ជីវិត​ពិត​នាយវីតាមីន​សេ ​ចូល​សិល្បៈ ​ព្រោះ​ក្រីក្រ​ពេក

  • 2014-10-17 23:04:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ភាពក្រីក្រ និង និស្ស័យ​ស្រឡាញ់​វិស័យ​សិល្បៈ​ គឺជា​ដើម​ហេតុ​នាំ​ឲ្យ​ នាយ​វីតាមីន​សេ​ ប្រឡូក​ចូល​ក្នុង​ពិភព​សិល្បៈ​ ហើយ​ជា​លទ្ធផល​​លោក​ទទួល​បាន​​កេរ្តិ៍​ឈ្មោះ​ ផ្នែក​សម្ដែង​ល្ខោន សម្ដែង និង ជា​តារា​កំប្លែង​​រហូត​មក​ទល់​នឹង​ពេល​បច្ចុប្បន្ន​នេះ។

 

នាយ វីតាមីនសេ ដែល​មាន​វ័យ ៦៦ ឆ្នាំ ធ្លាប់​បង្ហើប​ប្រាប់​ Sabay ថា "ខ្ញុំ​ចូល​សិល្បៈ​តាំង​ពី​អាយុ​ជាង​ ១០ ឆ្នាំ រហូត​មក​ដល់​ឥឡូវ​ជាង ៥០ ឆ្នាំ​ហើយ ខ្ញុំ​បាន​ប្រាក់​ពី​វា​ជួយ​ក្រុម​គ្រួសារ​ ប៉ុន្ដែ ខ្ញុំ​នៅ​តែ​ចង់​បាន​មុខ​របរ​ផ្សេង​ទៀត​ដើម្បី​ទុក​ឲ្យ​កូនៗ​​គ្រាន់​ជា​បំណិន​ជីវិត​​ទៅ​ថ្ងៃ​អនាគត"។

 

តើ​ជីវិត​តស៊ូ​របស់​នាយ​វីតាមីន​សេ ឆ្លង​កាត់​ ៣ ជំនាន់​ កន្លងមក​នេះ ជួប​ការ​លំបាក​អ្វីខ្លះ ទម្រាំ​បាន​កេរ្តិ៍​ឈ្មោះ​ល្បីល្បាញ​ក្នុង​ពិភព​ជា​អ្នក​កំប្លែង​ដល់​សព្វថ្ងៃ​? សូម​អាន​ជីវប្រវត្តិសង្ខេប​ ពី​ជីវិត​របស់​​នាយ​វីតាមីនសេ នៅ​ខាង​ក្រោម​នេះ៖

 

 សូមចុចអាន៖ កុំ​មើល​ស្រាល! រដ្ឋ​មន្ត្រី​​ម៉ាំ​ល្ហុង ម៉ៅ បូរ៉ា ​មហិច្ឆតា​​អនាគត​មិន​ធម្មតា

 

ឈ្មោះ

ថ្ងៃ​ខែ​ឆ្នាំ​កំណើត

ទីកន្លែង​កំណើត

ចំនួន​បង​ប្អូន

កម្ពស់/ទម្ងន់

ម៉ៅ សាមឿន

ហៅ វីតាមីន​សេ

១៣ ខែ មេសា ឆ្នាំ ១៩៤៨

ភូមិ កោងកាង ឃុំ កោងកាង ស្រុក ពញាក្រែក ខេត្ត កំពង់ចាម

ចំនួន៥នាក់

ប្រុស ៣ ស្រី ២

កម្ពស់១៦៧ស.

ទម្ងន់​ ៧៣ គ.

 

 

ស្ថានភាព​គ្រួសារ

 

លោក ម៉ៅ សាមឿន ​ហៅ​នាយ​វីតាមីន​សេ កើត​នៅ​ថ្ងៃ​ទី ១៣ ខែ មេសា ឆ្នាំ ១៩៤៨ ស្ថិត​ក្នុង​ភូមិ​កោងកាង ឃុំ កោងកាង ស្រុក ពញាក្រែក ខេត្ត កំពង់ចាម។ លោក​គឺ​ជា​កូន​ច្បង​ក្នុង​ចំណោម​បង​ប្អូន​៥នាក់​ប្រុស៣ ស្រី២។ បច្ចុប្បន្ន​ប្អូន​របស់​លោក​ស្លាប់​ចំនួន២ នាក់​ក្នុង​របប​ប៉ុលពត។ ឪពុក​របស់​លោក​ឈ្មោះ​ ទូច ម៉ៅ ជា​កសិករ ស្លាប់ ម្ដាយ​ឈ្មោះ ឃឹម យាន ជា​កសិករ ស្លាប់។

 

