បេក្ខភាព Cambodian Idol ម៉ៅ ហាជី៖ "ខ្ញុំ​មិនមែន​ជា​មនុស្ស​​​វាយឫក​ទេ"

  • 2015-09-22 16:54:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បេក្ខជន​លេចធ្លោ​ជាងគេ​ក្នុង​កម្មវិធី Cambodian Idol ម៉ៅ ហាជី ថា ​ទោះ​ជា​គេ​និយាយ​យ៉ាង​មិច​ក៏​ដោយ​ ក៏​លោក​មិន​ខឹង​ដែរ។ តែ​លោក​សូម​បដិសេធ​ថា​ខ្លួន​មិន​មែន​ជា​មនុស្ស​អួត​ក្អេងក្អាង​ច្រងេងច្រងាង​ដូច​គណនី Facebook យក​ទៅ Troll ទេ ហើយ​លោក​ស្អប់​មនុស្ស​វាយឫក​នេះ​ខ្លាំង​ណាស់។

 

ហាជី ប្រាប់​មក​កាន់ Sabay ថា៖ "ទោះ​បី​ជា​គាត់​យក​រូប​ខ្ញុំ​ទៅ Troll ចឹង​ក៏​ដោយ​ ក៏​ខ្ញុំ​មិន​បាន​អាក់អន់ស្រពន់ចិត្ត ឬ​ខឹង​នឹង​ពួកគាត់​អី​ដែរ តែ​រឹតតែ​មាន​កម្លាំង​ចិត្ត​លើស​ដើម ព្រោះ​មាន​អ្នក​គាំទ្រ និង​លើក​ទឹកចិត្ត​ដល់​ខ្ញុំ​កាន់តែ​ច្រើន។”

 

 

បេក្ខជន​ដែល​ធ្វើឲ្យ​លោក ណុប ប៉ាយ៉ារិទ្ធ ជា​គណៈកម្មការ​យក​សំបុត្រ​ទៅ​ជូន​ផ្ទាល់​ក្នុង​វគ្គ Judge audition រូប​នេះ​បាន​បន្ត​ទៀត​ថា ​មិន​ត្រឹមតែ​មិន​ខឹង​ស្អប់​នោះ​ទេ លោក​ថែម​ទាំង​គ្មាន​គំនិត​សង្ស័យ​ចំពោះ​នរណា​ម្នាក់​ទេ។ "ធម្មតា​ទេ​អូន យើង​ជា​បេក្ខជន​ចឹង​តែង​មាន​អ្នក​ស្អប់​អ្នក​ស្រលាញ់​ហើយ ហើយ​បង​ក៏​គ្មាន​គំនិត​ដាក់​ការ​សង្ស័យ​ថា​អ្នក​ណា​ជា​អ្នក​ធ្វើ​ទេ បើ​គេ​ចង់​ធ្វើ​អី​ធ្វើ​នឹង​ទៅ។ ម៉្យាង​វិញ​ទៀត​អ្នក​ដែល​ធ្វើ​បែប​នោះ​ប្រហែល​ជា​គណនី Facebook ក្លែងក្លាយ​ទេ។”

 

 

កំលោះ​សង្ហា​ដែល​មាន​ស្រុក​កំណើត​នៅ​ខេត្ត​បាត់ដំបង​ខាង​លើ​បាន​ថ្លែង​អរគុណ​ដល់​ទស្សនិកជន​ដែល​បាន​ជួយ​គាំទ្រ​រូប​លោក​រហូត​មក និង​បាន​បញ្ជាក់​ថា​លោក​មិន​មែន​ជា​មនុស្ស​វាយឫក​ទេ អ្នក​ធ្លាប់​ស្គាល់ ឬ​បាន​ជួប​នៅ​ខាង​ក្រៅ​ប្រាកដជា​ដឹង​ច្បាស់​ពី​អត្តចរិត​លោក​ហើយ។

 

“សូម​បង​ប្អូន​ជឿ​ចុះ​ខ្ញុំ​មិនមែន​ជា​មេ​អួត​ក្អេងក្អាង​ច្រងេងច្រងាង​ឡើយ ទោះ​ជាប់​ឬ​មិន​ជាប់ ហើយ​បើ​ទោះ​ជា​ថ្ងៃ​មុខ​ខ្ញុំ​មាន​មុខ​មាត់​ក៏​ខ្ញុំ​មិន​ផ្លាស់ប្ដូរ​អត្តចរិត​ពី​កំណើត​ដែរ ណា​មួយ​ខ្ញុំ​ស្អប់​មនុស្ស​វាយឫក​ខ្លាំង​ណាស់។”

 

កាលពី​ថ្ងៃ អាទិត្យ សប្ដាហ៍​មុន​មាន​គណនី Facebook មួយ​បាន​កាត់​ត និង ​រៀបរាប់​ពី​ឈ្មោះ​បេក្ខជន បី​នាក់ ដែល​ពីរ​នាក់ គឺ​គេ​គាំទ្រ និង បេក្ខជន​ម្នាក់​ទៀត​ដែល​ជា​រូប ម៉ៅ ហាជី បែរ​ជា​បន្តុះបង្អាប់​ទៅ​វិញ៕

 

អត្ថបទ៖ទ្រី រ៉ាវី រូបភាព៖ Facebook