ស្នេហា​​ជា​អ្វី?​

  • 2015-10-05 16:17:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អត្ថបទ​ខាង​ក្រោម​នេះ​ជា​ការ​ចែករំលែក​របស់​ប្រិយមិត្ត​ Sabay ​ម្នាក់​ជុំវិញ​អត្ថន័យ​នៃ​ពាក្យ​ថា ​«ស្នេហា»។​ ចង់​ដឹង​ស្នេហា​មាន​អត្ថន័យ​យ៉ាង​ណា ​សូម​អាន​ការ​បកស្រាយ​ខាងក្រោម។

 

មនុស្ស​ច្រើន​ណាស់​នៅ​តែ​មាន​ចម្ងល់​ចំពោះ​សំណួរ​មួយ​នេះ​ តែ​តាម​ពិត​ទៅ​ស្នេហា​គ្មាន​អត្ថន័យ​ពិត​ប្រាកដ​នោះ​ទេ​ គឺ​វា​មាន​ន័យ​ទៅ​តាម​មនុស្ស​ជា​អ្នក​អោយ​និយម​ន័យ​ដល់​​វា​ផ្សេង​ៗ​គ្នា។​ វា​ប្រៀប​បាន​ទៅ​​​នឹង​​​ទឹក​ដែល​គេ​សួរ​ថា​តើ​ទឹក​មាន​រាង​ដូចម្ដេច?​ វា​ពិត​ណាស់​វា​គឺ​គ្មាន​ចម្លើយ​ពិត​ប្រាកដ​នោះ​ទេ​ គឺ​វា​ប្រែប្រួល​ទៅ​តាម​របស់​ដែលផ្ទុក​វា​នោះ​ឯង។​ ចំពោះ​ស្នេហា​ក៏​ដូចគ្នា​ វា​ត្រូវ​បាន​អោយ​និយមន័យ​ផ្សេងៗ​គ្នា​ទៅ​តាម​អ្នក​ដែល​មាន​បទ​ពិសោធន៍​​​ចំពោះ​រឿង​នេះ​ ​អាស្រ័យ​​ទៅ​តាម​អ្នក​​​ឲ្យ​និយមន័យ​ថា​​​ពួកគាត់​ជា​​ ​មនុស្ស​សាមញ្ញ​ ឬ​អ្នក​ប្រាជ្ញ​បណ្ឌិត។​

 

 

បើ​តាម​អ្នក​ប្រាជ្ញ​បណ្ឌិត​បាន​អោយ​តម្រុយ​ថា​ ស្នេហា​គឺ​មាន​បី​ដំណាក់កាល​ទី​១​​ គឺ​ដំណាក់កាល​ស្វែង​យល់​ ទី២​ គឺ​ដំណាក់កាល​ធ្វើ​សកម្មភាព​ និង​ទី៣​ គឺ​ដំណាក់កាល​ទទួល​ខុស​ត្រូវ។

 

ទី១​ ដំណាក់កាល​ស្វែង​យល់​ គឺជា​ដំណាក់កាល​នៃ​ការ​ចាប់ផ្ដើម​ស្គាល់​គ្នា​ ស្វែង​យល់​ពី​គ្នា​ទាំង​រឿង​ខាងក្រៅ​ និង​​រឿង​ខាង​ក្នុង​របស់​ដៃគូ​ស្នេហា។​​​ ខាងក្រៅ​គឺ​សំដៅ​ដល់​រឿងរ៉ាវ​ដែល​កើតឡើង​នៅ​ខាង​ក្រៅ​ខ្លួន​របស់​គេ​ដូចជា​ ទំនាក់ទំនង ​ការ​សិក្សា​រៀនសូត្រ​ បងប្អូន​ ក្រុម​គ្រួសារ​ ការ​រៀបចំ​ខ្លួន​ ។ល។ ​ឯ​ខាង​ក្នុង​គឺ​សំដៅ​ដល់​អ្វីៗ​ដែល​កើត​ចេញ​ពី​ក្នុង​ខ្លួន​របស់​គេ​ ដូច​យើង​មិន​អាច​មើល​ឃើញ​នឹង​​​ភ្នែក​ទទេ​បាន​ ដូចជា​ការ​ស្រលាញ់​របស់​គេ​ចំពោះ​យើង​ មនោសញ្ចេតនា​របស់​គេ​ចំពោះ​យើង​​​​និង​​​អ្នក​ដទៃ ​ចំណោះដឹង ​។ល។  ​ចំពោះ​អ្នក​ខ្លះ​ គឺ​គេ​ធ្វើការ​ស្វែងយល់​ពី​ដៃគូ​របស់​គេ​ហើយ​អោយ​ឃើញ​ថា​ដៃគូ​របស់​គេ​មាន​លក្ខណៈ​គ្រប់គ្រាន់​អាច​ទទួល​យក​បាន​ហើយ​គឺ​មាន​ន័យ​ថា​ចំណុច​ដែល​រៀបរាប់​ខាងលើ​នេះ​វា​ល្អ​គ្រប់​សព្វ​​​ហើយ​ទើប​ពួកគេ​បន្ត​ទៅ​ជា​សកម្មភាព​អោយ​ដៃគូ​របស់​គេ​បាន​ឃើញ​អំពី​សេចក្ដី​ស្នេហា​របស់​គេ​ចំពោះ​អ្នក​ដែល​គេ​ស្រលាញ់​នោះ​។​​ តែ​សម្រាប់​អ្នក​ខ្លះ​វិញ​គឺ ​បើ​ទោះ​ជា​គេ​ធ្វើការ​ស្វែងយល់​ពី​អ្នក​ដែល​គេ​ស្រលាញ់​នោះ​ហើយ​ឃើញ​ថា ​ម្នាក់​នោះ​នៅ​មាន​ចំណុច​ខ្វះខាត​ តែ​អាច​​នឹង​​​​បំពេញ​បន្ថែម​បាន​ គឺ​ថា​ បើ​ទោះ​ជា​មាន​ចំណុច​ខ្វះខាត​ក៏​ដោយ​ក៏​គេ​នៅ​តែ​ស្រលាញ់​ហើយ​គេ​ក៏​បន្ត​ទៅ​ជា​សកម្មភាព​ ហើយ​សកម្មភាព​នោះ​ទៀតសោត​គឺ​សុទ្ធសឹងតែ​ជា​ការ​ផ្ដល់​អោយ​ដៃគូ​ស្នេហា​របស់​គេ​អោយ​មាន​ការ​រីក​ចម្រើន​ដើម្បី​បំពេញ​នូវ​ចន្លោះ​ប្រហោង​ដែល​គេ​បាន​ស្វែង​យល់​ទៅ​ឃើញ​ថា​ គួរ​តែ​កែតម្រូវ៊។​​​ មនុស្ស​ទាំង​២​ប្រភេទ​នេះ ​មនុស្ស​ប្រភេទ​ទី​មួយ​មាន​ច្រើន​ណាស់​ ឯ​ប្រភេទ​ទី​២ ​គឺ​មាន​តិច​ណាស់​នៅ​លើ​ភព​ផែនដី​យើង​នេះ ។​