លោក​រៀបអាពាហ៍ពិពាហ៍​នៅ​ឆ្នាំ ១៩៧២ ជា​មួយ​ អ្នក​ស្រី លីវ ស៊ីថា បច្ចុប្បន្ន​ភរិយា​របស់​លោក​ គឺ​ជា​ ស្រ្តី​មេផ្ទះ ​មាន​អាយុ ៦៥ ​ឆ្នាំ ។ លោក​មាន​កូន​ចំនួន ៥ នាក់ប្រុស ២ ស្រី ៣។ ក្នុង​ចំណោម​កូន​ទាំង​ ៥ នាក់ ​របស់​លោក គឺ​លោក​បាន​បណ្ដុះបណ្ដាល​ឲ្យ​ក្លាយ​ជា​អ្នក​សិល្បៈ​បាន​ម្នាក់ គឺ អ្នក​ស្រី មឿន និមល ហៅ​ប៉េងប៉ោង។ បច្ចុប្បន្ន​លោក​បាន​រៀបចំ​ទុកដាក់​កូន​កូន​របស់​លោក​ឲ្យ​​មាន​គូស្រករ​បាន​ចំនួន២ នាក់ ហើយ​ទទួល​បាន​ចៅ​ចំនួន២ នាក់។

 

ផ្ទះ​របស់​លោក​បច្ចុប្បន្ន​ស្ថិត​នៅ ផ្ទះ​លេខ ១៨៨ C ផ្លូវ ៥៩៨ ភូមិ ទំនប់ សង្កាត់ ភ្នំពេញថ្មី ខណ្ឌ សែនសុខ រាជធានី​ភ្នំពេញ។

 

ប្រវត្តិ​ការសិក្សា

 

លោក ម៉ៅ សាមឿន​  ​បាន​និយាយ​​ថា នាយ​រៀន​មិន​បាន​ច្រើន​ទេ គឺ​រៀន​​បាន​ត្រឹម​ថ្នាក់​ទី ៨ កាល​ពី​សម័យ​ដើម ដែល​ស្មើ​នឹង​ថ្នាក់​ទី ៤ បច្ចុប្បន្ន។ សាលា​​ដែល​លោក​រៀន​មាន​​ឈ្មោះ​ថា "សាលារៀន​វត្ត​ព្រះ​សម្បូរ" លោក​រៀន​បាន​ចំនួន២ឆ្នាំ បន្ទាប់​មក​បាន​ផ្លាស់​មក​រៀន​នៅ "សាលារៀន​ជាន់ដំបូង" ស្ថិត​ក្នុង ​ភូមិ​កោងកាង ឃុំ កោងកាង ស្រុក ពញាក្រែក ខេត្ត កំពង់ចាម។

 

ប្រវត្តិ​តស៊ូ ​និង​ ដើមចម​ក្លាយ​ជា​អ្នក​សិល្បៈ

 

នៅ​អំឡុង​ឆ្នាំ ១៩៥៨ កុមារា សាមឿន បាន​កំព្រា​ឪពុក​តាំង​ពី​នៅ​​វ័យ​ ១០ ឆ្នាំ។ ឪពុក​របស់​ សាមឿន បាន​ស្លាប់​ដោយ​សារ​ជំងឺ។ បន្ទាប់​ពី​​ ឪពុក​ស្លាប់ទៅ ទ្រព្យសម្បត្តិ ដីធ្លី និង ផ្ទះ​របស់​​ក្រុម​គ្រួសារ​​ត្រូវ​បាន​ម្ចាស់​បំណុល​រឹប​អូស​យក​អស់។ ដោយ​សារ​តែ​ សាមឿន​ នៅ​វ័យ​ក្មេង​ពេក​​​ សាមឿន មិន​ចងចាំ​ថា តើ​ម្ចាស់​បំណុល​រឹប​អូសទ្រព្យ​សម្បត្តិ​ដោយ​សារ​រឿង​អ្វី​នោះ​ឡើយ។

 

ក្រោយ​ពី​​ម្ចាស់​បំណុល​រឹប​អូស​ទ្រព្យសម្បត្តិ ដីធ្លី និង​ ផ្ទះ​ទៅ​អស់ ម្ដាយ ​និង ​ប្អូនៗ​របស់​ ​សាមឿន បាន​ចាក​ចេញ​ពី​ស្រុក​​​កំណើត ទៅ​រស់​នៅ ក្នុង ឃុំ កំពង់ទ្រាស ស្រុក ក្រូចឆ្មារ ខេត្ត កំពង់ចាម ដែល​ជា​ស្រុក​កំណើត​​ម្ដាយ​របស់​​សាមឿន។

 

វ័យ​ជាង ១០ ឆ្នាំ សាមឿន​ បាន​​ស៊ីឈ្នួល​បម្រើ​តាម​​ផ្ទះ ​អ្នក​មាន​ទ្រព្យសម្បត្តិ​ស្ដុកស្ដម្ភ​មួយ ​ក្នុង​​ស្រុក ពញាក្រែក។ តម្លៃ​​ពលកម្ម ជា​អ្នក​បម្រើ របស់​សាមឿន ​ត្រូវ​​បាន​ថៅកែ ឲ្យ​គិត​ជា​ស្រូវ​៣០ថាំង​ក្នុង១ឆ្នាំ ។ ការងារ​ ដែល​​កុមារា រូប​នេះ​ធ្វើ ​​ដូច​ជា មើល​គោ​ក្របី ធ្វើ​ស្រែ​-ចម្ការ រែក​ទឹក ជា​ដើម។

 

