ប៉ុបពី សង្ឃឹមផ្ទុះឡើងវិញ ជាមួយ រឿង "ប៉ុបពីទៅហូលីវូដ"
- 2015-09-21 17:25:18
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប៉ុបពី សង្ឃឹមផ្ទុះឡើងវិញ ជាមួយ រឿង "ប៉ុបពីទៅហូលីវូដ"
ចន្លោះមិនឃើញ
តារាសម្ដែង ភេទទី៣ កញ្ញា ប៉ុបពី បានបង្ហាញក្ដីសង្ឃឹមថា ប្រជាប្រិយភាពរបស់នាងនឹងផ្ទុះឡើងវិញ ក្រោយពេលចេញមុខនៅក្នុងរឿង “ប៉ុបពីទៅហូលីវូដ ឬ Poppy Goes to Hollywood" ដែលចាប់ផ្ដើមថតនៅថ្ងៃនេះហើយ។
មូលហេតុដែលនាំឲ្យ ប៉ុបពី មានមោនភាពបែបនេះ ក៏ព្រោះតែនាងគិតថា ខ្សែភាពយន្តបានដាក់ចំណងជើងឈ្មោះនាងតែម្ដង ដែលធ្វើឲ្យទស្សនិកជនបានឮឈ្មោះភ្លាម បានគិតដល់នាងថាជាតួឯកតែម្ដង។ អ្វីដែលពិសេសជានេះទៅទៀត នាងគិតថា រឿង “ប៉ុបពីទៅហូលីវូដ" នេះផលិតដោយផលិតករដែលធ្លាប់មានបទពិសោធន៍ជោគជ័យកន្លងមក។
តារាដែលអះអាងថា ការកែភេទពីប្រុសមកស្រីទទួលបានជោគជ័យ ១០០% បានឲ្យដឹងថា រឿង “ប៉ុបពីទៅហូលីវូដ" នាងសម្ដែងជាតួភេទទី៣ ឈ្មោះសាសា ដែលមានតួនាទីជាអ្នករៀបចំការសម្ដែង Show ក្នុងក្លឹបរាត្រី និង ជាអ្នកលើកទឹកចិត្ត ដល់ក្រុមភេទទី៣ ជាច្រើនទៀតដែរធ្វើការជាមួយ។
តារាសម្ដែងនៅក្នុងរឿងមានដូចជា កញ្ញា ឌុច លីដា លោក អ៊ុន សិទ្ធា ប៉ុបពី ប៉ីប៉ីឌី នាយ សានម៉ៅ លោក ភីម៉ៃ និងតារាកិត្តិយស ជាច្រើននាក់ទៀត។ ប៉ុបពី ប៉ីប៉ីឌី នាយ សានម៉ៅ លោក ភីម៉ៃ ត្រូវសម្ដែងជាភេទទី ៣ ចំណែក ឌុច លីដា អ៊ុន សិទ្ធា គឺជា តួឯក។
ប៉ុបពី បានថ្លែងទៀតថា ប្លង់ដែលនាងថតនោះ មានយ៉ាងតិច ២៣ ថ្ងៃ ដែលទីតាំងត្រូវថតមាន រាជធានីភ្នំពេញ ខេត្ត កំពង់ឆ្នាំង និង ខេត្តព្រះវិហារជាដើម។ ទោះបីជាចំណងជើងមានពាក្យ “ហូលីវូដ” ក្ដី ប៉ុន្តែប្លង់នៃការថត មិនបានទៅថតដល់ ហូលីវូដ នោះទេ។ នាងបានពន្យល់ថា ពាក្យ” ហូលីវូដ” នេះគ្រាន់តែឈ្មោះ ក្លឹបកម្សាន្តមួយនៅក្នុងខេត្ត ព្រះវិហារ ប៉ុណ្ណោះ ។
រឿង “ប៉ុបពីទៅហូលីវូដ” គឺជា ខ្សែភាពយន្តខ្នាតធំ និយាយពីមនុស្សភេទទី ៣ មួយក្រុម ត្រូវបានសង្គម រើសអើង ដោយក្នុងរឿង ទាំងមូល មានឈុតឆាក បែបកំប្លែង លាយមនោសញ្ចេតនា ស្នេហា ជាដើម។ ចុងបញ្ចប់នៃរឿង ក្រុមមនុស្សភេទទី ៣ ទាំងនោះ ត្រូវបានសង្គមរាប់រកដូចមនុស្សទូទៅទៅវិញ ដោយសារតែភាពតស៊ូរបស់ពួកគេ។
រឿងមួយនេះ ចេញថតចាប់ពីថ្ងៃនេះតទៅ ក្នុងទឹកដីខេត្ត កំពង់ឆ្នាំង ហើយក្រោយពីថតចប់គ្រោងចាក់បញ្ចាំងនៅចុងឆ្នាំ ២០១៥។ ខ្សែភាពយន្តផលិតឡើងក្រោមការសហការគ្នា រវាងក្រុមហ៊ុន ៣ មាន ផលិតកម្ម 802AD ផលិតកម្ម Rock និង ក្រុមហ៊ុន Sabay MVP។
ប៉ុបពី បានស្ងាត់ពីសិល្បៈជិត ២ ឆ្នាំ មកហើយ បន្ទាប់ពីនាងត្រូវបានស្ថានីយទូរទស្សន៍អាស៊ីអាគ្នេយ៍ បញ្ចប់ក្រុងត្រា ក្នុងកម្មវិធី "ដើមភូមិចុងភូមិ”។ ក្រោយពីរឿង “ប៉ុបពីទៅហូលីវូដ” ចាក់បញ្ចាំង ប៉ុបពី រំពឹងយ៉ាងមុតមាំថា ទីផ្សារសិល្បៈរបស់នាង និងឡើងវិញ ជាក់ជាមិនខាន៕
អត្ថបទ៖ ខុត សីហា