មុខងារ​​​ពិសេស​ៗ​មួយ​ចំនួន​ដែល​គេ​បាន​បំពាក់​លើ​រថយន្ត​ Prius ស៊េរី​ ២០១៦

  • 2015-09-23 23:18:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន​ Toyota ទើប​តែ​បាន​បង្ហាញ​ជា​ផ្លូវ​ការ​នូវ​វត្តមាន​របស់​រថយន្ត​ Prius ស៊េរី​ ២០១៦​ កាល​ពី​ពេល​​ថ្មីៗ​នេះ​ ដោយ​មាន​ការ​រចនា​រូប​រាង​ស្អាត​ប្លែក​ពី​ម៉ូដែល​មុន​ ហើយ​ក្នុង​នោះ​ក៏​មាន​បំពាក់​នូវ​បច្ចេកវិទ្យា​ពិសេសៗ​មួយ​ចំនួន​ផង​ដែរ។

 

ខាង​ក្រោម​​នេះ​គឺ​ជា​មុខងារ​ដែល​មាន​បំពាក់​លើ​រថយន្ត​ Toyota Prius ស៊េរី​ ២០១៦៖​

 

-មុខងារ​ Pre-Collision and Pedestrian Detection៖

 

​​​​​មុខងារ​នេះ​អាច​បញ្ចៀស​ការ​ប៉ះ​ទង្គិច​​គ្នា​ជា​មួយ​នឹង​រថយន្ត​​ ក៏​ដូច​ជា​អ្នក​ថ្មើរ​ជើង​ដែល​នៅ​ខាង​មុខ​ ខណៈ​ពេល​កំពុង​បើក​បរ​បាន។ កាមេរ៉ា​ដែល​បាន​បំពាក់​នៅ​ផ្នែក​ខាង​មុខ​រថយន្ត​នឹង​ធ្វើ​ការ​ត្រួត​ពិនិត្យ​ការ​ប៉ះ​ទង្គិច​ដែល​អាច​កើត​មាន​ឡើង​ ហើយ​វា​នឹង​ផ្ដល់​ដំណឹង​ដល់​អ្នក​បើកបរ​ដោយ​សំឡេង។ ហើយ​ប្រព័ន្ធ​ក៏​នឹង​ជួយ​បង្កើន​កម្លាំង​ប្រាំង​ដើម្បី​ទប់​ស្កាត់​ការ​ប៉ះ​ទង្គិច។

 

-មុខងារ​ Lane Departure Alert៖

 

មុខងារ​នេះ​អាច​ជួយ​ឲ្យ​ការ​បើក​បរ​រថយន្ត​ស្ថិត​នៅ​ចំ​គំនូស​ផ្លូវ​បាន​ត្រង់​ល្អ ប្រសិន​បើ​បើកបរ​ចេញ​ពី​គំនូស​ផ្លូវ​នោះ​ប្រព័ន្ធ​នឹង​ផ្ដល់​ជា​សញ្ញា​ដល់​អ្នក​បើក​បរ។

 

 

​​​-មុខងារ​ Automatic High Beam៖

 

មុខងារ​នេះ​នឹង​ធ្វើ​ការ​ផ្លាស់​ប្ដូរ​ប្រភេទ​ភ្លើង​ហ្វា​ឡាន​ដោយ​ស្វ័យ​ប្រវត្តិ នៅ​ពេល​បើក​បរ​ពេល​យប់​​វា​នឹង​ដំណើរ​ការ​ភ្លើង​ហ្វា​ដែល​ខ្ពស់​អាច​មើល​ឃើញ​ផ្លូវ​បាន​ច្បាស់​ល្អ។ ហើយ​ប្រសិន​បើ​​មាន​រថយន្ត​បើក​បរ​​នៅ​ខាង​មុខ​នោះ​ប្រព័ន្ធ​នឹង​ផ្លាស់​ប្ដូរ​ទៅ​ជា​ភ្លើង​ហ្វា​ទាប​វិញ​ ដើម្បី​កុំ​ឲ្យ​ចាំង​ភ្នែក​អ្នក​ដទៃ។