ដោយ​ការងារ​ជា​ខ្ញុំបម្រើ​​របស់​គេ​ពិបាក​ពេក សាមឿន ធ្វើ​​បាន​​តែ៦ខែ​ប៉ុណ្ណោះ ក៏​សុំ​ឈប់​វិញ។ សាមឿន ​ត្រូវ​វិល​ទៅ​​រស់​នៅ​ជា​មួយ​ម្ដាយ ​និង ​ប្អូន​ៗ​ចំនួន៤​នាក់​ទៀត​នៅ​ ឃុំ កំពង់ទ្រាស ស្រុក ក្រូចឆ្មារ ខេត្ត កំពង់ចាម។ ត្បិតតែ​​នៅ​ក្មេង តែ​ក្នុង​នាម​ជា​កូនច្បង សាមឿន និង ម្ដាយ​ ត្រូវ​ស្វះស្វែង​រក​ប្រាក់​​ ក្នុង​នាម​ជា​អ្នក​រ៉ាប់រង​ចិញ្ចឹម​ប្អូនៗ។  សាមឿន ​ត្រូវ​ទូល​ពោត​ស្ងោរ នំអាកោ រែក​ទឹកត្នោត រាវ​ខ្ចៅ​ខ្ចង យក​ទៅ​លក់​ដើម្បី​ផ្គត់​ផ្គង់​គ្រួសារ។

 

វ័យ ១៣ ​ឆ្នាំ ដោយ​សារ​​តែ​គ្រួសារ​មាន​ជីវភាព​លំបាក​ពេក ហើយ​គួបផ្សំ​ កុមារា​ រូប​នេះ ​មាន​និស្ស័យ​ផ្នែក​សិល្បៈ​ផង សាមឿន ​បាន​សុំ​ម្ដាយ​របស់​ ចូល​លេង​ល្ខោន​បាសាក់ ក្នុង​វង់​ល្ខោន " តា​អូក្លូញ " ស្ថិត​ក្នុង​​​ស្រុក​របស់​​សាមឿន។

 

ជីវភាព​ជា​អ្នក​សិល្បៈ​ ម្ដាយ​របស់ សាមឿន មិន​ចង់​ឲ្យ​ប្រឡូក​ឡើយ ដោយ​ម្ដាយ​បាន​ហៅ​សាមឿន​ជារឿយៗ​ឲ្យ​ត្រឡប់​មក​ផ្ទះ​វិញ ប៉ុន្ដែ ដោយសារតែ​ សាមឿន មាន​និស្ស័យ​ខាង​សិល្បៈ​​ខ្លាំង​ពេក ទើប​អង្វរ​ម្ដាយ​សុំ​លេង​ល្ខោន​បាសាក់​នេះ ដោយ​សន្យា​​ចំពោះ​មុខ​ម្ដាយ​​ថា នៅ​ពេល​ដែល​​រកស៊ី​មាន​បាន​ទើប​លោក​ត្រឡប់​មក​ជួប​ម្ដាយ​វិញ ប៉ុន្ដែ ប្រសិន​បើ​រកស៊ី​មិន​មាន​បាន​ទេ សាមឿន​មិន​ត្រឡប់​មក​ជួប​ម្ដាយ​វិញ​ឡើយ។

 

"ម្ដាយ​ខ្ញុំ​បាន​ស្រក់​ទឹក​ភ្នែក នៅ​ពេល​គាត់​បាន​លាន់​ឮ​សម្ដី​ទាំង​នេះ ដោយ​អាណិត​​កូន​ ព្រោះ​ម្ដាយ​ខ្ញុំ​គិត​ថា ខ្ញុំ​នៅ​ក្មេង​ពេក ប៉ុន្ដែ ម្ដាយ​ខ្ញុំ​បាន​យល់​ព្រម"។ នេះ​ជា​ការ​លើក​ឡើង​របស់​ លោក សាមឿន ហៅ​ នាយ​ វីតាមីនសេ។

 

នៅក្នុង​វង់​ល្ខោន "តាអូក្លូញ" ដំបូង​ឡើយ​ សាមឿន ធ្វើ​ជា​អ្នក​វាយ​ស្គរ វាយ​ឈឹង​ ជាដើម។ ក្រោយ​មក​​ សាមឿន ក៏​បាន​ប្ដូរ​វង់​ល្ខោន "តាអូក្លូញ" មក​ចូល​លេង​ក្នុង​​វង់​ល្ខោន "​អ្នក​ទម្លាប់" ប៉ុន្ដែ នៅ​ក្នុង​វង់​នេះ​មិន​បាន​យូរ​ប៉ុន្មាន មួយ​ឆ្នាំ​ក្រោយ​មក​​ សាមឿន បាន​ផ្លាស់​មក​លេង​​ក្នុង​វង់​ល្ខោន "ថីឌុល" ក្នុង​ទឹក​ដី​ខេត្ត​បាត់ដំបង។​

 

