ព្រាប សុវត្ថិ ថា​ចង់​ចាប់​ដៃគូ​ជាមួយ​អ្នកស្រី ហ៊ឹម ស៊ីវន ជា​ថ្មី!

  • 2015-09-28 16:37:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខុស​ពី​សប្ដាហ៍​មុន​ៗ ក្នុង​វគ្គ Live Show សប្ដាហ៍​ទី៤ របស់​កម្មវិធី Cambodian Idol យប់មិញ​នេះ​ មាន​ការ​អញ្ជើញ​ចូលរួម​ពីសំណាក់​តារា​ចម្រៀង​ស្រី​ជើង​ចាស់​ដែល​មាន​ទឹកដម​សំឡេង​ស្រទន់​អ្នកស្រី ហ៊ឹម ស៊ីវន ជា​តារា​កិត្តិយស។ វត្តមាន​តារា​ចម្រៀង​ជើង​ចាស់​រូប​នេះ ​មិន​ត្រឹមតែ​ជា​តារា​កិត្តិយស​ប៉ុណ្ណោះ​ទេ តែ​ថែមទាំង​ជា​គ្រូ​បង្វឹក​របស់​បេក្ខជន​ទាំង ៨ នាក់​ទៀត​ផង។ ​អ្វី​ដែល​កាន់តែ​រំភើប​ក្នុង​វេលា​នោះ​គឺ អ្នកស្រី បាន​​ច្រៀង​ឆ្លើយឆ្លង ជាមួយ​លោក ព្រាប សុវត្ថិ ហើយ​កំពូល​តារា​ច្រៀង ខាង​លើ​បាន​និយាយ​ថា​ចង់​ចាប់​ដៃគូ​ជាមួយ​អ្នកស្រី ហ៊ឹម ស៊ីវន ម្ដង​ទៀត។

 

 

កម្មវិធី​ទាំងមូល​ មាន​សំឡេង​ហ៊ោរកញ្ច្រៀវ​ពី​សំណាក់​ទស្សនិកជន​បន្ទាប់ពី​​​ពិធី​ករ​ទាំងពីរ​សួរ​​​ចំណាប់អារម្មណ៍​របស់​​លោក ព្រាប សុវត្ថិ ពី​វត្តមាន​របស់​អ្នកស្រី តែ​លោក​បែរជា​បង្ហើរ​សំនៀង​ចម្រៀង​មួយ​បទ "ផ្ដើម​ស្នេហ៍​ជា​ថ្មី” ដែលជា​ចម្រៀង​ចាស់​​អ្នក​ទាំងពីរ​តាំងពី​ជាង ១០ ឆ្នាំ​មុន​ម្ល៉េះ។

 

ជាពិសេស​ជាង​នេះ​ទៅ​ទៀត​ កំពូល​តារា​ចម្រៀង​ប្រុស​ប្រចាំ​ប្រទេស​កម្ពុជា​លោក ព្រាប សុវត្ថិ បាន​និយាយ​ថា"ពេលណា​មួយ ថ្ងៃ​ណា​មួយ​ខ្ញុំ​នឹង​រក​ពេលវេលា​ដើម្បី​ជួបជុំ​គ្នា នឹង​ឲ្យ​សំឡេង​ពួក​យើង​ទាំងពីរ​នាក់​ចែក​ជូន​ដល់​បងប្អូន​ទស្សនិកជន​ស្ដាប់​ម្ដង​ទៀត។”

 

 

ម្ចាស់​បទ "ខ្លុយ​ស្នេហ៍​ត្នោត​ទេរ" បាន​ឲ្យ​ដឹង​ទៀត​ថា​ ក្នុង​រាត្រី​នោះ​ លោក​ពិតជា​មាន​អារម្មណ៍​រំភើប សប្បាយ​រីករាយ ឡើង​ញ័រ​មាត់​អស់​ហើយ ព្រោះ​មិន​បាន​ជួប​គ្នា​ជា​យូរ​មក​ហើយ។ ចំណែក​ឯ​ខាង​អ្នកស្រី ហ៊ឹម ស៊ីវន វិញ​ក៏​បាន​ឲ្យ​ដឹង​ថា "បទ​នេះ​បេក្ខជន​ពួកគាត់​ច្រៀង​រួច​ហើយ ហើយ​ខ្ញុំ​ចង់​ច្រៀង​បទ បេះដូង​អើយ​បេះដូង​តាម​ផ្សង​រក​ម្ចាស់​ស្នេហា តែ​អូន វត្ថិ អត់​ចាំ (សើច​ទាំងអស់​គ្នា)។”

 

 

គួរ​បញ្ជាក់​ផង​ដែរ​ថា​ កំពូល​តារា​ចម្រៀង​ទាំងពីរ​គឺជា​អតីត​ដៃគូ​ចាស់ និង​ខកខាន​ច្រៀង​ចម្រៀង​រួម​គ្នា​ជាង ១០ ឆ្នាំ​មក​ហើយ៕

 

អីចឹង...តើ​ប្រិយមិត្ត​ចង់​ឃើញ​ពួក​គេ​​ចាប់​ដៃ​គ្នា​ម្ដង​ទៀត​ដែរ​ទេ?

 

អត្ថបទ៖ទ្រី រ៉ាវី

អត្ថបទថ្មី