 

ទី២ ​សកម្មភាព៖​ ការ​ផ្ដល់​អោយ​គឺជា​មូលដ្ឋានគ្រឹះ​ដែល​ធ្វើ​​ឲ្យ​​​ដៃគូ​ស្នេហា​មាន​សុភមង្គល​ជាមួយ​គ្នា​បាន​ បើ​សិន​ណា​ជា​ដៃគូ​ស្នេហា​ ពួកគេ​មាន​តែ​ពាក្យ​ថា​ទទួល​បាន​នៅ​ក្នុង​ចិត្ត​នោះ​គឺ​ពិត​ណាស់​ ស្នេហា​របស់​គេ​ហ្នឹង​មិន​បាន​ដល់​ត្រើយ​នៃ​សុភមង្គល​នោះ​ឡើយ​ពោល​គឺនឹង​​​​មាន​តែ​ភាព​ឈ្លោះ​ប្រកែក​គ្នា​ព្រោះ​តែ​ភាព​ចង់​បាន​រៀងៗ​ខ្លួន​នេះ​ឯង ។​​ សកម្មភាព​ត្រូវ​ចេញ​ពី​ចិត្ត​របស់​គេ​ជា​អ្នក​បញ្ជា​ មិនមែន​ធ្វើ​តែ​សំបក​​ក្រៅ​ហើយ​ក្នុង​ចិត្ត​ផ្សេង​នោះ​ឡើយ​កុំ​អោយ​មាន​ពាក្យ​ថា​រូបភាព​ក្បត់​ខ្លឹមសារ។ ​ចំពោះ​ដំណាក់កាល​នេះ​ការ​អោយ​តម្លៃ​គ្នា​ទៅ​វិញ​ទៅ​មក​របស់​ដៃគូ​ស្នេហា​គឺជា​រឿង​ល្អ​ប្រសើរ​ណាស់​ដើម្បី​អោយ​ពួកគេ​បញ្ចៀស​អោយ​បាន​នូវ​ការ​ខ្វែងគំនិត​គ្នា​ ឬ​ឈ្លោះ​ប្រកែក​គ្នា​ដែល​បណ្ដាល​មក​ពី​ការ​មើល​ស្រាល​គ្នា​ ពួកគេ​មិន​ត្រូវ​មាន​សោះឡើយ​នូវ​ភាព​មាន​ក្នុង​មាន​ក្រៅ​ មាន​ភាព​អាថ៌​កំបាំង​ជាមួយ​គ្នា។​ ភាព​អធ្យាស្រ័យ​គ្នា​ក៏​មាន​សារៈសំខាន់​ខ្លាំង​ណាស់​ដែរ​​​សម្រាប់​សេចក្ដី​ស្នេហា​នៅ​​​ដំណាក់កាល​នេះ ​ពួក​គេ​ចេះ​អត់​ឱន​អោយ​គ្នា​ចំពោះ​រឿង​ដែល​គួរ​អត់​ឱន​​​ ចេះ​ផ្ដល់​ឱកាស​អោយ​គ្នា​ដើម្បី​ធ្វើការ​កែតម្រូវ​នូវ​កំហុស​ឆ្គង​ដែល​អាច​កើត​មាន​ឡើង​ជាយថាហេតុ​ តែ​ការ​ផ្ដល់​ឱកាស​អោយ​គឺ​យើង​អាច​អោយ​បាន​តែ​រឿង​ដែល​គួរ​ផ្ដល់​ឱកាស​អោយ​តែ​ប៉ុណ្ណោះ ​ចំពោះ​រឿង​មួយ​ចំនួន​ដូចជា​ការ​ក្បត់​គ្នា​គឺថា​ វា​​​មិន​គួរ​លើកលែង​អោយ​នោះ​ទេ​ ព្រោះ​នេះ​ជា​កំហុស​ធ្ងន់ធ្ងរ​ខ្លាំង​ណាស់។ ​