នៅ​បាត់ដំបង​ សាមឿន មាន​​បងធម៌ ឈ្មោះ ប៉ែន សន ដែល​ជា​តួឯក​ល្ខោន​ក្នុង​វង្ស​ល្ខោន "ថីឌុល" នៅ​ក្នុង​វង់​នេះ បាន​ប្រហែល​ជា​មួយ​ឆ្នាំ សាមឿន ក៏​មាន​ឱកាស​ចូល​មក​លេង​ក្នុង​ វង់​ល្ខោន "បាក់​ស្រេង" នៅ​ឯ​ក្រុង​ភ្នំពេញ​ជា​មួយ​បង​ធម៌​ ​ឈ្មោះ ប៉ែន សន។ ត្រង់​នេះ សាមឿន ​បាន​បញ្ជាក់​​ថា កាល​ណោះ​ថៅកែ បាក់​ស្រេង និង ​អ្នក​ស្រី អ៊ុន វ៉ាង បាន​ទិញ​ លោក ប៉ែន សន ដែល​ត្រូវ​ជា​បង​ធម៌​​​មក​ចូល​ក្នុង វង់​ល្ខោន "បាក់​ស្រេង" ព្រោះ​​នៅ​សម័យ​នោះ​ លោក ប៉ែន សន​ គឺ​តួឯក​ល្ខោន​ដែល​ល្បី​នៅ​ក្នុង​ខេត្ត បាត់ដំបង។ ​

 

លោក​ សាមឿន ហៅ​ នាយវីតាមីនសេ បាន​រៀបរាប់​​ថា នៅ​ពេល​ដែល​លោក​បាន​ចូល​លេង​ក្នុង វង់​ល្ខោន បាក់​ស្រេង លោក​បាន​ចេះ​​ពី​របៀប​លេង​ល្ខោន​ច្រើន និង​ អាច​សម្ដែង​បាន​គ្រប់​តួ​ទាំង​អស់ ព្រោះ​នៅ​ក្នុង​វង់ល្ខោន​បាក់​ស្រេង​ជា​វង្ស​ល្ខោន​ដែល​ធំ​ជាង​គេ​នៅ​ក្នុង​ប្រទេស​កម្ពុជា​នា​សម័យ​នោះ។ បាក់​ស្រេង មាន​រហូត​ដល់​ទៅ​ ៣ វង់ ហើយ​​មាន​គ្រួ​​ជំនាញ​ខាង​ល្ខោន​បាសាក់​ជួយ​បង្ហាត់​លោក​ជា​​ច្រើន។ "ខ្ញុំ​​បាន​លេង​ក្នុង​វង់ល្ខោន​​បាក់​ស្រេង​បាន​ច្រើន​ឆ្នាំ​គួរសម"។

 

នៅ​ឆ្នាំ ១៩៦៩ លោក សាមឿន ហៅ​ នាយវីតាមីនសេ​ មាន​វ័យ ២១ ឆ្នាំ គឺ​ លោកបាន​​ឈប់​ពី​វង់ល្ខោន​បាក់​ស្រេង មក​ចូល​លេង​ក្នុង វង់ល្ខោន "ឃុនព្រះម្នាងយិន តាត " នៅ​ជិត​ផ្សា​ស៊ីឡឹប។ លោក​​ចូល​លេង​ក្នុង វង់ល្ខោន បាន​​រហូត​ដល់​​សម័យ ​លន់ នល់ ធ្វើ រដ្ឋប្រហារ ទម្លាក់​សម្តេចឪ គឺ​នៅ​ថ្ងៃ ១៨ មីនា ១៩៧០ ​ទើប​ឈប់។ បន្ទាប់​ពី​លោក​បាន​ឈប់​ពី វង់​ល្ខោន ឃុនព្រះម្នាងយិន តាត លោក​ក៏​មក​ចូល​លេង​ក្នុង​វង់ល្ខោន បាក់​ស្រេង ម្ដង​ទៀត ។

 

នាយ​ វីតាមីនសេ រៀប​អាពាហ៍ពិពាហ៍​

 

នៅ​ឆ្នាំ ១៩៧២ លោក​រៀបអាពាហ៍ពិពាហ៍​​ជា​មួយ​អ្នក​ស្រី លីវ ស៊ីថា ដែល​ជា​អ្នក​លក់ដូរ នំចំណី​នៅ មុខ​​វង់​​ល្ខោន។ ភរិយា​របស់​លោក​គឺ ​ជា​អ្នក​​រស់នៅ ក្នុងសង្កាត់ កាកាប ខណ្ឌ ដង្កោ រាជធានី​ភ្នំពេញ។ បន្ទាប់​មក​ទៀត លោក​បន្ត​លេង​ល្ខោន​ក្នុង​វង់ល្ខោន​បាក់​ស្រេង រហូត​ដល់​ឆ្នាំ ១៩៧៥ របប​ប៉ុលពត​តែ​ម្ដង។​​​​

 

ជីវិត​ក្នុង​របប ៣ ឆ្នាំ ៨ ខែ ២០ ថ្ងៃ​

 

