យុន ស្រីកែវ ជាប់និទ្ទេស A តែគ្មានលទ្ធភាពរៀនជំនាញដែលនាងពេញចិត្ត

  • 2015-09-23 15:57:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

 

កាលពីពេលថ្មីៗនេះ មានទំព័រហ្វេសប៊ុកមួយ​បានបង្ហោះថា យុន ស្រីកែវ ជាសិស្សឆ្នើមជាប់​និទ្ទេស A មានបំណងចង់លក់ថែបប្លែត​ដែលជា​អំណោយ​របស់ សម្តេចហ៊ុន សែន យកទៅលក់​ដើម្បី​បន្ត​ការ​សិក្សា​របស់នាង។ ភ្នាក់ងារ Sabay ប្រចាំខេត្តកំពត​បានទាក់ទង​ទៅសាម៉ី​ខ្លួន ដើម្បី​ឲ្យនាង​បកស្រាយ​លើបញ្ហានេះ។

 

 

 

ឆ្លើយ​រាងស្ទាក់ស្ទើ​បន្តិច ស្រីកែវ បាន​ប្រាប់ថា នាង​ពិតជា​មានបំណង​លក់វាមែន តែនាងមិន​ទាន់​លក់វាទេ ព្រោះនាង​ ហាក់ដូចជា​មិនដាច់​ចិត្ត​សោះ ដោយសារតែ​វាជា​របស់​ដ៏មានតម្លៃមួយ​ដែល​ជាអំណោយ​របស់សម្តេច​បានផ្តល់​ដល់​នាង។ ស្រីកែវបន្តថា នាងនឹងមាន​ប្រាក់ខ្លះ​បើនាងលក់វា អាចឲ្យនាង​ដោះស្រាយ​ជីវភាព​បានមួយរយៈ​ដែរ​បើនាងទៅរៀន​នៅ​ភ្នំពេញ។ នាងបន្ថែមទៀតថា នាង​មានបំណង​មួយ គឺ​ចង់ក្លាយខ្លួន​គ្រូពេទ្យ​ដ៏ចំណានម្នាក់ ដើម្បី​ជួយព្យាបាល​ដល់​មនុស្សទូទៅ ជាពិសេស​អ្នកក្រីក្រ​ដូចជា​​ក្រុមគ្រួសារ​នាងផ្ទាល់ និង អ្នកភូមិ​ឯទៀត ។

 

ឪពុកស្រីកែវ លោកវៀច យាល បាន​សម្ដែង​​អារម្មណ៍​សប្បាយ​រីករាយ​នៅ​ពេល​​​ដែល​នាង​ប្រឡង​បាន​និទ្ទេស​ល្អ​​ និង ​មោទនភាព​ណាស់ គាត់​សោកស្តាយ​ដែល​គាត់​គ្មាន​ប្រាក់​ដើម្បី​ឲ្យ​កូនរៀន​ទៅ​តាម​បំណង​ប្រាថ្នា​របស់​នាង​បាន។

 

ស្រីកែវ រៀបរាប់ថា នាង​ប្រហែលជា​នឹង​បោះបង់​បំណង​ប្រាថ្នា​របស់​នាង​ហើយ​ទៅរៀន​ជំនាញ​មួយ​ផ្សេង​វិញ ព្រោះ​នាង​គ្មាន​លទ្ធភាព​ទៅ​បង់​សាលា​ ដែល​មាន​តម្លៃខ្ទង់​ពាន់ដុល្លារ​ក្នុង​មួយឆ្នាំ​នោះទេ។

 

មេភូមិ​ត្រពាំងបឹង លោក ជន ឌុយ មាន​ប្រសាសន៍ថា ស្រីកែវ គឺជា ក្មេងស្លូតបូត សុភាពរាបសារ និង​ជាអ្នក​ខិតខំ​សង្វាត​ក្នុង​ការសិក្សា ព្រមទាំង​ចេះ​ជួយធ្វើការ​ផ្ទះ​សម្បែង។ គ្រួសារ ​ស្រីកែវ គឺជា​គ្រួសារ​ក្រីក្រ ពួកគេ​គ្មាន​ទ្រព្យ​មាន​តម្លៃ​អ្វីទេ ក្រៅពី​ជម្រកផ្ទះ ដែល​អ្នក​មិនដឹង គឺ​គិតថា​គ្នា​គ្រាន់បើ។ ផ្ទះ​នេះ​គ្មាន​ម៉ូតូ​ជិះនឹងគេទេ មានតែ​កង់ពីរជា​យាន្តជំនិះ។ តាមមើល​ជាក់ស្តែង បំណង​ដែលនាងថា ចង់​ទៅ​រៀន​ពេទ្យនោះ​ប្រហែល​ជាមិន​អាចកើត​ឡើង​បានទេ ព្រោះរៀន​ពេទ្យ​ត្រូវការ​លុយ​បង់​សាលា​ច្រើន រយៈ​ពេល​សិក្សា​ក៏វែង តែបើ​មាន​គេ​ជួយ​ជា​អាហារ​រូបករណ៏​អាចរៀនបាន។

 

សូម​បញ្ជាក់ថា យុន​ ស្រីកែវ គឺជា សិស្សទី១ ដែលប្រឡង​ជាប់និទ្ទេសA នៅវិទ្យាល័យហ៊ុន​សែន​ឈូក។ ស្រីកែវ មានប្អូនស្រីម្នាក់​រៀន​ថ្នាក់ទី​២ ហើយបច្ចុប្បន្ននាង​មានទីលំនៅ​ភូមិត្រពាំង​បឹង ឃុំត្រមែង​ ស្រុកឈូក ខេត្តកំពត៕

 

 

 

មាន​អត្ថបទ​ថ្មី និង ប្លែកៗ​​ កើត​មាន​គ្រប់​ទីកន្លែង​ ប្រិយ​មិត្ត​ចង់រាយការណ៍ ឬ ចង់​ឲ្យ​ Sabay ​ចុះ​ផ្សាយ​ សូម​ទំនាក់ទំនងតាម៖

 

-ទូរសព្ទ៖ ​012 567 8 82 -អ៊ីមែល៖​ Chip.chet@cidc.com.kh -លេខ​ទូរសព្ទ៖ ​099 588 880 -អ៊ីមែល៖​ bin.bunna@cidc.com.kh​

 

ចង់​ដឹង​លក្ខខណ្ឌ​ដើម្បី​សរសេរ​ផ្ញើ​មក​កាន់ ​Sabay ​បាន​សូម​ចុច​ត្រង់​នេះ!

 

អត្ថបទ៖ ឡុច គីមសាយ