 

ទី៣ ​ការ​ទទួល​ខុស​ត្រូវ៖​ គុណធម៌​ដ៏​ធំ​បំផុត​របស់​មនុស្ស​គឺ​ការ​ទទួលខុសត្រូវ​ នៅ​ក្នុង​ន័យ​នេះ​គឺ​មាន​ពីរ​ ខណៈ ​គឺ​ពាក្យ​ថា ​ខុស​ និង​ពាក្យ​ថា​ត្រូវ​ មាន​ន័យ​ថា​ដៃគូ​ស្នេហា​ទាំងពីរ​ពួកគេ​ត្រូវ​តែ​ទទួល​យក​នូវ​អ្វី​ដែល​កើត​ឡើង​ទាំង​​​ខុស​ទាំង​ត្រូវ​នៃ​ដំណើរ​ជីវិត​ស្នេហា​របស់​ពួកគេ។​​​ ជីវិត​របស់​ពួកគេ​បាន​ដើរ​នៅ​លើ​ផ្លូវ​ជាមួយ​គ្នា​វា​ត្រូវ​តែ​កើតមាន​រឿង​ច្រើន​ទាំង​ខុស​ ទាំង​ត្រូវ​ ទាំង​ល្អ​ ទាំង​អាក្រក់​ដូច្នេះ​ពួកគេ​ត្រូវ​តែ​ទទួលយក​វា​ព្រោះ​នេះ​ជា​លទ្ធផល​ដែល​កើត​ចេញ​ពី​ទំនាក់ទំនង​ស្នេហា​របស់​ពួកគេ។​​ ​ពេល​ដែល​​​​មាន​សុខ​គឺ​​​​​ត្រូវ​តែ​រួម​សុខ​ជាមួយ​​គ្នា​ និង​នៅ​ពេល​ដែល​​​មាន​ទុក្ខ​គឺ​​​រួម​ទុក្ខ​​ជាមួយគ្នា។​ ​​​នេះ​ហើយ​ជា​ដំណើរ​ពិត​នៃ​សេចក្ដី​ស្នេហា​ មិនមែន​រួម​តែ​សុខ​តែ​មិន​រួម​ទុក្ខ​នោះ​ឡើយ។​​​​​​ ដូច្នេះ​មិន​ថា​ដំណើរ​ជីវិត​ស្នេហា​របស់​ពួក​យើង​ក្លាយ​ទៅ​ជា​រីក​ចម្រើន ​ឬ​មិន​រីក​ចម្រើន​នោះ​ទេ​ គឺ​វា​សុទ្ធ​សឹង​តែ​ជា​សមទ្ធផល​ដែល​កើត​មាន​ឡើង​ដោយ​សារ​តែ​កណ្ដាប់ដៃ​របស់​ពួក​យើង​ទាំងពីរ ​អញ្ចឹង​ហើយ​យើង​ត្រូវ​ទទួល​យក​វា​ដោយ​រីករាយ​ មិន​ត្រូវ​មាន​ការ​ស្ដាយ​ក្រោយ​នោះ​ឡើយ។

 

សរុប​មក​វិញ ​ស្នេហា​ត្រូវ​ឆ្លងកាត់​បី​ដំណាក់កាល  គឺ​ស្វែង​យល់​ (ទាំងក្នុង​ ទាំងក្រៅ)   សកម្មភាព​ និង​ការ​ទទួលខុសត្រូវ​ បើ​យើង​បាន​ស្វែង​យល់​បី​ចំណុច​នេះ ​ហើយ​បី​ចំណុច​នេះ​យើង​ត្រូវ​ពិត​មើល​ក្នុង​សេចក្ដី​ស្នេហា​របស់​យើង​ហើយ​ល្អ​គ្រប់គ្រាន់​ហើយ​វា​ស្មើ​នឹង​មាន​ន័យ​ថា​ស្នេហា​របស់​ពួក​យើង​ជោគជ័យ​ហើយ ។

 

ប្រពន្ធ​ល្អ​ ជា​មិត្ត​ល្អ !!

 

យិន គឹមហ៊ាង

អត្ថបទថ្មី