១៧ មេសា ឆ្នាំ ១៩៧៥ ដែល​គ្រប់​ស្គាល់​ថា ជា​របប​កម្ពុជា​ប្រជាធិបតេយ្យ​ ឬ ហៅ​ថា របប​អាវ​ខ្មៅ ដែល​បាន​សម្លាប់​​ប្រជាជន​ខ្លួន​ឯង​អស់​ប្រមាណ​ជាជិត ២ លាន​នាក់ និង របប​​មួយ​នេះ បាន​ជម្លៀស​ប្រជាជន​ចេញ​ពី​ទីក្រុង​​គ្រប់ៗ​គ្នា នៅ​ក្នុង​នោះ​ក៏​មាន​គ្រួសារ​របស់​ លោក សាមឿន ហៅ​នាយ វីតាមីនសេ​ផងដែរ។

 

កាល​ណោះ​ខ្មែរក្រហម​បាន​​បង្ខំ​ឲ្យ​លោក​ និង ​ភរិយា​ ក៏​ដូច​ជា​ ប្រជា​ជន​ផ្សេង​ទៀត​​ឲ្យ​ធ្វើ​ការ​យ៉ាង​លំបាក​វេទនា​បំផុត។ លោក​ និង ភរិយា ត្រូវ​បាន​ខ្មែរក្រហម​បង្ខំ​ឲ្យ​ធ្វើ​ការ ដូច​ជា ​ជីក​ប្រឡាយ លើក​ទំនប់ ធ្វើ ស្រែ-ចម្ការ ជា​ដើម។ អ្វី​ដែល​លោក​មិន​អាច​បំភ្លេច​បាន​នោះ​គឺ ខ្មែរ​ក្រហម​បាន​​បង្ខំ​លោក​ក៏​ដូច​ជា​​ប្រជាជន​ផ្សេង​ទៀត​ ឲ្យ​ជីក​ អាង​ទឹក​កំពីងពួយ យ៉ាង​លំបាក​បំផុត។ ការ​រស់​នៅ​ហូប​​តែ​បបរ​មិន​ឆ្អែត ហើយ​​ធ្វើ​ការងារ​​លើស​កម្លាំង​លោក​មិន​អាច​បំភ្លេច​ទេ​មួយ​ជីវិត​របស់​លោក​នៅ​សម័យ​នោះ។ នៅ​ឆ្នាំ ១៩៧៧ ភរិយា​របស់​លោក បាន​បង្កើត​កូន​ស្រី​មួយ​ឈ្មោះ មឿន និមល ហៅ​ប៉េងប៉ោង ដែល​ជា​តារា​កំប្លែង​បច្ចុប្បន្ន។

 

 

ក្រោយ​ថ្ងៃ​រំដោះ ៧ មករា ឆ្នាំ ១៩៧៩

 

បន្ទាប់​ពី​​​ប្រទេស​ជាតិ​ត្រូវ​បាន​រំដោះ នា​ថ្ងៃ ៧ មករា ១៩៧៩ លោក ​និង​ ក្រុម​គ្រួសារ​មិន​បាន​ត្រឡប់​មក​ស្រុក​កំណើត​ឯ​ខេត្ត​កំពង់​ចាម​វិញ​ទេ គឺ​បន្ត​នៅ​ក្នុង​​ខេត្ត​បាត់​ដំបង​តែ​ម្ដង។

 

មូល​ហេតុ​ដែល​លោក​មិន​ចង់​វិល​មក​ស្រុក​កំណើត​ឯ​ខេត្ត​កំពង់​ចាម​វិញ ព្រោះ​លោក​គិត​ថា លោក​បាន​ស្គាល់​អ្នក​ស្រុក​នៅ​ទី​នោះ​ច្រើន ព្រោះ​កាល​ដែល​លោក​នៅ​លេង​ល្ខោន​ លោក​មាន​មិត្តភ័ក្ដិ​ច្រើន​ណាស់​​នៅ​ក្នុង​ខេត្ត បាត់ដំបង​នេះ ហើយ​ម្យ៉ាង​ទៀត លោក​​ចង់​បន្ដ​​អាជីពជា​​អ្នក​លេង​ល្ខោន​​។

 

លោក ​និង​ នាយ ព្រួញ មាស បាន​ប្រមែប្រមូល​សិល្បករ សិល្ប​ការិនី ​ដែល​សេស​សល់​ពី​ការ​កាប់​សម្លាប់​ក្នុង​របប​ខ្មៅ​ងងឹត បង្កើត​ជា​ក្រុម​ល្ខោន​មួយ​ ដែល​មាន​ឈ្មោះ​ថា " ក្រុម​សិល្បៈ​មហាជន " នៅ​ក្ដុលដូនទាវ ខេត្ត បាត់ដំបង។ ក្រុម​ល្ខោន​របស់​លោក​កាល​ពី​សម័យ​នោះ បាន​ដើរលេង​គ្រប់ច្រកល្ហក ក្នុង​ទឹកដី​ខេត្ត​បាត់ដំបង ដោយ​​ដូរ​យក​អង្ករ ព្រោះ​កាល​នោះ​គេ​មិន​ចាយ​លុយ​ទេ។

 