 

 

-មុខងារ​ Brake Assist៖

 

មុខងារ​នេះ​​នឹង​ចាប់​យក​ការ​ជាន់​ប្រាំង​​នៅ​ពេល​ជួប​ប្រទះ​គ្រោះ​ថ្នាក់​បាន​​ដោយ​​ផ្ដោត​ទៅ​លើ​ កម្លាំង​ដែល​ជាន់​ប្រាំង​ និង​ល្បឿន​​ដែល​អ្នក​បើក​បរ​ដាក់​ជើង​ជាន់​ប្រាំង​លឿន​ប៉ុណ្ណា។ នៅ​ពេល​ដែល​ប្រព័ន្ធ​ចាប់​បាន​ហើយ​ វា​នឹង​ជួយ​បង្កើន​កម្លាំង​ជាន់​ប្រាំង​ឲ្យ​ខ្លាំង​ជាង​មុន។

 

-មុខងារ​ Cruise Control៖

 

មុខងារ​នេះ​គឺ​ប្រើ​ប្រាស់​សម្រាប់​កំណត់​ល្បឿន​​ថេរ​មួយ​នៅ​ពេល​បើក​បរ។ ឧទាហរណ៍​ថា​អ្នក​បាន​កំណត់​ល្បឿន​៣០​គ.ម/ម៉ នោះ​រថយន្ត​នឹង​ធ្វើ​ការ​បើក​​ទៅ​មុខ​ដោយ​ខ្លួន​ឯង​ក្នុង​ល្បឿន​ដែល​បាន​កំណត់​ ហើយ​អ្នក​មិន​ចាប់​បាច់​យក​ជើង​ជាន់​ហ្គែរ​នោះ​ទេ។

 

-មុខងារ​ Engine Immobilizer៖

 

នេះ​ជា​មុខងារ​មួយ​ដែល​អាច​ការពារ​រថយន្ត​ពី​ការ​លួច​បាន។ នៅ​ពេល​ដែល​អ្នក​ចូល​ទៅ​ក្នុង​រថយន្ត​ដោយ​មាន​កាន់​សោ​រថយន្ត​ រួច​ចុច​ប៊ូតុង​ Power នោះ​ប្រព័ន្ធ​នឹង​ធ្វើ​ការ​​ពិនិត្យ​មើល​លេខ​កូដ​នៅ​លើ​សោ​ថា​តើ​ដូច​គ្នា​ទៅ​នឹង​លេខ​កូដ​របស់​រថយន្ត​ដែរ​ឬ​ទេ។ ប្រសិន​បើ​លេខ​កូដ​ស៊ី​គ្នា​នោះ​អ្នក​អាច​បញ្ឆេះ​ម៉ាស៊ីន​ឡាន​បាន។ មុខងារ​នេះ​នឹង​ដំណើរ​ការ​ដោយ​ខ្លួន​ឯង​នៅ​ពេល​ពន្លត់​ម៉ាស៊ីន​ឡាន​ និង​ទ្វារ​​របស់​តៃកុង​ឡាន​បើក​ចំហ។

 

-មុខងារ​ ​​​Tire Pressure Monitoring៖

 

វា​ជា​ប្រព័ន្ធ​អេឡិចត្រូនិក​មួយ​ដែល​អាច​ត្រួត​ពិនិត្យ​សម្ពាធ​ខ្យល់​​នៃ​កង់​រថយន្ត​បាន​ ហើយ​វា​នឹង​ផ្ដល់​សញ្ញា​ដល់​អ្នក​បើក​បរ​នៅ​ពេល​ដែល​កង់​រថយន្ត​ធូរ៕

 

ចុច​អាន៖ Toyota​ Prius​ ២០១៦​ ចេញ​ហើយ​ រាង​ប្លែក​ថ្មី​ ស៊ី​សាំង​​កាន់​តែ​តិច​ជាង​មុន

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង ប្រភព៖ DigitalTrends