពោះវិស័យផ្សេងៗ ខ្ញុំធ្លាប់បានជួយកុមារកំព្រាផ្សេងៗជាច្រើន ដែលគាត់ខ្វះខាត គ្មានទីពឹងមិនអាចធ្វើឱ្យជីវិតរុងរឿងបាន ខ្ញុំបានយកទៅដាក់តាមអង្គការនានា និងស្នើឱ្យអង្គការជួយជាដើម។ ខ្ញុំបានទៅយកក្មេងស្រីម្នាក់ពីកំពង់ឆ្នាំងដោយផ្ទាល់ មកឱ្យរៀនសូត្រ នាងរៀនពូកែណាស់។ ខ្ញុំក៏បានជួយតាមអង្គការផ្សេងៗជាច្រើនទៀតមានការខ្វះខាត និយាយរួមទៅ ឱ្យតែមានពេលវេលាអាចជួយទៅបាន គឺបានធ្វើជាបន្តបន្ទាប់រហូតមក។
Sabay៖ ទាក់ទងទៅនឹងការអប់រំ តើលោកមានអ្វីចុងក្រោយ?
ព្រាប សុវត្ថិ៖ ចាស់ៗនិយាយតៗគ្នាថា "ទំពាំងស្នងឫស្សី" ។ ដូច្នេះគ្រប់ស្ថាប័ន បើយើងអាចបានស្ថាប័នអប់រំគឺល្អមែនទែន ដែលវាផ្ដើមនៃសង្គមមានការរីកចម្រើន ការសិក្សាសំខាន់ក្នុងសង្គម។
ចំពោះសិស្សានុសិស្សត្រូវប្រឹងប្រែងរៀនសូត្រ ដើម្បីចំណេះដឹងខ្លួនឯង។ ព្រោះបើចំណាយពេលវេលាពី១ឆ្នាំទៅ១ឆ្នាំចោល វាក៏ខាតបង់ពេលវេលាឪពុកម្ដាយដែរ ជាពិសេសបាត់បង់ឱកាសដែលសង្គមត្រូវការយើង។ សូមអរគុណ៕
អត្ថបទ៖ សំ ជំនាញ