លោក​បាន​​ឲ្យ​​ដឹង​ថា កាល​ណោះ​តួឯក​ល្ខោន​តម្លៃ​ខ្លួន ​១ យប់​បាន ៣០ កំប៉ុង​អង្ករ ហើយ​តួ​រាយរង​បាន ១០ កំប៉ុង ។ ដោយ​សារ​តែ​ការ​ស្រលាញ់​សិល្បៈ​ក្រុម​របស់​លោក​បាន​លេង​​ក្នុង​ទឹកដី​ខេត្ត បាត់ដំបង រហូត មាន​ការ​ទទួល​ស្គាល់​ពី​មន្ទីរ​ឃោសនាការ​និង ព័ត៌មាន ខេត្ត បាត់ដំបង។

 

នៅ​ឆ្នាំ ១៩៨៩ ក្រុម​សិល្បៈ​មហាជន​របស់​លោក​ បាន​ចូល​រួម​ប្រឡងប្រជែង ក្នុង​កម្មវិធី​​មហោស្រព​សិល្បៈ​មហាជន​ទូទាំង​ប្រទេស នៅ​សាល​មហោស្រព​ទន្លេ បាសាក់។ កាល​នោះ​ក្រុម​របស់​លោក​បាន យក "រឿង លំពែង​ផ្ដាច់​ជីវិត" យក​មក​ប្រកួត ។ រឿង លំពែង​ផ្ដាច់​ជីវិត ដែល​ក្រុម​របស់​លោក​យក​មក​ចូល​រួម​ប្រកួត​នេះ គឺ​ជា​ការ​និពន្ធ ដោយ​រូប​លោក​ និង ​នាយ​ព្រួញ មាស ព្រម​ទាំង​មាន​ការ​ចូល​រួម​ខាង​មន្ទីរ​ឃោសនាការ​ និង ព័ត៌មាន ខេត្ត បាត់ដំបង ។ ជា​លទ្ធផល​ក្រុម​របស់​លោក​បាន ទទួល​បាន​​ពាន​រង្វាន់ លេខ ២ ខាង​សម្ដែង និង ពាន​រង្វាន់​លេខ១ ខាង និពន្ធ រឿង។ ដោយ​​មើល​ឃើញ​ពី​ស្នាដៃ​និពន្ធ​រឿង​របស់​លោក​មាន​ការ​រីកចម្រើន នាយ​ព្រួញ មាស បាន​ទាក់​ទង ផលិត​កម្ម​ នៅ​ឯ​ភ្នំពេញ​ដើម្បី​ឲ្យ​លោក​បាន​ចូល​ធ្វើ​ការ។

 

នៅ​ចុង​ឆ្នាំ ១៩៨៩ លោក​បាន​មក​​ភ្នំពេញ ដោយ​ធ្វើ​ការ​ជា​អ្នក​និពន្ធ​រឿង និង​ ជា​តារា​សម្ដែង​ឲ្យ​ផលិតកម្ម​មួយ នៅ​​​ក្រុង​ភ្នំពេញ។ លោក​មិន​បាន​ចាំ​ឈ្មោះ​ផលិត​កម្ម ដែល​លោក​បាន​ចូល​ធ្វើ​ការ​​នោះ​ទេ ប៉ុន្តែ​លោក​នៅ​ចាំ​ឈ្មោះ​ថៅកែ គឺ​​ឈ្មោះ យាយ រ៉ាន់ នៅ​ទួលគោក។

 

ក្រោយ​មក​លោក​ក៏​បាន​ស្គាល់​អ្នក​កំប្លែង​ជា​ច្រើន​ផ្សេង​ទៀត​ដូច​ជា នាយ ជ្រុញ, នាយ កុយ, នាយក្រឹម, សានម៉ៅ, នាយហើម, នាយ​ម្ទេសប្លោក និង ​តួ​ជា​ច្រើន​ទៀត រួច​ហើយ​ក៏​មាន​ឱកាស​ចូល​លេង​កំប្លែង​​ជា​មួយ​គ្នា​តែ​ម្ដង។

 

មក​ដល់​ត្រង់​​ចំណុច​នេះ​ លោក​បញ្ជាក់​ថា កាល​នៅ​លេង​ល្ខោន​ឯ ខេត្ត​បាត់ដំបង លោក​ត្រូវ​បាន លោក ប៉ែន សេង ហៅ នាយ ស៊ុយ ដែល​ជា​តារា​កំប្លែង​ដៃគូ តា ម៉ុងដូលីន លោក ឆោម ឆន ( ឪពុក​​អ្នក​ស្រី ឆោម ឆវិន លោក ឆោម ប៊ុនយ៉ុង ) និង ថៅកែ បាក់ ស្រេង បាន​ដាក់​ឈ្មោះ ឲ្យ​លោកថា វីតាមីន។ ប៉ុន្តែ ក្រោយ​មក​ នាយជ្រុញ, នាយកុយ, នាយក្រឹម, នាយសានម៉ៅ, នាយហើម, នាយ​ម្ទេស ប្លោក ជា​ដើម​បាន​បន្ថែម​ឈ្មោះ​​​ឲ្យ​លោក​មួយ​ទៀត​ថា" សេ" ទៅ​ជា​វីតាមីន​សេ ​តែ​ម្ដង។

 

មក​ភ្នំពេញ លោក​បាន​​មក​រស់​នៅ​ក្នុង​តំបន់​អាណាធិបតេយ្យ​ ជា​មួយ ​ក្រុម​សិល្បៈ​យោធា ក្នុង​សង្កាត់​ទឹក​ល្អក់២ ជិត​ផ្សារ​ទួលគោក ហើយ​ក្រោយ​មក​លោក​បាន​ចូល​បម្រើការ​​ជា​យោធា​ផ្នែក​សិល្បៈ របស់​កង​អង្គរក្ស​របស់​លោក​នាយករដ្ឋមន្ត្រី ។ បច្ចុប្បន្ន​លោក​គឺ​កង​អង្គរក្ស​របស់​លោក​នាយករដ្ឋមន្ត្រី ដែល​មាន​ឋានន្តរសក្ដិ​វរសេនីយ៍ឯក "សគ្គិ៥"។

 

ក្រោយ​មក​លោក​ក៏​បាន​ទិញ​ដី​មួយ​កន្លែង ស្ថិត​ក្នុង​ភូមិ ទំនប់ សង្កាត់ ភ្នំពេញថ្មី ខណ្ឌ សែនសុខ រាជធានី​ភ្នំពេញ ហើយ​ក៏​​​សង់​ផ្ទះ​បាន​ចំនួន២ ល្វែង កំពុង​​រស់​នៅ​បច្ចុប្បន្ន។

 

ទស្សនិកជន​ចាប់​ផ្ដើម​ស្គាល់​កាន់​តែ​ច្រើន

 

លោក​បាន​ប្រាប់​ថា ទស្សនិកជន​ចាប់​ផ្ដើម​ស្គាល់​លោក​កាន់​តែ​​ច្បាស់​នៅ​អំឡុង​​ឆ្នាំ​ ១៩៩២ គឺ​បន្ទាប់​ពី​លោក បាន​​សម្ដែង ក្នុង​កម្មវិធី កំប្លែង​របស់​ទូរទស្សន៍​ជាតិ ជា​មួយ​តារា​កំប្លែង​​ចាស់ ​ដូច​ជា នាយ​ ស៊ីត្រូ នាយ​សង់ស៊ីស នាយ​ម្ទេស​ប្លោក នាយជ្រុញ នាយ​ប៉ិកគក់ យាយ​ណាង យាយ​យ៉យ យាយ​អឿន នាយ​កុយ​ជាដើម។ បន្ទាប់​មក​ក៏​ចាប់​ផ្ដើម ថត​ខ្សែភាពយន្ត ខារ៉ាអូខេ និង រឿង​កំប្លែង​ជា​ច្រើន​សម្រាប់​លក់​ក្នុង​ស្រុក និង​ ក្រៅ​ស្រុក។

 

ក្រោយ​ពី​ទូរទស្សន៍​ឯកជន ​និង ​ផលិត​កម្ម​ក្នុង​ស្រុក​ចាប់​ផ្ដើម​បង្កើត​កាន់​តែ​ច្រើន លោក​ ក៏​ដូច​ជា​ តារា​កំប្លែង​ផ្សេងៗ​ទៀត​បាន​បែក​គ្នា​ជា​បណ្ដើរ ដោយ​ត្រូវ​បង្កើត​ក្រុម​កំប្លែង​តូចៗ​រៀងៗ​ខ្លួន ដើម្បី​តម្រូវ​ការ​ទី​ផ្សា​សិល្បៈ។ ក្នុង​នោះ លោក​បាន​បង្កើត​ក្រុម​កំប្លែង​ផ្ទាល់​ខ្លួន​មួយ​ដែល​មាន​ឈ្មោះ​ថា "ក្រុម​កំប្លែង​នាយ​វីតាមីន​សេ" ដែល​មាន​សមាជិក​ ដូច​ជា នាយ​ស៊ីត្រូ នាយ​​សង់​ស៊ីស យាយ​ណាង នាយ​សេត នាយ​ស្វិត នាយ​ឆើត នាយ​តឹង នាង​បុទុម និង នាង​ប៉េងប៉ោង ដែល​ជា​កូន​របស់​លោក​ជា​ដើម។

 

ចេញ​សម្ដែង នៅ​បរទេស និង ស្នាដៃ​ដែល​ទទួល​បាន

 

ចំពោះ ការ​ចេញ​សម្ដែង​នៅ​ក្រៅ​ប្រទេស លោក​ធ្លាប់​ចេញ​​ទៅ​សម្ដែង​ទៅ​បាន​ចំនួន ​២ ប្រទេស ក្នុង​នោះ​មាន​​ដូច​ជា​ នៅ​​សហរដ្ឋអាមេរិក​​មួយ​លើក កាល​ពី​ឆ្នាំ ១៩៩៤ គឺ​លោក​ទៅ​សម្ដែង​នៅ​ទី​នោះ​មួយ​ឆ្នាំ​ពេញ​តែ​ម្ដង។ ក្រោយ​មក លោក​បាន​ទៅ​សម្ដែង នៅ​ប្រទេស​បារាំង​ម្ដង​នៅ​ឆ្នាំ ២០០១ ។

 

ចំពោះ ប័ណ្ណសរសើរ មេដៃ ព្រមទាំង​គ្រឿងឥស្សរិយយស វិញ លោក​បាន​ប្រាប់​ថា លោក​ធ្លាប់​បាន​ទទួល​ច្រើន​គួរសម ប៉ុន្តែ ប័ណ្ណសរសើរ និង គ្រឿងឥស្សរិយយស មួយ​ចំនួន​ត្រូវ​បាន​បាត់បង់​អស់​ខ្លះ​បន្ទាប់​ពី​លោក ឧស្សាហ​រើផ្ទះ​ច្រើន​លើក​ពេក។ បច្ចុប្បន្ន​នៅ​សល់​តែ ២ ឬ ៣ ប៉ុណ្ណោះ ក្នុង​នោះ​មាន​ប័ណ្ណសរសើរ ចេញ​ដោយ​សម្ដេច​​​នាយករដ្ឋមន្ត្រី ចំនួន ២ លើក ​ផង​ដែរ។

 

ចូល​មន្ទីរ​សង្គ្រោះ​បន្ទាន់ ​និង​ ស្ថាន​ភាព​សុខភាព​បច្ចុប្បន្ន​

 

នៅ​អំឡុង​ឆ្នាំ ២០០៧-២០០៩ នាយ​វីតាមីនសេ ធ្លាប់​ចូល​មន្ទីរពេទ្យ​សង្គ្រោះ​បន្ទាន់​រហូត​ដល់​ទៅ ៤ លើក។ នាយ​ធ្លាប់​ទៅ​ព្យាបាល​​ជំងឺ​នៅ​​ប្រទេស​វៀតណាម ចំនួន ២ លើក។ នាយ​មាន​ជំងឺ ទឹក​នោម​ផ្អែម និង ជំងឺ​លើស​ឈាម។​

 

បច្ចុប្បន្ន​​​ នាយ​​មាន​សភាព​ធូរស្រាល​​ខ្លាំង​ហើយ ប៉ុន្តែ ​នាយ​​នៅ​តែ​លេបថ្នាំ​ជា​រៀង​រាល់​ថ្ងៃ ទៅ​តាម​​វេជ្ជបញ្ជា​របស់​គ្រូពេទ្យ​។ លោក​បាន​ប្រាប់​​ថា ក្នុង​មួយ​ថ្ងៃ លោក​ត្រូវ​ចំណាយ​ថ្លៃ​ថ្នាំ​ពេទ្យ​សម្រាប់​លេប​មិន​តិច​ជាង​២ម៉ឺនរៀល​ទេ។

 

បច្ចុប្បន្ន​ក្រៅ​តែ​ពី​ការងារ​សម្ដែង​នៅ​តាម​ទូរទស្សន៍ នា​ចុង​សប្ដាហ៍ នាយ វីតាមីនសេ ក៏​​មាន​ទទួល​សម្ដែង​នៅ​តាម​កម្មវិធី​ផ្សេងៗ ផង​ដែរ ប៉ុន្តែ​ មិន​សូវ​ជា​ច្រើន​ដូច​មុន​ ព្រោះ​សុខភាព​របស់​​នាយ​មិន​សូវ​អំណោយ​ផល។

 

គោល​បំណង​ទៅ​ថ្ងៃ​អនាគត

 

នាយ វីតាមីនសេ បាន​ឲ្យ​ដឹង​ថា តាំងតែ​ពីដើម​ទី​មក ក្រុម​គ្រួសារ​មិន​មាន​មុខ​របរ​អ្វី​ជា​ដុំកំភួន​​ក្រៅ​តែ​ពី​សិល្បៈ​នោះ​ទេ។ កាល​ពី​មុន​ នាយ​ធ្លាប់​បើក​​ហាង​លក់​ខោ​អាវ​មួយ​កន្លែង​ឲ្យ​កូន​ស្រី​​ម្ដង​ដែរ ប៉ុន្តែ​ ដំណើរ​ការ​មិន​ល្អ ក្រោយ​មក​​ក៏​បិទ​ទៅ​វិញ។ បច្ចុប្បន្ន​​ នាយវីតាមីនសេ ក៏​មាន​បំណង​ចង់​បើក ហាង​រកស៊ី​តូច​មួយ​ឲ្យ​កូន​​ម្ដង​ទៀត​ដែរ ប៉ុន្តែ​នៅ​ពេល​នេះ ​នាយ​នៅ​មិន​ទាន់​​មាន​​ដើមទុន​គ្រប់គ្រាន់​ ដើម្បី​ដំណើរ​។ ចំពោះ​ការងារ​សិល្បៈ​វិញ នាយ​និយាយ​ថា និង​ នៅ​​តែ​បន្ត​ដោយ​មិន​បោះបង់​នោះ​ទេ ប៉ុន្តែ មិន​សូវ​ជា​ហ៊ាន​​ទទួល​ច្រើន​ដូច​មុន​​ ព្រោះ​សុខភាព​​មិន​សូវ​ល្អ​នៅ​ឡើយ៕

 

អត្ថបទ៖ ខុត សីហា